ដាំបន្លែតាមបច្ចេកវិទ្យាថ្មីប្រើពេលតិច តែបានថ្លៃខ្ពស់នៅលើទីផ្សារ

ការផ្លាស់ប្តូរទម្លាប់នៃការដាំដំណាំ ពិតជាមានសារៈសំខាន់ណាស់សម្រាប់កសិករ ដោយមិនចាំបាច់ប្រើសារធាតុគីមី មិនចំណាយកម្លាំងពលកម្មច្រើន ហើយវាថែមទាំងមានតម្លៃខ្ពស់នៅ​លើទីផ្សារ និងមិនបារម្ភពីការលក់មិនអស់នោះឡើយ។

លោក ហុយ ថេង រស់នៅក្នុងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល បានប្រាប់ថា លោកបានចាប់យករបរដាំបន្លែនេះជាង 10ឆ្នាំមកហើយ ប៉ុន្តែទើបតែងាកមកដាំបន្លែក្នុងផ្ទះសំណាញ់តាមគោលការណ៍ធម្មជាតិនេះជាង 1ឆ្នាំប៉ុណ្ណោះ។ បើធ្វើការប្រៀបធៀបកាលពីនៅដាំបន្លែធម្មតាតាមទម្លាប់ និងការដាំបន្លែក្នុងផ្ទះសំណាញ់នេះ គឺមានការខុសគ្នាឆ្ងាយណាស់ ទាំងសុខភាពក៏ដូចជាជីវភាព ព្រោះការដាំបន្លែតាមទម្លាប់គឺយើងត្រូវប្រើកម្លាំងពលកម្មច្រើនក្នុងការថែទាំ ហើយត្រូវប្រើលុយ ក្នុងការជួលមនុស្សមើលថែ និងធ្វើស្មៅជាប្រចាំ ព្រមទាំងត្រូវចំណាយលុយទិញជីច្រើន និងទិញថ្នាំគីមីដើម្បីបាញ់សម្លាប់សត្វល្អិតចង្រៃថែមទៀត ដែល«ការបាញ់ថ្នាំម្តងៗ បានធ្វើឱ្យប៉ះពាល់ខ្លាំងណាស់ដល់សុខភាពមនុស្ស ហើយមិនមែនតែខ្លួនឯងនោះទេ សូម្បីតែប្រពន្ធកូនក៏រងនូវផលប៉ះពាល់ផងដែរ ក្រោយពីបន្លែបានផលលក់រួចយកលុយមកទូទាត់ថ្លៃឈ្នួល ថ្លៃជី ថ្លៃថ្នាំ ក៏ដូចជាការថែទាំសុខភាពនោះគឺស្ទើរតែមិនសល់នោះទេ»។

លោកថា ក្រោយពីងាកមកដាំបន្លែក្នុងមុងសំណាញ់នេះមក គឺឃើញថាអាចកាត់បន្ថយការចំ​ណាយច្រើន ហើយប្រើពេលខ្លីជាង និងទទួលបានទិន្នផលច្រើនជាង ពេលលក់ចេញក៏បានតម្លៃខ្ពស់ជាង ធ្វើឱ្យជីវភាពប្រសើរឡើងជាងមុន។ លោកក៏បានបន្ថែមដែរថា ការដាំនេះគឺមិនខុសពីបន្លែតាមទម្លាប់ប៉ុន្មាននោះទេ គ្រាន់តែយើងធ្វើរោងគ្របពីលើប៉ុណ្ណោះ ហើយធ្វើម្តងគឺប្រើបានច្រើនឆ្នាំទៀតផង។

លោក ទ្រី ណារ៉េត កសិករដាំបន្លែតាមបច្ចេកវិទ្យាថ្មីម្នាក់ទៀតក៏បានឱ្យដឹងផងដែរថា លោកក៏ដាំបន្លែក្នុងផ្ទះសំណាញ់នេះជាង1ឆ្នាំមកហើយដែរ នៅលើផ្ទៃដីទំហំ 8ម៉ែត្រគុណ 140ម៉ែត្រ ហើយជាមធ្យមប្រមូលផល 1លើកៗលក់បានប្រមាណ 3លានរៀលដែរ  «បន្លែសរីរាង្គក្នុងផ្ទះសំណាញ់នេះ គឺមិនចាំបាច់ប្រើថ្នាំគីមីសម្លាប់សត្វល្អិតនោះទេ ហើយបើប្រើជី គឺប្រើជីកំប៉ុសដែលធ្វើដោយខ្លួនឯង មិនបាច់ទិញថ្នាំគីមីសម្លាប់សត្វល្អិត នាំតែអស់លុយនោះទេ លើសពីនេះវាចំណាយពេលតិចត្រឹមតែ 29ថ្ងៃប៉ុណ្ណោះអាចទទួលបានផលហើយ ខុសពីបន្លែធម្មតាដែលត្រូវប្រើពេល1ខែកន្លះ ទៅ 1ខែ 20ថ្ងៃ ឯណោះ»។

សម្រាប់តម្លៃលក់ចេញគឺ ស្ពៃចង្កឹះ ស្ពៃខ្មៅ 1គីឡូក្រាម 2500រៀល ស្ពៃក្រញ៉ាញ់ ស្ពៃឡៃស៊ីម និងស្ពៃតឿ 1គីឡូក្រាម 3,500រៀល ចំណែកឯខាត់ណាឈើ 1គីឡូក្រាម 5,500រៀល ផ្កាខាត់ណាពណ៌ស 1គីឡូក្រាម 600០រៀល ហើយបើខាត់ណាផ្កាពណ៌ខៀវវិញបានដល់ទៅ 8,000រៀលក្នុង 1គីឡូក្រាម ព្រោះមិនប៉ះពាល់ដល់សុខភាពទាំងអ្នកដាំ ក៏ដូចជាអ្នកទទួលទានដែរ។

ទន្ទឹមនឹងនោះដែរលោក សេង គឹមសុខ មន្ត្រីការិយាល័យកសិកម្មស្រុកស្អាង បានលើកឡើងថា ស្អាងគឺជាស្រុកមួយដែលជាប់ចំណាត់ថ្នាក់លេខមួយទូទាំងប្រទេស ក្នុងការផ្គត់ផ្គង់បន្លែគ្រប់ប្រភេទច្រើនជាងគេ ដែលក្នុងថ្ងៃមួយៗគិតជាមធ្យមមិនក្រោម 20តោននោះទេ។ បើទោះជាការផលិតបន្លែសរីរាង្គហាក់នៅមានកម្រិតក្តី ប៉ុន្តែបច្ចុប្បន្នកសិករមួយចំនួនក៏កំពុងងាកមកដាំបន្លែសរីរាង្គវិញដែរ មានដូចជានៅក្នុងឃុំក្រាំងយ៉ូវ ឃុំស្វាយប្រទាល និងឃុំកោះខ្សាច់ទន្លា ជាដើម។ លោកបន្តថា កសិករនៅទីនេះចាប់ផ្តើមចេះដាំបន្លៃសរីរាង្គជាង3ឆ្នាំមកហើយ គឺដោយមានការជួយឧបត្ថមពីគម្រោងអភិវឌ្ឍន៍កសិកម្ម និងជំរុញកំណើនសេដ្ឋកិច្ចហៅកាត់ថា ប៉ារ៉ាឌី ពីអង្គការអាគ្រីស៊ុត អង្គការអាយធីអឹម និងអង្គការអេសអិនវី ទាំងបច្ចេកទេស ក៏ដូចជាទុនកម្ចីផងដែរ៕

Advertisement