ប្រជាកសិករ​វៀតណាម ប្រើប្រាស់​យន្តហោះ​ដ្រូ​ន (Drone) ក្នុង​ការដាំដុះ

ដោយ​ការប្រើប្រាស់​បច្ចេកវិទ្យា ប្រជាកសិករ​នៅ​ដែនដី​សណ្ដ​ទន្លេមេគង្គ នៃ​ទឹកដី​កម្ពុជា​ក្រោម (វៀតណាម​ខាងត្បូង) ពេលនេះ​អាច «អង្គុយ​គង​អន្ទាក់ខ្លា​មើល​ស្រូវ​លូតលាស់» ដោយសារ​អាច​កាត់បន្ថយ​ការចំណាយ​កម្លាំង​បាន​ច្រើន​នៅឯ​វាលស្រែ។

ប៉ុន្មាន​ឆ្នាំ​មកនេះ យន្តហោះ​គ្មាន​មនុស្ស​បើកបរ (ដ្រូ​ន-drone) សម្រាប់​វិស័យ​កសិកម្ម ដែលជា​ឧបករណ៍​បច្ចេកវិទ្យា​លំដាប់​ខ្ពស់ កំពុង​ទទួល​បានការ​និយម​ប្រើប្រាស់​នៅ​តំបន់​ដែនដី​សណ្ដ​ទន្លេមេគង្គ ដែល​ស្ថិតក្នុង​ដែនដី​កម្ពុជា​ក្រោម (វៀតណាម​ខាងត្បូង)។

បច្ចុប្បន្ន យន្តហោះ​ដ្រូ​ន​ត្រូវបាន​កែលំអ និង​បំពាក់​មុខងារ​ច្រើន ដូចជា មុខងារ​បាច​ជី បាញ់ថ្នាំ​ការពារ​ស្រូវ រុក្ខជាតិ និង​ជំនួស​មនុស្ស​ក្នុងការ​សាបព្រោះ​ស្រូវ​ជាដើម។

លោក ឡេ ថា​ញ់ ង្វៀន អាយុ 62 ឆ្នាំ នៅ វៀតណាម​ខាងត្បូង ឱ្យដឹងថា គាត់​បាន​ប្រើប្រាស់​ដ្រូ​ន XAG ដើម្បី​ធ្វើស្រែ​ទំហំ 7 ហិកតា។ គាត់​ប្រាប់ថា ក្នុង​រយៈពេល​ជាង 40 ឆ្នាំ​មកនេះ គាត់​ធ្វើស្រែ​តាមរបៀប​ប្រពៃណី។ ពេលនេះ ការប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា បាន​ជួយ​ឱ្យ​គាត់​កាត់បន្ថយ​ការលំបាក​បាន​យ៉ាងច្រើន។

ចំណែក​កសិករ​ម្នាក់ទៀត​ឈ្មោះ ង្វៀន វ៉ាន់ ហ្វឿ​ង ដែល​ធ្វើស្រែ 40 ហិកតា បានឱ្យដឹងថា នេះ​គឺជា​រដូវ​ទី 6 ហើយ​ដែល​គាត់​ប្រើប្រាស់​ដ្រូ​ន​ដើម្បី​បាញ់ថ្នាំ​ការពារ​ស្រូវ។

«កាលពីមុន ខ្ញុំ​ធ្វើស្រែ​តែ 3 ហិកតា បាញ់ថ្នាំ​ការពារ​ស្រូវ​តាមបែប​ប្រពៃណី ត្រូវ​ចំណាយ​ពេលវេលា និង​កម្លាំង​ច្រើន។ បច្ចុប្បន្ន ដោយសារ​មាន​ឧបករណ៍​ហោះហើរ​នេះ ខ្ញុំ​បាន​ស្រួលខ្លួន​ណាស់» លោក ហ្វឿ​ង​ប្រាប់​ដូច្នេះ។

ខេត្ត​ដុង​ថាប (Dong Thap) គឺជា​តំបន់​ដំបូង​របស់ ប្រទេស​វៀតណាម ដែល​ត្រូវបាន​ជ្រើសរើស​ជា​កន្លែង​សម្រាប់​កសាង និង​អនុវត្ត​គម្រោង​ស្ដារ​កសិកម្ម។ ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ បណ្ដា​ក្រុមហ៊ុន អាជ្ញាធរ និង​ប្រជាកសិករ​នៅ ដុង​ថាប បាន​ពឹងផ្អែក និង​សង្ឃឹម​ច្រើន​ទៅលើ​ឧបករណ៍​បច្ចេកវិទ្យា​ស្វ័យប្រវត្ត​ដែល​នាំមក​នូវ​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​សាបព្រោះ​​បណ្ដុះ​ដាំ​៕

Advertisement