ថៃ ក្លាយជា​ប្រទេស​នាំចេញ​កៅស៊ូ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក

ប្រទេស​ថៃ ឈរ​លំដាប់​លើ​គេ​នៅក្នុង​តារាង​ចំណាត់ថ្នាក់​ស្ដីពី​បណ្ដា​ប្រទេស​ដែល​នាំចេញ​កៅស៊ូ​នៅក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ ២០២២ នេះ​បើតាម​ទីប្រឹក្សា​របស់ ក្រសួងកសិកម្ម និង​សហ​ករ​ថៃ។

លោក Alongkorn Ponlaboot ទីប្រឹក្សា​របស់ ក្រសួងកសិកម្ម និង​សហ​ករ​ថៃ កាលពី​ថ្ងៃទី ១២ សីហា បានឱ្យដឹងថា ប្រទេស​ថៃ ឈរលើ​កំពូល​តារាង​ស្ដីពី​ប្រទេស​នាំចេញ​កៅស៊ូ​ក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ ដោយ​ការនាំចេញ​សម្រេចបាន ២.១៩ លាន​តោន តម្លៃ ៧០.៥ ពាន់​លាន​បាត (ជិត ២ ពាន់​លាន​ដុល្លារ​អាម៉េរិក)។

ទីប្រឹក្សា​របស់ ក្រសួងកសិកម្ម និង​សហ​ករ​ថៃ ដកស្រង់​តួលេខ​របស់ អគ្គនាយក​រដ្ឋ​កៅស៊ូ​ថៃ (RAT) ថ្លែងថា បរិមាណ​សរុប​នៃ​កៅស៊ូ​ដែល​នឹង​ត្រូវបាន​នាំចេញ​របស់ ប្រទេស​ថៃ ក្នុងឆ្នាំនេះ គ្រោង​នឹង​សម្រេចបាន ៤.២៧ លាន​តោន កើន ៣.៤១% ធៀប​នឹង​ឆ្នាំ​កន្លង។

ក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ តម្លៃ​នាំចេញ​កៅស៊ូ​ធម្មជាតិ និង​ផលិតផល​ធ្វើ​ពី​កៅស៊ូ​របស់ ប្រទេស​ថៃ សម្រេចបាន ១៦៧.២ ពាន់​លាន​បាត។ យោងតាម​លោក Alongkorn ប្រទេស​ចិន គឺជា​ទីផ្សារ​ធំជាងគេ​សម្រាប់​កៅស៊ូ និង​បណ្ដា​ផលិតផល​ធ្វើ​ពី​កៅស៊ូ​របស់ ប្រទេស​ថៃ ពោលគឺ​ជិត​ពាក់កណ្ដាល (៤៩%) នៃ​បរិមាណ​ទំនិញ​សរុប​ដែល ថៃ បាន​នាំចេញ។

ប្រទេស​ម៉ាឡេស៊ី ឈរ​លំដាប់​លេខ ២ ក្នុង​បញ្ជី​ស្ដីពី​បណ្ដា​ប្រទេស​នាំចូល​កៅស៊ូ​របស់ ប្រទេស​ថៃ ក្នុង​អត្រា ១០% ខណៈដែល សហរដ្ឋ​អាម៉េរិក ឈរ​លំដាប់​ទី ៣ (៧%) បន្ទាប់មក​គឺ ជប៉ុន (៦%) និង កូរ៉េខាងត្បូង (៤%)។

អគ្គនាយកដ្ឋាន​កៅស៊ូ​ថៃ បាន​ព្យាករ​ថា បរិមាណ​កៅស៊ូ​សរុប​របស់​ប្រទេស​នេះ ក្នុង​ឆ្នាំ ២០២២ នឹង​សម្រេចបាន ៤.៧៩ លាន​តោន កើន ០.៨៨% ធៀប​នឹង​ឆ្នាំ​កន្លង៕

Advertisement