បងប្អូនរស់នៅលើអគារប៊ុលឌិង-ស កំពុងហូបនំបញ្ចុកលាគ្នា

ក្រោយពីមានការសម្របសម្រួលពីរដ្ឋមន្រ្ដីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជូនប្រជាពលរដ្ឋដែលរស់នៅលើអគារប៊ុលឌិងសរួចមក មានប្រជាពលរដ្ឋជាច្រើនគ្រួសារបានរើឥវ៉ាន់របស់ខ្លួនចេញជាបណ្ដើរៗ ហើយនៅថ្ងៃទី10 ខែមិថុនានេះផងដែរ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកម្មវិធី​ជប់លៀងលាគ្នា (ហូបនំបញ្ចុករួមគ្នា) ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅលើអគារប៊ុលឌិញ និងឯកឧត្ដមរដ្ឋមន្រ្ដីទេសរដ្ឋមន្រី្ដជា សុផារ៉ា។

បើទោះបីជានៅក្នុងកម្មវិធីនេះ មានបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងអគារប៊ុលឌិញ មកចូលរួមជាច្រើនក្ដី ក៏ប៉ុន្តែទឹកមុខរបស់ពួកគាត់ មិនសូវសប្បាយចិត្តឡើយ ព្រោះពួកគាត់នៅនឹកស្រណោះ អាល័យអាឡោះ ទីកន្លែងដែលធ្លាប់រស់នៅ ជាពិសេសគឺអនុស្សាវរីយ។ ជាក់ស្ដែងអ៊ុំស្រី ឌិត មុំ បានបង្ហាញអារម្មណ៍ពិតថា គាត់សប្បាយរីករាយ​នៅពេលដែលរដ្ឋាភិបាល ជាពិសេសគឺឯកឧត្ដមរដ្ឋមន្រ្ដីទេសរដ្ឋមន្រី្ដជា សុផារ៉ា បានផ្ដល់នូវដំណោះស្រាយល្អ ប៉ុន្តែ​អ៊ុំស្រី ក៏បង្ហាញអារម្មណ៍​សោកស្ដាយផងដែរ ព្រោះវាជាទីតាំងដែលគាត់ធ្លាប់រស់នៅអស់រយៈជាច្រើនឆ្នាំ ខណៈដែលអគារនេះនឹងត្រូវវាយកម្ទេចនៅក្នុងពេលឆាប់ខាងមុខនេះ ជាពិសេសគឺគាត់នឹកអាល័យអ្នកជិតខាងដែលធ្លាប់រស់នៅក្បែរគ្នា៕

Advertisement