Huawei នឹង​អាច​ត្រូវ​សហរដ្ឋ​អាម៉េរិក «ហាម​ចូល​ស្រុក» ទាំងស្រុង

អាជ្ញាធរ​អាម៉េរិក​ត្រូវបាន​គេ​ជឿថា កំពុង​ពិនិត្យ​លទ្ធភាព​រាំងខ្ទប់​ទាំងស្រុង​នៅលើ​ទឹកដី​នេះ​ចំពោះ​ក្រុមហ៊ុន​ចិន Huawei ជំនួស​ឱ្យ​ការហាមឃាត់​តែមួយ​ផ្នែក​ដូច​បច្ចុប្បន្ន។

យោងតាម Bloomberg មន្ត្រី​មួយចំនួន​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ និង​ក្រសួងពាណិជ្ជកម្ម​អាម៉េរិក បាន​គាំទ្រ​ចំពោះ​ការហាម​រាល់​វត្តមាន​របស់​ផលិតផល សេវាកម្ម​របស់ Huawei។ បញ្ហា​ថ្មី​នានា​កំពុង​ត្រូវបាន​លើកយក​មក​ពិភាក្សា​ក្នុងដំណាក់កាល​ដំបូង ហើយ​អាច​ត្រូវបាន​ប្រកាស​នៅក្នុង​ខែមេសា ឬ​ឧសភា​ខាងមុខ។

Huawei ត្រូវបាន​សហរដ្ឋ​អាម៉េរិក​ដាក់ចូល​ក្នុង​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ដែល​បង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ ចាប់តាំងពី​ឆ្នាំ 2019។ ប៉ុន្តែ ក្រុមហ៊ុន​ចិន​នេះ​នៅតែ​ត្រូវបាន​អនុញ្ញាតឱ្យ​ទិញ​គ្រឿងបន្លាស់ និង​បច្ចេកវិទ្យា​ពី​បណ្ដា​ក្រុមហ៊ុន​អាម៉េរិក បើសិន​ទទួលបាន​ការអនុញ្ញាត។

Huawei ធ្លាប់ជា​អ្នកទិញ និង​ផ្គត់ផ្គង់​គ្រឿងបន្លាស់​បច្ចេកវិទ្យា​ធំជាងគេ​មួយ​របស់​ពិភពលោក។ មកដល់ពេលនេះ ក្រុមហ៊ុន​អាម៉េរិក​មួយចំនួន​នៅតែ​បន្ត​ធ្វើជា​ដៃគូ​សហការ​របស់ Huawei មានដូចជា Intel និង AMD ជាដើម។

ការសម្រេចចិត្ត​ថ្មី​នាពេលខាងមុខ​របស់​អា​ជ្ញា​ធរ​អាម៉េរិក ត្រូវបាន​វាយតម្លៃថា នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ Huawei ប៉ុន្តែ​មិន​បង្ក​ការខាតបង់​ធំធេង​ដល់​បណ្ដា​ដៃគូ​នៅ​សហរដ្ឋ​អាម៉េរិក។

ក្រុមប្រឹក្សាសន្តិសុខ​ជាតិ និង​ក្រសួងពាណិជ្ជកម្ម​អាម៉េរិក មិនទាន់​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ដំណឹង​នេះ ខណៈដែល​តំណាង​របស់ Intel, Qualcomm និង AMD បាន​បដិសេធ​ការអធិប្បាយ។

សហរដ្ឋ​អាម៉េរិក កំពុង​បន្ត​រឹង​បន្តឹង​ការផ្គត់ផ្គង់​បច្ចេកវិទ្យា​របស់​អាម៉េរិក ទៅឱ្យ​ចិន។ កាលពី​សប្ដាហ៍​កន្លង អាម៉េរិក​បាន​បញ្ចុះបញ្ចូល​ហូ​ឡង់ និង​ជប៉ុន ឱ្យ​ចូលរួម​កាត់បន្ថយ​ការ​នាំចូល​គ្រឿង​ម៉ាស៊ីន​ផលិត​បន្ទះ​អេឡិចត្រូនិក (semiconductor) ទំនើប​ទៅកាន់​ប្រទេស​ចិន៕

Advertisement