មហាសេដ្ឋី​អាមេរិក​ម្នាក់​ចំណាយ​ទុន​ 1,000​លាន​ដុល្លារ​អាមេរិក​ ទិញ​ភាគហ៊ុន​ Tesla​ ពេល​នេះ​ចំណេញ​កប់ក្ដោង​

ជំនឿ​ចិត្ត​ដែល​មហាសេដ្ឋី​ Larry​ Ellison​ (CEO​ របស់​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​អេឡិចត្រូនិក​ Oracle​) ទៅលើ​មហាសេដ្ឋី​ Elon​ Musk​ CEO​ នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ Tesla​ ដែល​ជា​មិត្ត​ម្នាក់​របស់​ខ្លួន​ បាន​នាំមក​នូវ​ “ផ្លែផ្កា​ដ៏​ផ្អែម​ត្រជាក់​”។

យោង​តាម​សារព័ត៌មាន​ Bloomberg​ នៅមុន​ពេល​ក្លាយជា​សមាជិក​ម្នាក់​ក្នុង​ក្រុមប្រឹក្សា​ភិបាល​ Tesla​ កាលពី​ខែធ្នូ​ ឆ្នាំ​2018​ លោក​ Ellison​ បាន​ទិញ​ភាគហ៊ុន​ Tesla​ ដល់ទៅ​ 3លាន​ហ៊ុន​ ដែល​មានតម្លៃ​ប្រមាណ​ជា​ 1,000​លាន​ដុល្លារ​អាមេរិក​ ប៉ុន្តែ​បច្ចុប្បន្ន​ ភាគហ៊ុន​នេះ​បាន​កើន​តម្លៃ​ដល់ទៅ​ 1,600​លាន​ដុល្លារ​អាមេរិក​ឯណោះ​។

តម្លៃ​ភាគហ៊ុន​ Tesla​ បាន​កើនឡើង​ថែម​ 25​% ដោយ​ប្រើ​រយៈពេល​ត្រឹមតែ​ 2សប្ដាហ៍​ដំបូង​នៃ​ឆ្នាំ​2020​ ប៉ុណ្ណោះ​ ដោយសារ​ការ​ប្រគល់​ទំនិញ​របស់​ Tesla​ បាន​លោត​ផុត​ការ​គ្រោងទុក​ ហើយ​ក្រុមហ៊ុន​នេះ​ ក៏បាន​ចាប់ផ្ដើម​ប្រគល់​រថយន្ត​ម៉ាក​ Tesla​ ដែល​ផលិត​នៅ​ប្រទេស​ចិន​ ទៅ​ឱ្យ​អតិថិជន​នៅក្នុង​ប្រទេស​មួយ​នេះ​ផង​ដែរ​។

ការ​ជួញដូរ​មូលបត្រ​កាលពី​ថ្ងៃទី​14​ មករា​កន្លងទៅ​ តម្លៃ​ភាគហ៊ុន​របស់​ Tesla​ បាន​កើន​ថែម​ 2.5​% បង្កើត​បាន​កំណត់ត្រា​ថ្មី​ ជិត​ស្មើនឹង​ 538​ដុល្លារ​ក្នុង​ 1ហ៊ុន​។

មហាសេដ្ឋី​អាមេរិក​ Elon​ Musk​ ក៏​ទទួល​បានផល​ចំណេញ​យ៉ាង​ធំធេង​ពី​ការ​កើនឡើង​នៃ​តម្លៃ​មូលបត្រ​របស់​ក្រុមហ៊ុន​ Tesla​ នេះ​ផង​ដែរ​៕

ប្រភព​៖ សារព័ត៌មាន​បរទេស​

Advertisement