ក្រុមហ៊ុន VW ចូលរួម «ធ្វើសង្គ្រាម​បញ្ចុះតម្លៃ» រថយន្ត​អគ្គិសនី​ជាមួយ Tesla

Volkswagen នឹង​យកតម្រាប់​តាម Tesla ក្នុងការ​បញ្ចុះតម្លៃ​នៅពេល​ការប្រកួតប្រជែង​ដណ្ដើម​តំណែង​លេខ​មួយ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​មាន​សភាព​កាន់តែ​ខ្លាំងក្លា ស្រប​ពេលដែល​បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក​កំពុង​ប្រជែង​គ្នា​នៅ​ទីផ្សារ​ចិន។

ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Volkswagen បានប្រកាស​កាលពី​សប្ដាហ៍​កន្លង​ថា កំណែ​ថ្មី​របស់​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​លំដាប់​កំពូល​របស់ខ្លួន​គឺ ID.3 នឹងត្រូវ​ដាក់លក់​ចាប់ពី​ចុងខែ​មីនា ក្នុងតម្លៃ​ក្រោម 42,600 ដុល្លារ​អាម៉េរិក។

តម្លៃ​ខាងលើនេះ​គឺ​ទាប​ជាង 3,200 ដុល្លារ បើ​ធៀប​នឹង​តម្លៃ​របស់ ID.3 នាពេល​បច្ចុប្បន្ន ហើយ​ស្មើនឹង​តម្លៃ​របស់​រថយន្ត​អគ្គិសនី Tesla Model Y។

ក្រុមអ្នកវិភាគ​យល់ថា នេះ​គឺជា​ឥរិយាបថ​ដែល​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ដោយផ្ទាល់​ទៅនឹង​ការបញ្ចុះ​តម្លៃ​របស់ Tesla ក្នុង​ប៉ុន្មាន​ខែ​កន្លងទៅនេះ។ Tesla បាន​បញ្ចុះតម្លៃ​រហូតដល់ 20% នៅ​អឺរ៉ុប និង​សហរដ្ឋ​អាម៉េរិក។

រថយន្ត​អគ្គិសនី Volkswagen ID.3

នៅ​ប្រទេស​អាល្លឺម៉ង់ ចំនួន​រថយន្ត​ដែល​បាន​លក់​ចេញ​របស់ Tesla ក្នុង​ខែមករា 2023 បាន​កើន​ជាង 900% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ​កន្លង ជួយ​ឱ្យ Tesla ក្លាយជា​ក្រុមហ៊ុន​ដែល​លក់​រថយន្ត​បាន​ច្រើនជាងគេ​នៅ​អាល្លឺម៉ង់​ក្នុង​ខែ​នោះ។

ក្រុមហ៊ុន Volkswagen លក់​រថយន្ត​អគ្គិសនី​បាន​ប្រមាណ 352,000 គ្រឿងក្នុង​ឆ្នាំ 2022 ប៉ុន្តែ ការលក់​បញ្ចុះតម្លៃ​រប​ស់ Tesla បាន​បង្ខំ​ឱ្យ VW ត្រូវធ្វើ​សកម្មភាព​ទប់ទល់។

Tesla មិនមែនជា​គូប្រជែង​ខ្លាំង​តែមួយគត់​របស់ Volkswagen នោះទេ។ ប្រទេស​ចិន​គឺជា​ទីផ្សារ​រថយន្ត​ធំជាងគេ​លើ​ពិភពលោក ហើយ​ការអភិវឌ្ឍ និង​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅទីនេះ​ក៏បាន​ហក់​ឡើងដល់​ចំណុច​ខ្ពស់​ថ្មី​មួយទៀត ធ្វើឱ្យ VW ត្រូវ «រត់តាម​ពីក្រោយ» ក្រុមហ៊ុន​ដទៃ។

រថយន្ត​អគ្គិសនី​ Tesla Model Y

រថយន្ត​ប្រហែល 40% ក្នុងចំណោម​រថយន្ត​សរុប​របស់ VW ត្រូវបាន​ទិញ​ដោយ​អតិថិជន​នៅ​ប្រទេស​ចិន ក្នុងនោះ​ភាគច្រើន​គឺជា​រថយន្ត​មាន​ម៉ាស៊ីន​ចំហេះ​ក្នុង។ តួលេខ​នេះ​កាន់កាប់​ចំណែក​ទីផ្សារ 16% នៅ​ប្រទេស​ចិន។

ក្នុងចំណោម​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ចិន VW កាន់កាប់​ចំណែក​ទីផ្សារ​ត្រឹមតែ 2.4% ប៉ុណ្ណោះ ខណៈដែល Tesla ក្ដោប​ក្ដាប់បាន 7.8% និង BYD កាន់កាប់ 16%។ ក្នុងចំណោម​រថយន្ត​អគ្គិសនី​ជាង 55 លាន​គ្រឿង​ដែល​ត្រូវបាន​លក់​នៅក្នុង​ប្រទេស​ចិន​កាលពី​ឆ្នាំទៅ VW មានតែ 155,700 គ្រឿង​ប៉ុណ្ណោះ។

រថយន្ត​អគ្គិសនី​ចិន BYD ATTO3

នៅ​ប្រទេស​ចិន បណ្ដា​ក្រុមហ៊ុន​រថយន្ត​ដទៃ​មានដូចជា Wuling, GAC និង Chery Automobile ជាដើម ក៏​កំពុង​លេចធ្លោ​ជាង VW។ ចំណែក​បណ្ដា​ក្រុមហ៊ុន​រថយន្ត​របស់​អា​ល្លឺ​ម៉​ង់ មានដូចជា BMW និង Mercedes-Benz ក៏​លក់​មិនបាន​ច្រើន បើ​ធៀប​នឹង​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ក្នុងស្រុក​របស់​ចិន ក្នុងនោះ​រថយន្ត​មួយ​ម៉ូដែលៗរបស់​ពួកគេ កាន់កាប់​ចំណែក​ទីផ្សារ​មិន​ដល់ 1%៕

Advertisement