ក្រុមហ៊ុន​បារាំង លក់​បេះដូង​សិប្បនិម្មិត

ក្រុមហ៊ុន Carmat កាលពី​ថ្ងៃទី 19 កក្កដា បានឱ្យដឹងថា បាន​លក់​បេះដូង​សិប្បនិម្មិត​ទៅឱ្យ​អ្នកជំងឺ​ជនជាតិ​អ៊ីតាលី​ម្នាក់ ដែល​កំពុង​រង់ចាំ​ការវះកាត់។

យោងតាម​សារព័ត៌មាន AFP ការវះកាត់​នេះ​នឹងត្រូវ​បានធ្វើ​ឡើង​ដោយ​ក្រុម​វេជ្ជបណ្ឌិត ដែល​ដឹកនាំ​ដោយ Ciro Maiello នៅ​មន្ទីរពេទ្យ Azienda Ospedaliera dei Colli ក្នុង​ទីក្រុង Naples ដែលជា​មជ្ឈមណ្ឌល​មួយ មានបទពិសោធន៍​ច្រើនជាងគេ នៅក្នុង​វិស័យ​បេះដូង​សិប្បនិម្មិត ប្រចាំ​ប្រទេស អ៊ីតាលី។

Carmat ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2008 មាន​ជំនាញ​ខាង​ផលិត​អវយវៈ​សិប្បនិម្មិត សម្រាប់​អ្នកជំងឺ។ ក្រុមហ៊ុន​នេះ ត្រូវបាន​ទទួលស្គាល់​ដោយ CE marking កាលពី​ឆ្នាំ 2020 ដែល​អនុញ្ញាតឱ្យ​លក់​បេះដូង​សិប្បនិម្មិត Aeson របស់​ពួកគេ នៅក្នុង​ទីផ្សារ​អឺរ៉ុប ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ​របស់​អតិថិជន។

ការទទួលស្គាល់​ខាងលើ​គឺ យោងទៅលើ​ការសិក្សា​ស្រាវជ្រាវ​មួយ មាន​ឈ្មោះថា PIVOTAL ដែល​ត្រូវបាន​ធ្វើឡើង​តាំងពី​ឆ្នាំ 2016 រហូតដល់​បច្ចុប្បន្ន។ នៅ​ខែវិច្ឆិកា ឆ្នាំ 2019 លទ្ធផល​ពី​អ្នកជំងឺ 11 នាក់​ដំបូង នៅក្នុង​ការពិសោធ បាន​បង្ហាញថា 73% បាន​បន្ត​រស់ក្នុង​រយៈ​ពេល 6 ខែ ដោយមាន​ជំនួយ​ពី​បេះដូង​សិប្បនិម្មិត។

អ្នកជំងឺបេះដូងប្រហែល 2,000 នាក់ នៅពាសពេញតំបន់អឺរ៉ុបខាងលិច កំពុងស្ថិតក្នុងបញ្ជីឈ្មោះរង់ចាំការវះកាត់

បេះដូង Aeson មាន​ទម្ងន់ 900 ក្រាម ប្រើប្រាស់​វត្ថុ​ធាតុ និង​អង្គ​ញាណ​ជីវសាស្ត្រ។ ជា​មូលដ្ឋាន បេះដូង​នេះ​ដំណើរការ​ដូច​ទៅនឹង​ម៉ាស៊ីន​បូម​ដើម្បី​គ្រប់គ្រង​លំហូរ​ឈាម។

យោងតាម​ការ​គណនា បច្ចុប្បន្ន មាន​អ្នកជំងឺ​បេះដូង​ប្រហែល 2,000 នាក់ នៅ​ពាសពេញ​តំបន់​អឺរ៉ុប​ខាងលិច កំពុងស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​រង់ចាំ​ការវះកាត់។

ក្រុមហ៊ុន Carmat បានឱ្យដឹងថា ផលិតផល​របស់​ពួកគេ នឹង​ទទួលបាន​ចំណាប់អារម្មណ៍​បន្ថែមទៀត ពី​អតិថិជន​នៅ​ប្រទេស បារាំង និង អាល្លឺម៉ង់ នៅ​ចុងឆ្នាំ 2021 នេះ។

ក្រុមហ៊ុន​ក៏​កំពុងតែ​ស្វែងរក​អ្នកជំងឺ​ចំនួន 10 នាក់​បន្ថែមទៀត ដើម្បី​ចូលរួម​ក្នុងការ​ពិសោធ​មួយ ក្រោយ​បានទទួល​ការអនុញ្ញាត​ពី សហរដ្ឋអាមេរិក។ កាលពី​ថ្ងៃទី 15 កក្កដា Carmat បានប្រកាស​អំពី​ករណី​វះកាត់​ដាក់​បេះដូង Aeson ដំបូង ជូន​អ្នកជំងឺ​ម្នា​ក់នៅ អាមេរិក នៅក្នុង​ក្របខណ្ឌ​នៃ​ការពិសោធ​លើ​មនុស្ស នៅ​មន្ទីរពេទ្យ​នៃ​មហាវិទ្យាល័យ Duke ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់ Durham រដ្ឋ Carolina ខាងជើង នៃ សហរដ្ឋអាមេរិក៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement