Xiaomi បានយោងទៅលើយុទ្ធសាស្ត្រសំខាន់ចំនួន 4 ដើម្បីរីកចម្រើនយ៉ាងឆាប់រហ័ស ហើយដណ្ដើមបានតំណែងលេខ 2 ពីដៃរបស់ Apple នៅលើទីផ្សារទូរស័ព្ទឆ្លាតវៃរបស់ពិភពលោក ក្នុងត្រីមាសទីពីរ ឆ្នាំ 2021។
Xiaomi បានឡើងមកជំនួស Apple ដោយក្លាយជាយីហោទូរស័ព្ទឆ្លាតវៃដែលលក់ដាច់ជាងគេលំដាប់ទីពីរលើពិភពលោក នៅក្នុងត្រីមាសទីពីរ ឆ្នាំ 2021។ គេហទំព័រ Canalys បានវាយតម្លៃថា ក្រុមហ៊ុនមួយនេះ បានប្រើប្រាស់យុទ្ធសាស្ត្រសំខាន់ចំនួន 4 ដើម្បីយកឈ្នះលើ Apple។
Canalys បញ្ជាក់ថា តួលេខផលិតផលជាស្មាតហ្វូនដែលបានលក់ចេញរបស់ Xiaomi បានកើន 83% ធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំ2020 ខណៈដែល Apple វិញ កើនត្រឹមតែ 1% ប៉ុណ្ណោះ។ ជាលទ្ធផល ចំណែកទីផ្សាររបស់ Xiaomi បានកើនដល់ 17% នៅទូទាំងសកលលោក ច្រើនជាង 14% របស់ Apple។ ចំណែក Samsung វិញ នៅតែក្ដោបក្ដាប់តំណែងលេខ 1 ដោយកាន់កាប់ចំណែកទីផ្សាររហូតដល់ 19%។
យោងតាម Canalys ក្រុមហ៊ុនចិន Xiaomi បានប្រើយុទ្ធសាស្ត្រចំនួន 4 ដើម្បីដណ្ដើមចំណែកទីផ្សារ រួមមាន ៖
ទីមួយ ៖ ការបង្កើនល្បឿនក្នុងការពង្រីកទីផ្សារនៅបរទេស
ទីពីរ ៖ ជំរុញការផលិត និងបញ្ចេញផលិតផលថ្មីៗជាច្រើន និងជាបន្តបន្ទាប់ទៅក្នុងទីផ្សារ
ទីបី ៖ រក្សាយុទ្ធសាស្ត្រ «ទូរស័ព្ទឆ្លាតវៃ តម្លៃទាប»
ទីបួន ៖ Xiaomi ដោះស្រាយបានល្អ ចំពោះបញ្ហាខ្វះប្រភពផ្គត់ផ្គង់គ្រឿងបន្លាស់

Xiaomi ជំរុញការផលិត និងបញ្ចេញផលិតផលថ្មីៗជាច្រើន និងជាបន្តបន្ទាប់ទៅក្នុងទីផ្សារទន្ទឹមនឹងយុទ្ធសាស្ត្រខាងលើ Xiaomi ក៏ទទួលបានផលប្រយោជន៍ច្រើនផងដែរ បន្ទាប់ពី Huawei ដកថយពីទីផ្សារទូរស័ព្ទឆ្លាតវៃ។ Xiaomi បានឆ្លៀតយកឱកាសនេះ ដើម្បីវាយលុកទីផ្សារស្មាតហ្វូន ពិសេសគឺនៅតំបន់អឺរ៉ុប។
Canalys ព្យាករថា នៅក្នុងឆ្នាំ 2021 នេះ 32% នៃឧបករណ៍ 5G សរុបដែលត្រូវបានដាក់លក់ក្នុងទីផ្សារ នឹងមានតម្លៃក្រោម 300 ដុល្លារអាមេរិក។ ដូច្នេះ វាក៏ដល់ពេលដែល Xiaomi ត្រូវបង្ហាញវត្តមានស្មាតហ្វូន 5G តម្លៃទាបរបស់ខ្លួន នៅក្នុងទីផ្សារផងដែរ៕
ប្រភព៖ CNET, Canalys
ប្រែសម្រួល៖ បុត្រា