អ្នកជំនាញ៖ វិស័យ​អចលនទ្រព្យ​ពិតជា​រីកចម្រើន​ខ្លាំង​ មែន ក្នុង1ទសវត្សរ៍​កន្លងមក

អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បានឱ្យដឹងថា ការវិនិយោគ​លើ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល 10ឆ្នាំ​ចុង​ក្រោយនេះ គឺមាន​ការកើនឡើង​ខ្ពស់ ដែល​ការកើនឡើង​នេះ គឺ​ដោយសារតែ​ការចាប់ផ្តើម​ហូរ​ចូលមក​យ៉ាងគំហុក​នូវ​ចំនួន​អ្នកវិនិយោគ​បរទេស​ក្នុង​វិស័យ​មួយ​នេះ។

បើតាម​ការកត់សម្គាល់​អំពី​សក្តានុពល និង​ភាព​ទាក់ទាញសំខាន់ៗនៃ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា គេ​សង្កេតឃើញ​មាន​ចំណុច​មួយចំនួន​ដូចជា៖ ទី1-ប្រទេស​កម្ពុជា​ស្ថិត​ក្នុងចំណោម​ជម្រើស​ដ៏​ល្អ​បំផុត សម្រាប់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដោយ​ផ្អែកលើ​កំណើនសេដ្ឋកិច្ច​ដ៏​លឿន ធ្វើឱ្យ​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​កើនឡើង​ខ្ពស់ គួបផ្សំ​នឹង​ស្ថិរភាព​នយោបាយ​ដ៏​រឹងមាំ ក៏ដូចជា​ក្របខ័ណ្ឌ​ច្បាប់​ច្បាស់លាស់​ក្នុងការ​គ្រប់គ្រង​វិស័យ​អចលនទ្រព្យ និង​សំណង់។

ទី2- ការវិនិយោគ​លើ​អចលនទ្រព្យ​ក្នុង​រយៈពេល 10ឆ្នាំ​ចុង​ក្រោយនេះ គឺមាន​ការកើនឡើង​ខ្ពស់។

ទី3- ការរីកចម្រើន​នៃ​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ទេសចរណ៍ បានធ្វើឱ្យ​តម្រូវការ​អចលនទ្រព្យ​សម្រាប់​ការ​ស្នាក់នៅ និង​ធ្វើ​ពាណិជ្ជកម្ម​កាន់តែ​កើនឡើង​ខ្ពស់ឡើងៗ ធ្វើឱ្យ​អ្នកវិនិយោគ​មានឱកាស​ចំណេញ​ច្រើន។ ជាក់ស្តែង​ប្រាក់ចំណូល​បានមកពី​ការជួល​អចលនទ្រព្យ​ជា​មធ្យម​គឺ 5.33% ក្នុង 1ឆ្នាំ​ដែល​ឈរលើ​កម្រិត​ខ្ពស់បំផុត​លំដាប់​ទី3 នៅក្នុង​
ទ្វីបអាស៊ី។

ទី4- ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន តម្លៃ​អចល​នទ្រព្យ​នៅ​ប្រទេស​កម្ពុជា ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដែលមាន​តម្លៃ​នៅ​ទាប​សមរម្យ​បំផុត ដែល​នេះ​ជា​អំណោយផល​ល្អ​ដល់​ការទិញ-លក់ (តម្លៃ​នៅ​ជាយ​រាជធានី​ភ្នំពេញ​អាចមាន​តម្លៃ​ចាប់ ពី​100USD/m2 ហើយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ អាចមាន​តម្លៃ​ខ្ពស់​រហូតដល់ 5,000USD/m2)។

លោក សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន Key Real Estate បាន​ថ្លែងប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ នៅក្នុង​បទ​សម្ភាស​មួយ​ថា៖“វិស័យ​អចលនទ្រព្យ អាចបែងចែក​ជា 2ប្រភេទ៖ទី1-ទីផ្សារ​អចលនទ្រព្យ និង​ទី2-ការអនុវត្ត​គម្រោង​អចលនទ្រព្យ។ ចំពោះ​គម្រោង​អចលនទ្រព្យ យើង​មើលឃើញថា​ក្នុង​រយៈពេល 10ឆ្នាំកន្លងមក មានការ​កើនឡើង​ខ្ពស់​មែនទែន តាំងពី​យើង​មិនទាន់​មានអី មានតែ​អគារ 1-2 រហូតដល់​ឥឡូវ​មាន​អគារ​ខ្ពស់​ច្រូងច្រាង”។

