រុស្ស៊ី អាច​លក់​ប្រេង​ឱ្យ​អតិថិជន ដែល​ទូទាត់​ដោយ​រូបិយវត្ថុ​ឌីជីថល Bitcoin

បំពង់បង្ហូរប្រេង នាំទៅកាន់រោងចក្ររបស់ក្រុមហ៊ុនអភិវឌ្ឍប្រេង Salym នៅ រុស្ស៊ី

អាជ្ញាធរ​រុស្ស៊ី កំពុង​ពិនិត្យ​លទ្ធភាព​លក់​ប្រេង និង​ឧស្ម័ន ដែល​ទូទាត់​ដោយ​ប្រាក់​ឌីជីថល Bitcoin នៅ​ចំពោះមុខ​សម្ពាធ​ពី​ការដាក់ទណ្ឌកម្ម​របស់​បស្ចិម​លោក។

CNBC បានឱ្យដឹងថា រុស្ស៊ី អាច​ទទួលយក​ការទូទាត់​ដោយ​រូបិយវត្ថុ​ឌីជីថល Bitcoin ចំពោះ​អតិថិជន​ដែល​បញ្ជា​ទិញ​ប្រេង និង​ឧស្ម័ន​ពី​រុស្ស៊ី ក្នុង​គ្រា​ដែល​បណ្ដា​ប្រទេស​លោកខាងលិច រឹតបន្តឹង​វិធានការ​ដាក់ទណ្ឌកម្ម ទាក់ទិន​នឹង​ការ​ឈ្លា​ន​របស់​ប្រទេស​នេះ នៅ អ៊ុយ​ក្រែ​ន។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី ២៤ មីនា ប្រធាន​គណៈកម្មការ​ថា​ម​ពល នៃ សភាជាតិ​រុស្ស៊ី Pavel Zavalny យល់ថា សម្រាប់​បណ្ដា​ប្រទេស «ជិតស្និទ្ធ» ដូចជា ចិន ឬ តួ​ក​គី ជាដើម រុស្ស៊ី នឹងមាន​ការបត់បែន​ជាង នៅក្នុង​ការជ្រើសរើស​វិធី​ទូទាត់។

លោក Pavel Zavalny បាន​ថ្លែងថា រូបិយវត្ថុ​ក្នុងស្រុក​របស់​ភាគី​អ្នកទិញ ក៏ដូចជា Bitcoin កំពុង​ត្រូវបាន​ពិចារណា​យកមក​ទូទាត់​ជំនួស សម្រាប់​ការនាំចេញ​ប្រេង​របស់ រុស្ស៊ី។

«តាំងពី​យូរ​មកហើយ ខ្ញុំ​បានស្នើ​ទៅកាន់ ចិន ស្ដីពី​ការងា​កមក​ធ្វើការ​ទូទាត់​ដោយ​ប្រើប្រាស់​រូបិយវត្ថុ​ក្នុងស្រុក គឺ​ប្រាក់​រូប​រុស្ស៊ី និង​ប្រាក់​យ៉ុ​ន​ចិន។ សម្រាប់ ប្រទេស​តួ​ក​គី វា​នឹង​ជា​ប្រា​ក់លី​រ៉ា​តួ​ក​គី និង​ប្រាក់​រូប​រុស្ស៊ី» លោក Zavalny បញ្ជាក់។ ក៏ប៉ុន្តែ រុស្ស៊ី នឹងមិន​ឈប់​ត្រឹមនេះ​ទេ «អ្នក​ក៏​អាច​ជួញដូរ​ដោយ​ប្រើ​ប្រាក់ Bitcoin» ផងដែរ។

ការ​ថ្លែង​របស់លោក Zavalny ត្រូវ​បានលើកឡើង​បន្ទាប់ពី​ប្រធានាធិបតី ពូ​ទីន កាលពី​ថ្ងៃទី ២៤ មីនា បានប្រកាស​តម្រូវឱ្យ​បណ្ដា​ប្រទេស​ដែល «មិន​ជិតស្និទ្ធ» ទូទាត់​ដោយ​ប្រើប្រាស់​រូបិយវត្ថុ រូប​រុស្ស៊ី នៅពេល​ទិញ​ឧស្ម័ន​ពី​ប្រទេស​នេះ៕

Advertisement