ការទិញខុនដូមានឱកាសទទួលបានចំណូលខ្ពស់ជាងផ្ទះល្វែង?

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យនានាបានលើកឡើងថា ការទិញខុនដូមានឱកាសចំណេញខ្ពស់ពីការវិនិយោគច្រើនជាងការទិញផ្ទះល្វែង ខណៈការផ្គត់ផ្គង់លំនៅដ្ឋានកើនឡើងកាន់តែច្រើន។

លោក លី សែនលាភ អគ្គនាយកក្រុមហ៊ុន NAKI FURI បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការទិញខុនដូសម្រាប់ជួលមានឱកាសទទួលបានផលចំណេញខ្ពស់ ដោយអ្នកទិញអាចជួលឲ្យម្ចាស់ដើមវិញ ដើម្បីយកមកធ្វើជាសណ្ឋាគារសម្រាប់ជួល។ ជាក់ស្តែងអគារ Silver Town ទទួលបានឱកាសចំណេញខ្ពស់ ព្រោះអ្នកទិញ អាចជួលត្រឡប់ទៅឲ្យក្រុមហ៊ុនវិញ ដើម្បីទទួលបានចំណូលប្រចាំខែ។

លោកបន្តថា «ខ្ញុំនៅតែមើលឃើញទីផ្សារជួលថានៅតែល្អសម្រាប់អ្នកទិញខុនដូសម្រាប់ជួលនាពេលបច្ចុប្បន្ននេះ»។ យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានរកឃើញថា ចំនួនខុនដូផ្គត់ផ្គង់ចូលទីផ្សារ នឹងកើនឡើងដល់ជាង 36,000យូនីតនៅឆ្នាំ2020 ខាងមុខនេះ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានលើកឡើងស្រដៀងគ្នាថា រវាងការទិញផ្ទះល្វែង និងទិញខុនដូសម្រាប់ជួល ការទិញខុនដូទទួលបានប្រាក់ចំណេញពីការវិនិយោគ (return of investment ) ខ្ពស់ជាងការទិញផ្ទះល្វែង ឬវីឡាសម្រាប់ជួល ព្រោះផ្ទះជួលមានតម្លៃជួលទាប។ លោកបន្តថា ផ្ទះតម្លៃ 20ទៅ 30ម៉ឺនដុល្លារ អាចជួលបានតម្លៃ 7០០ទៅ 8០០ដុល្លារ តែទិញខុនដូតម្លៃ1០ ទៅ 15ម៉ឺនដុល្លារអាចជួលបានតម្លៃ1,5០០ ទៅ 2,០០០ដុល្លារក្នុងមួយខែ។

លោកបន្តថា ការទិញផ្ទះទុកសម្រាប់ជួលប្រសិនជាបានប្រាក់ចំណេញពីការវិនិយោគ 1០ភាគរយឡើងប្រចាំឆ្នាំជាការវិនិយោគល្អ ផ្ទុយទៅវិញបើសិនជាទទួលបានប្រាក់ចំណេញពីការវិនិយោគទាបជាងនេះ មិនមែនជាការវិនិយោគល្អនោះទេ៕

Advertisement