ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ចិន Neta នាំចេញ 3,600 គ្រឿង​ទៅកាន់​ទីផ្សារ​ថៃ

រថយន្តអគ្គិសនី​ 3,600 គ្រឿង​ដែល​ត្រូវ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ថៃ

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន Neta Automobile កំពុង​នាំចេញ​រថយន្ត​អគ្គិសនី​រាប់ពាន់​គ្រឿង​ទៅកាន់​ទីផ្សារ​ថៃ នៅក្នុង​ការប្រឹងប្រែង​វាយលុក​តំបន់​អាស៊ីអាគ្នេយ៍។

នៅ​ថ្ងៃទី 21 មីនា រថយន្ត​អគ្គិសនី Neta V ចំនួន 3,600 គ្រឿង ត្រូវបាន​ដឹកជញ្ជូន​ពី​កំពង់ផែ Nansha របស់​ប្រទេស​ចិន ទៅកាន់​ប្រទេស​ថៃ។ នេះ​គឺជា​ទំនិញ​នាំចេញ​ធំ​បំផុត​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​ដែល​បាន​បង្កើតឡើង​នៅ​ប្រទេស​ចិន។

ក្រុមហ៊ុន Neta ឱ្យដឹងថា រថយន្ត Neta V ជាង 2,000 គ្រឿង​ត្រូវបាន​លក់​នៅ​ប្រទេស​ថៃ និង​ឈរ​លំដាប់​ទី​ពីរ​ក្នុងចំណោម​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដែល​បាន​ចុះឈ្មោះ​ផ្លាកលេខ​ក្នុង​ពីរ​ខែជាប់ៗគ្នា​នៅ​ប្រទេស​នេះ។

 

Neta បានបង្ហាញ​រថយន្ត​អគ្គិសនី Neta V ចង្កូត​ស្ដាំ​នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី 24 សីហា 2022 ហើយ​នេះ​គឺជា​ម៉ូ​ដែល​ដំបូង​របស់​ពួកគេ​ដែល​ត្រូវបាន​ដាក់លក់​ក្នុង​ទីផ្សារ​ឡាន​ចង្កូត​ស្ដាំ​មួយ​នេះ។

ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា ពួកគេ​មាន​ហាង​លក់​រថយន្ត​ដែល​ទទួលបាន​សិទ្ធិ​ចែកចាយ​ចំនួន 30 នៅ​ទូទាំងប្រទេស​ថៃ គិត​ត្រឹម​ចុងឆ្នាំ 2022។ រថយន្ត​អគ្គិសនី​របស់ Neta ពីរ​ម៉ូ​ដែល​គឺ Neta U និង Neta V មាន​វត្តមាន​ច្រើន​នៅ​អាស៊ីអាគ្នេយ៍ អាស៊ី​ខាងត្បូង និង​មជ្ឈិមបូព៌ា។ ក្រុមហ៊ុន Neta ក៏មាន​ការិយាល័យ​តំណាង​មួយ​នៅ​អឺរ៉ុប​ផងដែរ។

នេះ​គឺជា​ទំនិញ​នាំចេញ​ធំ​បំផុត​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​ដែល​បាន​បង្កើតឡើង​នៅ​ប្រទេស​ចិន

កាលពី​ថ្ងៃទី 10 មីនា Neta បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​មួយ​នៅ​ប្រទេស​ថៃ ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​សម្រាប់​ការនាំចេញ​ទៅកាន់​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍។ តាម​គម្រោង រោងចក្រ​នេះ​នឹង​ចាប់ផ្ដើម​ការផលិត​នៅ​ដើមឆ្នាំ 2024 ហើយ​គ្រោង​នឹង​ផលិត​បាន 20,000 គ្រឿង​ជា​រៀងរាល់ឆ្នាំ៕

Advertisement