នៅពេលទើបតែបានបង្កើតយីហោកាបូបដៃប្រណិត Anima Iris កាលពី ២ ឆ្នាំមុន នាង Wilglory Tanjong គិតថា គ្រាន់តែដើម្បីជាការសប្បាយប៉ុណ្ណោះ។
នាង Wilglory Tanjong វ័យ ២៥ ឆ្នាំ កំពុងសិក្សាថ្នាក់អនុបណ្ឌិត បានបង្កើតយីហោកាបូបដៃប្រណិត Anima Iris កាលពី ២ ឆ្នាំមុន។ កាលណោះ នាងចាត់ទុកថា Anima Iris គ្រាន់តែការសប្បាយរបស់នាងប៉ុណ្ណោះ ប៉ុន្តែ ពេលនេះ យីហោរបស់នាងបង្ហាញខ្លួននៅស្ទើរគ្រប់កន្លែង ទាំងនៅលើបណ្ដាញសង្គម ទាំងនៅក្នុងហាងលក់រាយធំៗដូចជា Nordstrom និង Revolve ឬនៅក្នុងខ្សែភាពយន្ត Insecure របស់ HBO លើកញ្ចក់ទូរទស្សន៍។ល។
នាង Wilglory Tanjong គឺជាអ្នករចនារូបរាងកាបូបសម្រាប់យីហោផ្ទាល់ខ្លួននេះ មុនពេលពួកវាត្រូវបានកាត់ដេរដោយដៃនៅឯ រដ្ឋធានី ដាកា (Dakar) នៃប្រទេស សេណេហ្គាល់។
«ខ្ញុំគឺជាមនុស្សដែលចេះស្លៀកពាក់តាមបែបម៉ូដែលទាន់សម័យ។ គ្រប់គ្នាតែងសួរខ្ញុំថា ទិញរបស់នេះ របស់នោះពីកន្លែងណា។ ហើយខ្ញុំក៏បានដឹងថា ជួនកាលគ្រប់គ្នាអាចទិញរបស់របរពីខ្ញុំ» នាង Wilglory Tanjong បានប្រាប់ CNBC Make It ដូច្នេះ។
ចាប់តាំងពីបានបង្ហាញវត្តមានដំបូងកាលពីខែកុម្ភៈ ២០២០ Anima Iris រកបានចំណូលប្រមាណ ៧០០,០០០ ដុល្លារអាម៉េរិក ក្នុងនោះ ឆ្នាំ ២០២១ យីហោនេះរកបានជាង ៦០០,០០០ ដុល្លារ។ ថ្មីៗនេះ Anima Iris រកបានចំណូលប្រហែល ១០០,០០០ ដុល្លារ ក្នុង ១ ខែ។
កត្តាជំរុញឱ្យ នាង Wilglory Tanjong ចាប់ផ្ដើមការងារប្រកបដោយការប្រឹងប្រែង
នាង Wilglory Tanjong បានដឹងថា ឪពុកម្ដាយរបស់នាង ថ្ងៃណាក៏ត្រូវធ្វើការយ៉ាងមមាញឹក។ ក្រោយពីបានរើពី ប្រទេសកាមេរូន (Cameroon) ទៅកាន់រដ្ឋ Maryland សហរដ្ឋអាម៉េរិក នៅពេលនាងមានអាយុ ២ ឆ្នាំ គ្រួសារនាងបានឆ្លងកាត់មុខរបរមួយចំនួន និងបានក្លាយជាម្ចាស់ហាងបោកអ៊ុតមួយ។
នាង និងបងប្អូនស្រីរបស់នាង ធ្លាប់ជួយឪពុកនៅក្នុងការលេង flip នៅក្នុងវិស័យអចលនទ្រព្យ ពោលគឺទិញអចលនទ្រព្យ និងលក់ទៅវិញក្នុងរយៈពេលខ្លីដើម្បីបានចំណេញ។ ចំណែកម្ដាយរបស់នាងវិញ គឺជាគ្រូពេទ្យម្នាក់ និងធ្លាប់គ្រប់គ្រង ស្ទូឌីយោ ផ្នែកថែទាំសម្រស់តូចមួយនៅក្រោយផ្ទះ។