លោក សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន Key Real Estate

លោក​បាន​បន្តថា ក្នុង​ទីក្រុង ខ្ញុំ​មិនដឹងថា កើន​ក្នុង​ចំនួន​ប៉ុន្មាន​ទេ តែ​យើង​មើលឃើញថា​ច្រើន នេះ​បើ​យើង​និយាយ​ពី​ទឹកប្រាក់​នៃ​ការវិនិយោគ និង​និយាយ​ពី​ទំហំ​នៃ​ការអភិវឌ្ឍ គិត​ជា​ម៉ែត្រការ៉េ និង​មួយទៀត​យើង​និយាយ​ពី​តម្លៃ​អចលនទ្រព្យ​ឡើងថ្លៃ គឺ​យើង​និយាយ​ពាក់ព័ន្ធ​នឹង​ដី។

លោក​អគ្គនាយក​ក្រុមហ៊ុន Key Real Estate បាន​បញ្ជាក់ថា៖“ដី តាម​ខ្ញុំ​សង្កេត​ជាក់ស្តែង ដី​ដែល​នៅក្នុង​ក្រុង ត្រូវបាន​បែងចែក​ជា 2ប្រភេទ។ ដី​ដែល​បាន​អភិវឌ្ឍន៍​រួច នៅក្នុង​នោះ​មាន​ខណ្ឌ 5 រួមមាន ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌ7មករា ខណ្ឌ​បឹង​កេងកង ហើយ​និង​ខណ្ឌទួលគោក។ ជារួម ខណ្ឌ​ដែល​អភិវឌ្ឍន៍​រួច មានការ​ឡើងថ្លៃ​ជា​មធ្យម​ពី 5 -10% ប៉ុណ្ណោះ។ ប៉ុន្តែ ខណ្ឌ​ដែល​នៅក្រៅ​ក្រុង ដូចជា​ខណ្ឌ​សែន​សុខ ជ្រោយចង្វារ ច្បារអំពៅ ឬ​ស្សី​កែវ ពោធិ៍-​សែន​ជ័យ ដង្កោ មានជ័យ ​ខណ្ឌ​ទាំងអស់នេះ​បូក​គ្នា​ទៅ ឡើងជា​មធ្យម​ពី 10 ទៅ15 និង​ពី 15 ទៅ 20% ដោយ​ខណ្ឌ​ខ្លះ​ឡើងថ្លៃ​ច្រើន។ ពី 1ឆ្នាំ ទៅ 1ឆ្នាំ វា​ប្រែប្រួល គិត​ជា​មធ្យម​ប្រហាក់ប្រហែល​ប៉ុណ្ណឹង ។

លោក សន សៀ​ប ក៏បាន​បញ្ជាក់ដែរថា៖“បើតាម​ខ្ញុំ​ចាំ នៅ​ឆ្នាំ2005 ខ្ញុំ​សង្កេតឃើញថា ដី​នៅ​តំបន់​បឹង​កេងកង​ក្នុង 1ម៉ែត្រការ៉េ​ថ្លៃ 300ដុល្លារ ហើយ​មកដល់​ឆ្នាំ2015 ដី​នៅ​ទីនោះ​ឡើងថ្លៃ 1ម៉ែត្រការ៉េ​ថ្លៃ1,500ដុល្លារ។ ដូច្នេះ​ក្នុង​រយៈពេល 10ឆ្នាំ វា​ឡើងថ្លៃ 1ជា5 ហើយ​មកដល់​បច្ចុប្បន្ន វា​ឡើង​កាន់តែ​ខ្ពស់​ទៅទៀត ព្រោះ​ដោយសារ​តម្រូវ​ការអភិវឌ្ឍ​ន៍​ច្រើន ក្នុង​តំបន់​នោះ”។

“ដី​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដែល​គេ​សម្លឹង​ឃើញថា មានតម្លៃ​ថ្លៃ មាន 3ទីតាំង មាន​តំបន់​ធនាគារ​លើផ្លូវ​ក្រមួនស មានតម្លៃ​ចន្លោះ​ពី 7,000 ទៅ 10,000ដុល្លារ ក្នុង 1ម៉ែត្រការ៉េ។ បឹង​កេងកង​មានតម្លៃ ដល់​ទៅ​ប្រមាណ 6,000 ទៅ 7,000ដុល្លារ ក្នុង 1ម៉ែត្រការ៉េ និង​នៅ​កោះ​ពេជ្រ ម្តុំ​អុីអន​មានតម្លៃ 4,000-5,000ដុល្លារ ក្នុង1ម៉ែត្រការ៉េ។ ឯ​ដី​នៅ​ជាយក្រុង វា​ឡើង​ច្រើនជាង និង​នៅក្នុង​ក្រុង​វា​ឡើង​តិចជាង។ ដី​នៅក្នុង​ក្រុង​ឡើង​តិចជាង ឧទាហរណ៍​តម្លៃ​ដី 1,200 ហើយ​ឡើង 1,300ដុល្លារ បើ​គិត​ភាគរយ​វា​តិច​ទេ គឺ​ឡើង100ដុល្លារ តែបើ​ដី​នៅ​ជាយក្រុង​វិញ វា​ឡើង​ពី 50 ទៅ 100ដុល្លារ គឺ​ឡើង​តែ 50ដុល្លារ​ទេ តែ​វា​គុណ​នឹង2។ ដូច្នេះ​ភាគរយ ថ្លៃ​ដី​នៅក្រៅ​ក្រុង​ឡើង​ខ្ពស់ជាង”។ នេះ​បើតាម​លោក សន សៀ​ប បានបញ្ជាក់។

