ចិន​ប្រគល់​កប៉ាល់​ដឹក​កុងតឺន័រ​ធំ​ជាង​ទីលាន​បាល់ទាត់​បួន​ដង​ដល់​អតិថិជន

ប្រទេស​ចិន​កាលពី​ម្សិលមិញ​បានប្រគល់​កប៉ាល់​ដឹក​កុងតឺន័រ​ខ្នាត​យក្ស​ថ្មី​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​នៅ​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដែលមាន​ទីស្នាក់ការ​នៅ​ប្រទេស​ស្វ៊ី​ស។

កប៉ាល់​ដែល​អាច​ផ្ទុកទំនិញ​បាន 24,116 TEU នេះ ត្រូវបាន​ប្រគល់​នៅ​សៀង​ហៃ​កាលពី​ថ្ងៃទី 09 មីនា 2023។ កប៉ាល់​នេះ​មាន​ឈ្មោះថា Mediterranean Tessa និង​មាន​បណ្ដោយ 399.99 ម៉ែត្រ ខណៈ​ផ្ទៃក្រឡា​នៃ​ជាន់​របស់​វា ធំ​ជាង​បួន​ដង​ធៀប​នឹង​ទីលាន​បាល់ទាត់ ហើយ​អាច​ដឹកទំនិញ​បាន 240,000 តោន។

កប៉ាល់ Mediterranean Tessa ត្រូវបាន​ប្រគល់ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ (MSC) ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស។ Mediterranean Tessa គឺជា​កប៉ាល់​មួយ​ក្នុងចំណោម​កប៉ាល់​ដឹក​កុងតឺន័រ​ធំជាងគេ​លើ​ពិភពលោក។ កប៉ាល់​នេះ​នឹង​ដឹកជញ្ជូន​ទំនិញ​ទៅមក​រវាង​ទ្វីបអាស៊ី និង​អឺរ៉ុប។

ទំព័រ CGTN របស់​ចិន​ បាន​ផ្សាយ​ថា នេះ​គឺជា​កប៉ាល់ដឹក​កុងតឺន័រ​ធំជាង​គេ​លើពិភពលោក

កប៉ាល់ Mediterranean Tessa បំពាក់​បច្ចេកវិទ្យាទំនើបៗចុងក្រោយ។ វា​អាច​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​បាន​ពី​បី​ទៅ​បួន​ភាគរយ ដែល​ស្មើនឹង 6,000 តោន/ឆ្នាំ ហើយ​អាច​ដឹកទំនិញ​ច្រើន​ប្រភេទ៕

Advertisement