ការរក្សារចនាប័ទ្មខ្មែរក្នុងវិស័យស្ថាបត្យកម្មមានសារៈសំខាន់យ៉ាងណាខ្លះ?

អំឡុងពេល 3ខែចុងក្រោយនេះ អាជ្ញាធរតែងតែលើកជាសំណើទៅដល់វិស្វករ ក៏ដូចជាអ្នកអភិវឌ្ឍន៍ឱ្យចូលរួមថែរក្សារចនាប័ទ្មខ្មែរសម្រាប់គម្រោងអភិវឌ្ឍន៍របស់ខ្លួន ពិសេសថ្មីៗនេះសូម្បីតែអគារ 135ជាន់ដែលជាអគារខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាក៏ត្រូវបាននិងកំពុងតែកែប្រែប្លង់ដើម្បីដាក់បញ្ចូលរចនាប័ទ្មខ្មែរដែរ។

ឯកឧត្ដម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថាស្ថាបត្យករគួរតែរក្សាឱ្យបាននូវអត្ដសញ្ញាណជាតិដើម្បីឱ្យស្របគ្នាទៅនឹងការដាក់ចេញរបស់ថ្នាក់ដឹកនាំក្រសួង។ ក្នុងនោះក៏មានការតម្រូវឱ្យគណៈស្ថាបត្យករមានការចងក្រងនូវលក្ខណៈស្ថាបត្យកម្មណាដែលមានលក្ខណៈល្អ ទុកជូនវិនិយោគិនជាតិ និងអន្ដរជាតិធ្វើជាគំរូខ្លះៗសម្រាប់ការងារវិនិយោគ។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា៖” ការងារបញ្ជ្រាបចូលនូវរចនាប័ទ្មខ្មែរនេះជាកត្តាសំខាន់ក្នុងរក្សាបានអត្ដសញ្ញាណជាតិ នៅពេលណាដែលយើងធ្វើបានល្អ និងខុសប្លែកពីគេ ទេសចរនឹងមិនទៅមើលកន្លែងផ្សេងទេ គេនឹងមកទស្សនាប្រទេសយើងដោយសារតែយើងមានលក្ខណសម្បត្ដិល្អ និងរក្សាបាននូវអ្វីដែលជារបស់ខ្មែរ ប៉ុន្ដែយើងក៏ត្រូវចេះធ្វើឱ្យទៅជាទំនើបកម្មផងដែរ។ យើងអាចធ្វើរចនាប័ទ្មជាខ្មែរ តែយើងប្រើសម្ភារទំនើបៗដូចជាបេតុង ឬជាកញ្ចក់ក៏បាន”។ ឯកឧត្ដមបន្ដថា អត្ដសញ្ញាណខ្មែរមិនមែនមានន័យថា យើងចាំបាច់ត្រូវធ្វើរូបរាងខាងក្រៅឱ្យចេញមកជាបែបខ្មែរទើបហៅថាមាននិយមន័យបែបហ្នឹងទេ យើងធ្វើរចនាប័ទ្មនៅខាងក្នុងផ្ទះក៏អាចមាននិយមន័យថាជាអត្ដសញ្ញាណខ្មែរបានដែរ។

លោកសេង វណ្ណៈ ជាម្ចាស់អគារលំនៅដ្ឋានមានឈ្មោះថា “ទ្រនំ” ដែលគេមើលឃើញថា ការតុបតែងរចនាផ្ទៃខាងក្នុងអគាររបស់លោកមានលក្ខណៈជារចនាប័ទ្មខ្មែរច្រើន ព្រមទាំងគោរពបាននូវបទដ្ឋានបរិស្ថានបៃតងផងនោះ បានបញ្ជាក់ថា ការសាងសង់អគារមួយនោះគឺលោកបានគិតថា ត្រូវធ្វើយ៉ាងណាឱ្យបានដាក់បញ្ចូលរចនាប័ទ្មខ្មែរខ្លះ និងមានគំនិតអ្វីដែលថ្មី ប្លែក ទើបទីតាំងរបស់លោកអាចទាក់ទាញអ្នកចូលមករស់នៅបានច្រើន ព្រមទាំងទទួលបានកម្រៃពីការជួលខ្ពស់ផងដែរ។

លោកសាស្រ្តាចារ្យ ទួស សាភឿន ប្រធានផ្តួចផ្តើមសម្រាប់គម្រោងប្លង់អគារពាណិជ្ជកម្មភ្លោះ ថៃ ប៊ុនរ៉ុង និងជាអគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជា បានឱ្យដឹងថា ប្លង់អគារពាណិជ្ជកម្មនេះកំពុងកែប្រែប្រមាណ 40 ភាគរយពីប្លង់អគារចាស់។ ការកែប្រែនេះ គឺដើម្បីបង្កើនសោភ័ណភាព រចនាប័ទ្ម ស្ថាបត្យកម្មពិសេស ការដាក់បញ្ចូលនូវអ្វីជារចនាប័ទ្មរបស់ខ្មែរទៅក្នុងអគារនេះ នឹងត្រូវសាងសង់ដោយប្រើបច្ចេកវិទ្យាទំនើបបំផុត៕

Advertisement