លោក សន សៀ​ប បានឱ្យដឹងថា អ្នកវិនិយោគ​តែងតែ​សួរថា តើ​បច្ចុប្បន្ន​អចលនទ្រព្យ​គួរ​វិនិយោគ​ទៅលើ​តំបន់​មួយណា ឬ​ប្រភេទ​មួយណា? សម្រាប់​ខ្មែរ​យើង ដី​នៅជាយៗក្រុង នៅតែ​ល្អ សម្រាប់​ការវិនិយោគហើយ​និង​ដី​នៅតាម​គម្រោង​អភិវឌ្ឍន៍ធំផ្សេងៗនៅតាម​បណ្តា​ខេត្ត ឬ​នៅតាម​តំបន់ឆ្នេរ។

អគារខុនដូ និងផ្សារទំនើបថ្មីកំពុងត្រូវបានអភិវឌ្ឍក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន

លោក​បាន​ឱ្យដឹងទៀតថា ការចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ និង​សំណង់​របស់​វិស័យ​ឯកជន គឺជា​ការរួមចំណែក​មួ​យ​ក្នុង​ចក្ខុវិស័យ នៃ​យុទ្ធសាស្ត្រ​តម្រង់ទិស​អភិវឌ្ឍន៍​របស់​រាជធានី​ភ្នំពេញ ឆ្នាំ2035 ដែល​ទទួលបាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល សំដៅលើ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ឱ្យមាន​ប្រសិទ្ធភាព និង​និរន្តរភាព។

លោក សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន Key Real Estate បាន​មានប្រសាសន៍​ទាក់ទង​នឹង​ការវិវឌ្ឍ​ចុងក្រោយ​នៃ​វិស័យ​អចលនទ្រព្យ​ថា ទោះបី​អចលនទ្រព្យ​កម្ពុជា​កំពុង​ទទួលបាន​កំណើន​ខ្លាំង​ក៏ដោយ ក៏​ឧស្សាហ​កម្មនេះ​ទំនងជា​នឹងរង​ឥទ្ធិពល​ដោយ​ពាក់ព័ន្ធ​ទៅនឹង​មេរោគ Coronavirus ថ្មី​មកពី​ទីក្រុង Wuhan នៅ​ប្រទេស​ចិន ដែល​ខណៈ​នេះ លោក​ក៏​ទទួលស្គាល់​ពី​ផលប៉ះពាល់​លើ​ឧស្សាហ​កម្មនេះ ដោយសារ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​ត្រូវបាន​ចូលរួម​ដោយ​វិនិយោគិន​ចិន ជាពិសេស​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នេះ​តែម្ដង។

លោក សន សៀ​ប បាន​បញ្ជាក់ថា៖“វា​អាច​នឹង​ប៉ះពាល់​ដល់ទី​ផ្សារ​អចលនទ្រព្យ ប៉ុន្តែ​យើង​បាន​កត់សម្គាល់ថា ផលប៉ះពាល់​នេះ​នឹង​មិនមាន​រយៈពេល​យូរ​ទេ។ ការផ្ទុះ​ឡើង​នេះ គឺជា​កត្តា​ខាងក្រៅ ហើយ​ខ្ញុំ​ជឿជាក់ថា ស្ថានភាព​នឹង​ឆាប់​ជាសះស្បើយ និង​ស្ងប់ស្ងាត់​ទៅវិញ។ ពិតណាស់​ក្នុងអំឡុង​ពេលនេះ វា​នឹងមាន​ផលប៉ះពាល់​តិចតួច​លើ​ផ្នែក​ជួល​នៃ​ទីផ្សារ​អចលនទ្រព្យ។ តែ​មិនគួរ​មានការ​ព្រួយបារម្ភ​ច្រើនពេក​អំពី​វា​ទេ។ ខ្ញុំ​គិតថា គ្រាន់តែ​ជា​ផលប៉ះពាល់​មួយរយៈ​ពេល​ខ្លី​ប៉ុណ្ណោះ”៕

Advertisement