
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានប្រកាសបញ្ចុះតម្លៃសម្រាប់ម៉ូដែលរថយន្តអគ្គិសនីដែលលក់ដាច់បំផុតរបស់ខ្លួននៅក្នុងខែមីនា 2023។
ការបញ្ចុះតម្លៃរបស់ Tesla កាលពីដើមឆ្នាំនេះ ប្រាកដជាបានជះឥទ្ធិពលដល់ទីផ្សារនានាលើពិភពលោក ប៉ុន្តែ ចិនគឺជាទីផ្សារដែលរងផលប៉ះពាល់ខ្លាំងជាងគេ ព្រោះតែ Tesla កំពុងស្ថិតក្នុងការប្រកួតប្រជែងជាមួយ BYDដើម្បីដណ្ដើមតំណែងលេខមួយស្ដីពីម៉ាករថយន្តដែលលក់ដាច់ជាងគេ។
ក្រោយការលក់បញ្ចុះតម្លៃរបស់ Tesla នៅទីផ្សារចិន ការបញ្ជាទិញរថយន្ត BYD ក៏បានថយចុះខ្លាំង ហើយពេលនេះ ក្រុមហ៊ុនចិនមួយនេះត្រូវបង្ខំចិត្តលក់បញ្ចុះតម្លៃដើម្បីសងសឹក។ BYD បានបញ្ចេញកម្មវិធីបញ្ចុះតម្លៃសម្រាប់អតិថិជនដែលបញ្ជាទិញរថយន្តអគ្គិសនីប្រភេទសេដាន BYD Seal ឬ SUV Song Plus។

BYD បានប្រកាសពីការលក់បញ្ចុះតម្លៃនេះកាលពីម្សិលមិញនៅលើទំព័របណ្ដាញសង្គម Weibo។ ពួកគេនិយាយថា ចាប់ពីថ្ងៃទី 10 មីនារហូតដល់ចុងខែនេះ អតិថិជនអាចសន្សំសំច័យប្រាក់បាន 988 ដុល្លារអាម៉េរិក នៅពេលទិញរថយន្ត Song Plus ឬ 1,276 ដុល្លារ នៅពេលទិញរថយន្ត Seal ដោយតម្រូវឱ្យកក់ 12.64 ដុល្លារអាម៉េរិកនៅក្នុងអំឡុងពេលលក់បញ្ចុះតម្លៃខាងលើ៕
