ត្រឹមរយៈ 2 ថ្ងៃប្រជាជននៅលើ “អគារប៊ុលឌិងស” ចំនួន 110 បន្ទប់ត្រូវបានរើចេញ

រហូតមកដល់ពេលនេះមានរយៈពេល 2 ថ្ងៃហើយដែលប្រជាពលរដ្ឋរស់នៅលើ ”អគារប៊ុលឌិងស” បាននាំគ្នារើអីវ៉ាន់របស់ខ្លួនចេញពីបន្ទប់រស់នៅដើម្បីទទួលបានប្រាក់សំណងពីក្រុមហ៊ុនអភិវឌ្ឍន៍។

ក្រោយពីមានការសម្របសម្រួលពីរដ្ឋមន្រ្ដីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់អំពីសំណងជូនប្រជាពលរដ្ឋដែលរស់នៅលើអគារប៊ុលឌិងសរួចមក ប្រជាពលរដ្ឋជាង 200 គ្រួសារបានឯកភាពចាប់ផ្តើមរើឥវ៉ាន់របស់ខ្លួនចេញពីបន្ទប់នៅថ្ងៃទី06 ខែមិថុនា ឆ្នាំ2017។ ជាលទ្ធផលកាលពីម្សិលមិញមានប្រជាពលរដ្ឋចំនួន 75 បន្ទប់បានរើឥវ៉ាន់ចេញនឹងទទួលបានប្រាក់សំណងរួចរាល់ហើយ។

ដោយឡែកនៅថ្ងៃនេះគិតចាប់ពីម៉ោង11និង30នាទីប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិចំនួន 110គ្រួសារ ដែលរស់នៅលើអគារដ៏ចំណាស់នេះក៏បានទទួលប្រាក់ទូទាត់សំណងរួចហើយដែរ បន្ទាប់ពីពួកគេបានប្រគល់បន្ទប់ស្នាក់នៅទាំងនោះឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ចូលកាន់កាប់រួចមក។

គួរបញ្ជាក់ថា នៅពេលប្រជាពលរដ្ឋទាំងអស់ទទួលបានប្រាក់ទូទាត់រួចរាល់ និងអគារទាំងមូលត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ហើយ ក្រុមហ៊ុនពិស្ណុការនឹងទទួលភារកិច្ចក្នុងការវាយរំលំអគារប៊ុលឌិងសនេះ៕

Advertisement