ផលិតកម្ម​​សាច់ជ្រូក​ឆ្នាំ 2024 របស់​ប្រទេស​ចិន​ គ្រោង​នឹង​ថយ​ចុះ​មួយ​ភាគ​រយ​

ផលិតកម្ម​ជ្រូក​ឆ្នាំ 2024 របស់​ប្រទេស​ចិន​ ត្រូវ​បាន​ព្យាករ​ថា នឹង​ថយ​ចុះ​ 1% បើ​ធៀប​នឹង​ឆ្នាំ 2022 ដោយ​ចុះ​មក​នៅ​ត្រឹម​ 695 លាន​ក្បាល​ ព្រោះ​តែ​បរិមាណ​ជ្រូក​ញី​​ក្នុង​ឆ្នាំ 2023​ នៅ​សល់​តិច​។

ឆ្នាំ 2023 តម្លៃ​ជ្រូក​ធ្លាក់​ចុះ​ទាប​បាន​បង្ក​ការ​ខាត​បង់​ច្រើន​ដល់​វិស័យ​ចិញ្ចឹម​សត្វ​។ តាំង​ពី​ដើម​ឆ្នាំ​ 2023 ក្រុម​ហ៊ុន​នានា​បាន​កាត់បន្ថយ​ផលិតកម្ម​​ ដោយ​សារ​តែ​កម្លាំង​ទិញ​នៅ​ខ្សោយ​ និង​ជំងឺ​​​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​ (ASF) បាន​ធ្វើ​ឱ្យ​ការ​លក់​មាន​ការ​ថយចុះ​​ខ្លាំង​ នាំ​ឱ្យគេ​ត្រូវឆាប់​​សម្លាប់​​ជ្រូក​ ជាង​ធម្មតា គ្រា​ដែល​មិន​ទាន់​គ្រប់​គីឡូ​តាម​ស្ដង់ដា​ ខណៈ​ដែល​ស្ថាន​ការណ៍​ជំងឺ​ជ្រូក​អាច​នឹង​អូស​បន្លាយ​ដល់​ឆ្នាំ​ក្រោយ​។

ការ​នាំ​ចូល​ជ្រូក​រស់​ក្នុង​ឆ្នាំ 2024 ត្រូវ​បាន​ព្យាករ​ថា​ នឹង​កើន​ពី 5,000 ​ដល់ 6,000 ក្បាល​ ប៉ុន្តែ​នេះ​នៅ​តែ​ជា​តួលេខ​ទាប​នៅ​ឡើយ បើធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​កន្លង​ដែល​នាំ​ចូល​ភាគ​ច្រើន​ពី​សហរដ្ឋ​អាម៉េរិក បារាំង និង​ដាណឺម៉ាក។

ចំណែក​ការ​នាំ​ចេញ​ជ្រូក​រស់​ក្នុង​ឆ្នាំ 2024 ត្រូវ​បាន​ព្យាករ​ថា នឹង​កើន​ 1.2 លាន​ក្បាល ស្មើ​នឹង 4% បើ​ធៀប​នឹង​ការ​ប៉ានស្មាន​សម្រាប់​​ឆ្នាំ 2023​ ក្នុង​នោះ ទីផ្សារ​នាំ​ចេញធំ​ជាង​គេ​គឺ ហុងកុង និង​ម៉ាកាវ។

ផលិតកម្ម​សាច់​ជ្រូក​ក្នុង​ឆ្នាំ 2024 ត្រូវ​បាន​ព្យាករ​ថា នឹង​ថយ​ចុះ 1% មក​នៅ​ត្រឹម 58.15 លាន​តោន​ និង​ការ​នាំ​ចូល​សាច់​ជ្រូក​​ក្នុង​ឆ្នាំ 2024 ក៏​ត្រូវ​គេ​រំពឹង​ថា​ ​នឹង​កើន​ 2.32 លាន​តោន ​ដោយ​សារ​តែ​ការ​ផលិត​ក្នុង​ស្រុក​មាន​កម្រិត​ទាប​ជាង​មុន​។

ឆ្នាំ 2024 ការ​នាំ​ចេញ​សាច់​ជ្រូក​របស់​ប្រទេស​ចិន ​ត្រូវ​បាន​ព្យាករ​ថា សម្រេច​បាន 120,000 តោន កើន​ 14% ធៀប​នឹង​ឆ្នាំ 2023​។ ហុងកុង​ និង​ជប៉ុន​ត្រូវ​បាន​គេ​ជឿ​ថា នឹង​នៅ​តែ​ជា​ទីផ្សារ​នាំ​ចេញ​ចម្បង​នៃ​​ផលិត​ផលសាច់​ជ្រូក​របស់​ប្រទេស​ចិន​៕

Advertisement