ពួកគេជួបការលំបាកខ្លាំង ពិសេសគឺនៅពេលម្ដាយរបស់នាងកើតជំងឺមហារីក ក្នុងគ្រា Tanjong មានអាយុ ៨ ឆ្នាំ។ ពេលមានអាយុ ១៤ ឆ្នាំ ឪពុកម្ដាយរបស់នាងក៏បានលែងលះគ្នា ធ្វើឱ្យគ្រួសារជួបបញ្ហាហិរញ្ញវត្ថុ។
«ខ្ញុំនឹងមិនភ្លេចថ្ងៃដែលម្ដាយរបស់ខ្ញុំប្រាប់ពួកខ្ញុំថា ចុងក្រោយពួកយើងក៏ទទួលបានប័ណ្ណអាហារ។ បទពិសោធន៍នេះពិតជាបានជំរុញឱ្យខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីមានម្ចាស់ការឱ្យបានឆាប់រហ័សលើបញ្ហាហិរញ្ញវត្ថុ តាមដែលអាចធ្វើទៅបាន» Tanjong រៀបរាប់ដូច្នេះ។
នាង Wilglory Tanjong បន្តខិតខំរៀនសូត្រ និងទទួលបានអាហារូបករណ៍ពេញលេញពីសាកលវិទ្យាល័យ Princeton។ ប៉ុន្តែ ការសប្បាយរីករាយរបស់នាង ក៏បានបញ្ចប់នៅពេលម្ដាយនាងបានស្លាប់។
ឆ្នាំ ២០១៨ Tanjong បានបញ្ចប់ការសិក្សាដោយជោគជ័យ។ នាងបានរើទៅកាន់ Atlanta រដ្ឋ Georgia ដើម្បីធ្វើជាប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិត និងផ្គត់ផ្គង់មួយ ក្រោយពីបញ្ចប់ការសិក្សាបាន ៣ សប្ដាហ៍។
កាលណោះ ក្រៅពីប្រាក់បៀវត្សរ៍ ៨៦,០០០ ដុល្លារ/ឆ្នាំ ដែលបានមកពីក្រុមហ៊ុន នាងក៏សន្សំបានប្រហែល ២២,០០០ ដុល្លារ ពីកិច្ចការនៅឯសាលា និងកិច្ចការជាសិស្សហាត់ការនៅរដូវក្ដៅ។ Tanjong ក៏ទទួលបានប្រាក់ប្រមាណ ៥០,០០០ ដុល្លារ ដែលជាកេរពីម្ដាយរបស់នាងផងដែរ។
Tanjong ថ្លែងថា៖ «ខ្ញុំមិនដែលបានចំណាយពេលដើម្បីរស់នៅឱ្យបានយឺតៗនឹងគេ និងដើម្បីប្រឈមនឹងការបាត់បង់មនុស្សសំខាន់បំផុតក្នុងឆាកជីវិតរបស់ខ្លួន»។ ដូច្នេះ ក្រោយពីការប្រឹងប្រែងធ្វើការបាន ១ ឆ្នាំ នាងក៏សម្រេចចិត្តសុំសម្រាកយកកម្លាំង។
កត្តាជំរុញឱ្យនាងរកប្រាក់
Tanjong បានដើរទេសចរណ៍ជុំវិញទ្វីបអាហ្វ្រិក ៦ ខែ។ នាងចាប់ផ្ដើមរស់នៅក្នុង ប្រទេសហ្គាណា (Ghana) ជាទីដែលនាងបានភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនួញវ័យក្មេងមួយចំនួន។ នៅពេលដើរទេសចរណ៍ នាងតែងសុំសម្ភាសជាមួយអ្នករកស៊ីក្នុងតំបន់ សម្រាប់បង្ហោះក្នុងកម្មវិធី African Hustle នៅលើ Youtube និង Instagram ដើម្បីបង្ហាញអំពីវិធីដែលអ្នករកស៊ីវ័យក្មេងនៅ អាហ្វ្រិក កំពុងរកប្រាក់។
នៅប្រទេស សេណេហ្គាល់ នាងបានជួបជាងផលិតស្បែកជើង និងកាបូបដៃ លក្ខណៈសិប្បកម្ម។ នោះគឺជាពេលដែលនាងចាប់ផ្ដើមចង់រកប្រាក់។
