ប្រទេស​ចិន កំពុង​អភិវឌ្ឍ​ពូជ​ជ្រូក​ថ្មី «ស៊ី​តិច សាច់​ច្រើន» ដោយ​​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ខ្ពស់

បណ្ដា​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​បច្ចេកវិទ្យា​ខ្ពស់​គឺជា​ទី​ចាប់កំណើត​របស់​ពូជ​ជ្រូក​ថ្មី​ដែលមាន​ភាពលេច​ធ្លោ​ខ្លាំង អាចឆ្លើយតប​តាម​តម្រូវការ​របស់​ទីផ្សារ​ចិន។

ក្នុង​រយៈពេល ២ ខែ​បន្តបន្ទាប់​មកនេះ ការដែល​ប្រភព​ផ្គត់ផ្គង់​មានកំណត់ បាន និង​កំពុង​រុញច្រាន​តម្លៃ​សាច់​ជ្រូក​នៅ ប្រទេស​ចិន កើនឡើង​ខ្ពស់។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​ចិន បានសម្រេច​បញ្ចេញ​សាច់ជ្រូក​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០២២ នេះ។

ក៏ប៉ុន្តែ គន្លឹះ​សំខាន់ និង​ស្ថិរភាព​ដើម្បី​ធានា​សន្តិសុខ​អាហារ បែរជា​ស្ថិតនៅក្នុង​បណ្ដា​កសិដ្ឋាន​ចិញ្ចឹមសត្វ​ជ្រូក​បច្ចេកវិទ្យា​ខ្ពស់។ ទីនេះ​គឺជា​កន្លែង​​ចាប់កំណើត​របស់​ពូជ​ជ្រូក​ថ្មី​ដែលមាន​ភាពលេច​ធ្លោ​ខ្លាំង អាចឆ្លើយតប​តាម​តម្រូវការ​របស់​ទីផ្សារ​ចិន​ ដែល​មាន​ប្រជាជន​ជាង ១ ពាន់​លាន​នាក់​។

រូបភាព​ខាងក្រៅ​នៃ​​បណ្ដា​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​បច្ចេកវិទ្យា​ខ្ពស់​នៅ​តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លី​ខាងក្នុង នៃ​ប្រទេស​ចិន គឺ​ដូច​ទៅនឹង​កសិដ្ឋាន​ធម្មតា​ដទៃ។ ប៉ុន្តែ នេះ​គឺជា​កសិដ្ឋាន​មួយ​ក្នុងចំណោម ១០០ កសិដ្ឋាន​ដែល​ចូលរួម​ក្នុង​ការពិសោធ​កែលំអ​គុណភាព​​ជ្រូក​ពូជ តាមរយៈ​ការតាមដាន​តំណពូជ​របស់​ជ្រូក​សម្រាប់​ការ​បង្កាត់​ពូជ​របស់ ប្រទេស​ចិន។ គោលដៅ​នៃ​ការពិសោធ​គឺ​ដើម្បី​បង្កើតបាន​ពូជ​ជ្រូក​ប្រភេទ​ធំ ត្រូវការ​អាហារ​តិច និង​ធំធាត់​លឿន។ ទាំងនេះ​គឺជា​​កត្តា​សំខាន់បំផុត​ដែល​នឹងធ្វើ​ឱ្យមាន​ការប្រែប្រួល​ក្នុង​ប្រទេស​ចិន​ ដែល​​ផលិត​ជ្រូក​ជិត ៧០០ លាន​ក្បាល​ជា​រៀងរាល់ឆ្នាំ​។

