អ្នកដាំកៅស៊ូមានសង្ឃឹមឡើងវិញ៖ ចិនប្រកាសទិញកៅស៊ូ 3សែនតោនពីកម្ពុជា

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះអាជ្ញាធរខេត្តសានស៊ី ប្រទេសចិនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយជាមួយកម្ពុជា ដើម្បីទិញកៅស៊ូពីកម្ពុជាចំនួន 300,000តោន ដែលអាចនឹងចាប់ផ្ដើមនាំចូលលើកដំបូងនៅឆ្នាំ2018។
នេះបើតាមការឱ្យដឹងពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មក្នុងជំនួបជាមួយឯកឧត្តមឧកញ៉ា ហ្ចាក់គី សែចិន ដែលដឹកនាំប្រតិភូចិន និងជប៉ុនដើម្បីជួបពិភាក្សាការងារវិនិយោគលើកិច្ចការពាណិជ្ជកម្មនៅកម្ពុជា។

ក្នុងជំនួបនេះឯកឧត្តមឧកញ៉ា ហ្ចាក់គី សែចិន បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា គោលបំណងនៃការជួបប្រជុំនេះគឺមាន2ចំណុច ដែលទីមួយគឺ ការធ្វើរបាយការណ៍ស្តីពីការប្រព្រឹត្តទៅនៃមជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងស៊ីអាន (Xi’an) ខេត្តសានស៊ី (Shaanxi) ប្រទេសចិន និងទីពីរគឺ ណែនាំវិនិយោគិនជប៉ុនដែលមានបំណងបង្កើតរោងចក្រមួយនៅកម្ពុជាឱ្យស្វែងយល់ពីការវិនិយោគនៅកម្ពុជា។

នៅលើចំណុចទីមួយ ឯកឧត្តមឧកញ៉ា ហ្ចាក់គី សែចិន បានជម្រាបឱ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងស៊ីអានកំពុងតែដំណើរការយ៉ាងសកម្ម ជាពិសេសការដាក់តាំងលក់ផលិតផលកម្ពុជាជូនដល់អតិថិជនចិន។
មជ្ឈមណ្ឌលបានធ្វើការវេចខ្ចប់អង្ករចំនួន 5,000តោន ដែលបានទិញពីកម្ពុជាដោយមិនមានការបង់ពន្ធទៅជាកញ្ចប់តូចៗ ដើម្បីដាក់លក់រាយនៅតំបន់ពាណិជ្ជកម្មសេរីនៅខេត្តសានស៊ី។ បន្ថែមពីនេះទៀត ថ្មីៗនេះខេត្តសានស៊ីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយជាមួយកម្ពុជាដើម្បីទិញកៅស៊ូកម្ពុជាចំនួន 300,000តោន ដែលលោកឧកញ៉ាសង្ឃឹមថា នឹងអាចចាប់ផ្ដើមនាំចូលលើកដំបូងក្នុងឆ្នាំ2018។

ចំពោះចំណុចទីពីរវិញលោកឧកញ៉ាបានធ្វើការណែនាំវិនិយោគិនជប៉ុនមួយក្រុមដែលមានបំណងមកបង្កើតរោងចក្រកែច្នៃឈើគាបចេញពីកម្ទេចឈើ សំបកដូងប្រេង និងរុក្ខជាតិដទៃទៀតដើម្បីនាំចេញទៅជប៉ុនវិញសម្រាប់ដុតនៅក្នុងរោងចក្រអគ្គីសនី Biomass។ វិនិយោគិនជប៉ុនបានបន្ថែមឱ្យដឹងថា ក្រុមរបស់លោកកំពុងតែសិក្សាទីតាំងនៅខេត្តព្រះសីហនុ ហើយនឹងរៀបចំចាប់ផ្ដើមសាងសង់នៅពេលខាងមុខ។

ជាការឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងអំណរគុណដល់អ្នកឧកញ៉ា និងក្រុមវិនិយោគិនជប៉ុនដែលមានបំណងបោះទុនវិនិយោគនៅកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីមានសេចក្ដីរីករាយយ៉ាងខ្លាំងចំពោះភាពជោគជ័យរបស់មជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងស៊ីអាន។

ឯកឧត្តមសំណូមពរឱ្យខេត្តស៊ីអានបន្តសហការពាណិជ្ជកម្មឱ្យកាន់តែខ្លាំងថែមទៀតជាមួយនឹងកម្ពុជា ជាពិសេសការទិញបន្ថែមនូវកសិផលិតផលកម្ពុជា និងការបណ្ដុះបណ្ដាលជំនាញកសិកម្ម ដោយសារខេត្តសានស៊ីមានសាលាបណ្ដុះបណ្ដាលកសិកម្មមួយដែលមានជំនាញខ្ពស់លើវិស័យកសិកម្ម។ ចំពោះគម្រោងរោងចក្រកែឆ្នៃឈើគាប ឯកឧត្តមយល់ថា ជាគំនិតដ៏ល្អមួយ ដោយកម្ពុជាមានកម្ទេចឈើ និងកម្ទេចរុក្ខជាតិដទៃទៀតជាច្រើនដែលមិនបានយកមកប្រើប្រាស់ឱ្យមានប្រយោជន៍អ្វីឡើយ។
ម្យ៉ាងវិញទៀតឯកឧត្តមរដ្ឋមន្ត្រីបានមានមតិឱ្យក្រុមហ៊ុនសិក្សាពីការធ្វើចម្ការដាំដើមឈើដើម្បីគាំទ្រដល់ផលិតកម្មរបស់រោងចក្រប្រកបដោយចីរភាពផង៕

 

Advertisement