ប្រទេស​ថៃ ចំណាយ ៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ជួយ​ដល់​ការផលិត​ស្រូវ

ប្រទេស​ថៃ ដែលជា​អ្នក​នាំចេញ​អង្ករ​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក ថ្មីៗនេះ​បាន​បញ្ចេញ​កញ្ចប់​ជំនួយ​សេដ្ឋកិច្ច​តម្លៃ​ជាង ៤ ពាន់​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការផលិត​ស្រូវ។

ទន្ទឹមនឹង​កញ្ចប់​ជំនួយ​ខាងលើ អាជ្ញាធរ​ថៃ ក៏​កំពុង​រក​វិធី​ដើម្បី​ដំឡើងថ្លៃ​អង្ករ​នាំចេញ ក្នុងពេលដែល​ការចំណាយ​លើ​ការដាំដុះ​ស្រូវ បាន​កើនឡើង​ខ្ពស់​ជិត​ទ្វេដង ធៀប​នឹង ២ ឆ្នាំមុន។

ប្រភពព័ត៌មាន​ឱ្យដឹងថា យោងតាម​គណៈកម្មការ​គ្រប់គ្រង និង​គោលនយោបាយ​ជាតិ​ស្ដីពី​ស្រូវ​អង្ករ កញ្ចប់​ជំនួយ​តម្លៃ​ជាង ៤ ពាន់​លាន​ដុល្លារ​ខាងលើ​គឺ​សម្រាប់​ជួយ​ដល់​គម្រោង​ធានា​ប្រាក់ចំណូល​ពី​ការលក់​ស្រូវ​អង្ករ​របស់​ពលរដ្ឋ​ថៃ​ប្រមាណ ៤.៦ លាន​គ្រួសារ នៅក្នុង​រដូវ​ធ្វើស្រែ​សំខាន់​ក្នុង​ឆ្នាំ ២០២២-២០២៣។

គណៈកម្មការ​គ្រប់គ្រង និង​គោលនយោបាយ​ជាតិ​ស្ដីពី​ស្រូវ​អង្ករ​របស់ ប្រទេស​ថៃ ក៏​អនុម័ត​លើ​វិធានការ​ជំនួយផ្សេងៗទៀត​ដើម្បី​រក្សា​តម្លៃ​អង្ករ ក្នុងនោះ​មានដូចជា​ការលើកទឹកចិត្ត​ដល់​កសិករ កុំឱ្យ​សម្រុក​លក់​ស្រូវ​លើ​ទីផ្សារ និង​ការផ្ដល់​ការប្រាក់​ក្នុង​អត្រា ៣% សម្រាប់​ក្រុមហ៊ុន សហគ្រាស​ទាំងឡាយណា​ដែល​យល់ព្រម​រក្សាទុក​អង្ករ​ក្នុង​ឃ្លាំង ក្នុង​គ្រា​ដែល​ប្រភព​ផ្គត់ផ្គង់​លើ​ទីផ្សារ​ថយចុះ។

យោងតាម​ស្ថិតិ ក្នុង​រយៈពេល ៧ ខែ​ដើម​ឆ្នាំនេះ ប្រទេស​ថៃ បាន​នាំចេញ​អង្ករ​ជិត ៤ លាន​តោន តម្លៃ​ជាង ១.៩ ពាន់​លាន​ដុល្លារ ដោយ​បរិមាណ​ស្រូវ​បាន​កើន ៥៨% ធៀប​នឹង ៧ ខែ​ដើមឆ្នាំ ២០២១ ប៉ុន្តែ ទំហំ​ទឹកប្រាក់​កើនឡើង​តែ​ប្រហែល ៣៤% ប៉ុណ្ណោះ។

អាជ្ញាធរ​ថៃ បានឱ្យដឹងថា ការចំណាយ​លើ​ការផលិត​ស្រូវ​បាន​កើនឡើង​ទ្វេដង ធៀប​នឹង ២ ឆ្នាំមុន ដោយសារ​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន និង​បញ្ហា​អាកាសធាតុ ដែល​នាំ​ឱ្យ​ផលិត​ផល​ថែ​ទាំ​ការ​ពារ​ស្រូវ​មាន​តម្លៃ​ខ្ពស់ ស្រូវ​ផ្ដល់​ទិន្នផល​ទាប​ ខណៈដែល​តម្លៃ​ស្រូវ​អង្ករ​លើ​ទីផ្សារ​មិន​ឡើង​ប៉ុន្មាន។ ដូច្នេះ ប្រទេស​ថៃ នឹង​ដំឡើងថ្លៃ​អង្ករ​នាំចេញ​នាពេលខាងមុខ ដើម្បី​ឱ្យ​សមស្រប​ជាមួយនឹង​ការចំណាយ​លើ​ការដាំដុះ៕

 

Advertisement