«កន្លងមក ជ្រូក​ពូជ​របស់ ប្រទេស​ចិន ភាគច្រើន​សុទ្ធតែ​ត្រូវបាន​នាំចូល​ពី​បរទេស។ ជាធម្មតា ប្រហែល ៣ ឆ្នាំ គឺ​ជ្រូក​ពូជ​ដែល​នាំចូល​នឹងត្រូវ​បាត់បង់​ភាព​ដើម និង​មិនមាន​ការរីក​ច្រើន​ណាមួយ។ យើង​បាន​រកឃើញ​បញ្ហា​នេះ ហើយ​ផ្ដល់​អាទិភាព​ខ្ពស់​ដើម្បី​ដោះស្រាយ​កង្វះ​ជ្រូក​ពូជ​គុណភាព​ខ្ពស់» អ្នកស្រី Hao Wenjie ប្រធាន​ក្រុម​ពូជ​សត្វ​ចិញ្ចឹម នៃ​ក្រុមហ៊ុន BGG របស់ ប្រទេស​ចិន បានឱ្យដឹង​ដូច្នេះ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​នឹងសិក្សា​អំពី​សំណាក​ជាលិកា​របស់​ត្រចៀក ​កាត់​ចេញពី​សត្វ​ជ្រូក​ដែល​ទើប​កើត​បាន​ប៉ុន្មាន​ម៉ោង។ ទិន្នន័យ​ស្ដីពី​តំណពូជ​ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​ឱ្យ​អ្នកវិទ្យាសាស្ត្រ​អាច​ជ្រើសរើស​កូនជ្រូក​ពូជ​​​​ដែលមាន​សុខភាព​ល្អ និង​ផ្ដល់​ទិន្នផល​ខ្ពស់បំផុត។ ប្រការនេះ​ក៏​នឹង​រួមចំណែក​ដោះស្រាយ​បញ្ហា​ចំណាយ​ខ្ពស់​ក្នុងការ​ចិញ្ចឹម​ជ្រូក​នៅ ប្រទេស​ចិន។ ការចំណាយ​លើ​ការចិញ្ចឹម​កូនជ្រូក​នៅ ប្រទេស​ចិន ខ្ពស់ជាង​ប្រមាណ ២.៥ ដង ធៀប​នឹង​នៅ សហរដ្ឋ​អាម៉េរិក ដោយសារ​ចំណី​ជ្រូក​ដែល​នាំចូល​ពី​បរទេស​មានតម្លៃ​ថ្លៃ​ និងមាន​​ហានិភ័យ​ឆ្លង​ជំងឺ​​ខ្ពស់។

«គោលដៅ​របស់​យើង​គឺ​កាត់បន្ថយ​ការចំណាយ​លើ​ការផលិត​សាច់ជ្រូក។ អ្នក​អាច​ធ្វើបាន​ប្រការ​នោះ​ដោយ​ការបង្កើន​អត្រា​ផ្លាស់ប្ដូរ​ចំណី និង​បង្កើន​បរិមាណ​នៃ​ការចាប់​កំណើត​របស់​ជ្រូក» លោក Jan Merks អ្នកជំនាញ​ផ្នែក​តំណពូជ​សត្វ​ចិញ្ចឹម​របស់​ក្រុមហ៊ុន BGG បញ្ជាក់​ដូច្នេះ។

បច្ចុប្បន្ន BGG កំពុង​ចិញ្ចឹម​ជ្រូក​ប្រហែល ៦,០០០ ក្បាល ក្នុង​គោលដៅ​ពង្រីក​ការចិញ្ចឹម​ជ្រូក​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ និងដោះ​ស្រាយ​​បញ្ហា​កង្វះ​សាច់ជ្រូក​នៅ ប្រទេស​ចិន។

តម្លៃ​សាច់ជ្រូក​រស់នៅ ប្រទេស​ចិន ក្នុង​ខែសីហា ២០២២ បាន​កើន​ជាង ២២%។ យោងតាម​ការ​ព្យាករ នាពេលខាងមុខ តម្លៃ​សាច់ជ្រូក​នឹង​កើនឡើង​បន្តទៀត ដោយសារ​ប្រទេស​នេះ​ជិត​ឈានចូល​ដល់​រដូវ​សម្រាក​ថ្ងៃបុណ្យ​ឯករាជ្យ​ដែល​អូស​បន្លាយពេញ​​មួយ​សប្ដាហ៍ នៅ​ដើមខែ​តុលា បណ្ដាលឱ្យ​តម្រូវការ​សាច់ជ្រូក​កើនឡើង​ខ្ពស់៕

Advertisement