Tanjong ប្រាប់ថា៖ «ខ្ញុំរកឃើញថា មានចន្លោះប្រហោងធំនៅក្នុងទីផ្សារ។ ស្ត្រីដែលមានសម្បុរស្បែកខ្មៅ តែងត្រូវបានគេរំលងចោលលើទីផ្សារផលិតផលប្រណិត។ ការកសាងយីហោដែលផ្ដោតទៅលើក្រុមស្ត្រីនេះ ទន្ទឹមនឹងការនាំយកវប្បធម៌របស់ អាហ្វ្រិក ទៅក្នុងទីផ្សារសកល គឺប្រៀបដូចជាអារម្មណ៍របស់ខ្ញុំសម្រាប់ bingo»។
នៅពេលបានដឹងច្បាស់ថា ជាងម្នាក់ដែលបាននិយាយខាងលើ អាចច្នៃរបស់របរទៅតាមការរចនារបស់ខ្លួន Tanjong ក៏បានចរចា និងជួលជាងផ្សេងៗនៅក្នុងតំបន់ ដើម្បីចាប់ផ្ដើមមុខជំនួញ។ នាងបានវិនិយោគប្រហែល ៥,០០០ ដុល្លារ សម្រាប់គាំទ្រដល់ការធ្វើដំណើរ វត្ថុធាតុដើម និងជាង ដើម្បីផលិតកាបូបដៃចំនួន ៥០ ឈុត។
ខែកុម្ភៈ ឆ្នាំ ២០២០ នាងបង្កើត Anima Iris និងបានសុំឈប់ពីការងារពេញម៉ោងរបស់ខ្លួន ហើយ ១ ខែបន្ទាប់ នាងក៏រើទៅរស់នៅក្នុងតំបន់ Philadelphia។
ជោគជ័យរបស់ Tanjong
Anima Iris មានបុគ្គលិកជាជាងសិប្បកម្ម ចំនួន ៧ នាក់ ទទួលខុសត្រូវក្នុងការផលិតកាបូបដៃ នៅ សេណេហ្គាល់។ Tanjong បានផ្ដល់ប្រាក់ខែច្រើនជាងទ្វេដង ធៀបនឹងប្រាក់ចំណូលដែលជាងចំណានម្នាក់រកបាននៅ ដាកា។
Anima Iris ត្រូវបានគេស្គាល់ច្រើនចាប់ពីខែមិថុនា ២០២០ នៅពេលយីហោនេះបង្ហាញខ្លួនក្នុងទំព័រសារព័ត៌មាន Vogue។ ភ្លាមនោះ អ្នកសរសេរប្លក់ម្នាក់បានបង្ហោះរូបថតកាបូបរបស់ Tanjong រួមនឹងតំណភ្ជាប់ទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន និងទំព័របណ្ដាញសង្គមរបស់នាង។ អត្ថបទនោះទទួលបានចែករំលែកបន្តជិត ៣០,០០០ លើក ហើយភ្លាមនោះដែរ ផលិតផលយីហោ Anima Iris ក៏ត្រូវបានលក់អស់។
ខែសីហា ២០២១ Anima Iris ក៏បានបង្ហាញខ្លួននៅលើ Instagram របស់ Beyonce។ នៅលើ Instagram គេឃើញនាង Beyonce កំពុងប្រើប្រាស់កាបូបដៃ Raspberry Zaza។
នេះគឺជាពេលដែល Tanjong គិតដល់ការពង្រីកយីហោ។ ក្រោយពី Beyonce បានទទួលស្គាល់ Anima Iris ក៏លក់កាបូបបានជាង ២៣,០០០ ដុល្លារ។
មកដល់បច្ចុប្បន្ន យីហោ Anima Iris នៅតែរក្សាបាននូវកំណើននៃចំណូលរបស់ខ្លួន។ ក្រុមហ៊ុនរបស់ Tanjong រកបានយ៉ាងតិច ១.២ លានដុល្លារ/ឆ្នាំ។ «ខ្ញុំជឿថា យើងនឹងរកបានយ៉ាងហោច ៥ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២២» Tanjong រំពឹងដូច្នេះ៕