Ford បញ្ចុះតម្លៃ​រថយន្ត F-150 Lightning ពេល «សង្គ្រាម​រថយន្ត​អគ្គិសនី» កំពុង​តានតឹង

កាលពី​ថ្ងៃទី 17 កក្កដា ក្រុមហ៊ុន Ford បាន​បញ្ចុះតម្លៃ​រថយន្ត​អគ្គិសនី F-150 Lightning (បញ្ចុះតម្លៃ 17% សម្រាប់​កំណែ​ស្ដង់ដា) ព្រោះតែ​ចង់​បង្កើន​ចំណែក​ទីផ្សារ​របស់ខ្លួន នៅក្នុង​ទីផ្សារ​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ Tesla។

Ford បាន​ដំឡើងថ្លៃ Lightning កាលពីដើម​ឆ្នាំនេះ ហើយ​ក្រោយមក ក្រុមហ៊ុន​នេះ​ក៏​ឱ្យដឹងថា ពួកគេ​អាច​បញ្ចុះតម្លៃ​បន្ទាប់ពី​ការកែលំអ​នានា​សម្រាប់​រថយន្ត​នេះ។ ក្នុង​ត្រីមាស​ទី​ពីរ ចំនួន​រថយន្ត​អគ្គិសនី Ford ដែល​បាន​លក់​ចេញ បាន​ថយចុះ 2.8%។

ការ​បញ្ចុះ​តម្លៃ​របស់​ Ford ​កើតឡើង​ក្នុង​គ្រា​ដែល​ការប្រកួត​ប្រ​ជែក​តម្លៃ​ដែល​បានចាប់ផ្ដើម​ដោយ Tesla កាលពី​ប៉ុន្មាន​ខែ​មុន ធ្វើឱ្យ​រថយន្ត​អគ្គិសនី​របស់​បណ្ដា​ក្រុមហ៊ុនចាស់ៗត្រូវ​គរ​លើ​គ្នា​នៅតាម​ទីតាំង​ចែកចាយ ដោយសារតែ​ល្បឿន​នៃ​ការលក់​ចេញ​បាន​ថមថយ។

បច្ចុប្បន្ន កំណែ Lightning Pro មានតម្លៃ​ចាប់ពី 49,995 ដុល្លារ​អាម៉េរិក ទាប​ជាង​បន្តិច​បើ​ធៀប​នឹង​តម្លៃ 59,974 ដុល្លារ​ដែល​បាន​លក់​មុន​នោះ។ ចំណែក​កំណែ Platinum លំដាប់​ប្រណិត​ជាង​នឹងមាន​តម្លៃ 91,995 ដុល្លារ។ ដោយឡែក ភាគហ៊ុន​របស់ Ford ក៏បាន​ធ្លាក់​ថ្លៃ​នៅសល់ 14.09 ដុល្លារ/ហ៊ុន នៅពេល​បញ្ចប់​ការ​ជួញដូរ​​​កាលពី​ម្សិលមិញ៕

Advertisement