ដើមឆ្នាំ2019​ ទុន​វិនិយោគ​លើ​វិស័យ​សំណង់​មាន​ប្រមាណ​ 829លាន​ដុល្លារ​

នៅក្នុង​ខែមករា​ ឆ្នាំ2019​ កន្លងទៅ​នេះ​ ការ​វិនិយោគ​លើ​វិស័យ​សំណង់​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ប្រមាណ​ 829លាន​ដុល្លារ​ មានការ​កើនឡើង​រហូតដល់​ 178​% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018​ កន្លងទៅ​នេះ​។

ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បាន​លើកឡើង​ថា​ ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ និង​សំណង់​បាន​ក្លាយជា​សសរ​ស្តម្ភ​ស្នូល​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។ ចំពោះ​ក្រុមហ៊ុន​សាងសង់​ និង​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​ដែល​មាន​អាជ្ញាប័ណ្ណ​ចំនួន​ 2,307​ ក្រុមហ៊ុន​ រួមមាន​ស្ថាបត្យករ​ប្រមាណ​ជាង​ 2,500នាក់​ វិស្វករ​ប្រមាណ​ជាង​ 30,000​ នាក់​។ នេះ​ គឺជា​សញ្ញា​វិជ្ជមាន​ដ៏​ប្រសើរ​មួយ​ចំពោះ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ និង​បន្ត​ទៅ​ថ្ងៃ​អនាគត​។

ឯកឧត្តម​បាន​បន្ត​ថា​៖“ជាក់ស្ដែង​នៅក្នុង​រយៈពេល​ 10ឆ្នាំ​ចុងក្រោយ​នេះ​ដោយ​រាប់​ចាប់ពី​ឆ្នាំ2010​ រហូតដល់​ឆ្នាំ2019​ ទំហំ​វិនិយោគ​លើ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ​ជា​ 43,896​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ហើយ​នៅដើម​ឆ្នាំ2019នេះ​ ការ​វិនិយោគ​លើ​វិស័យ​មួយ​នេះ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ 829លាន​ដុល្លារ​អាមេរិក​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​ ឃើញថា​មានការ​កើនឡើង​ប្រមាណ​ 178​% ”។

ឯកឧត្តម​បាន​បញ្ជាក់​ទៀត​ថា​ ជាមួយនឹង​ការ​អភិវឌ្ឍន​គរូប​នី​យក​ម្ម​ និង​សំណង់​ដែល​កំពុង​មាន​កំណើន​ក្នុង​ល្បឿន​ដ៏​លឿន​នេះ​ យើង​អាច​មើលឃើញ​ពី​តម្រូវការ​វិនិយោគ​ជាច្រើន​ មាន​ជាអាទិ៍ដូចជា​ ការ​អភិវឌ្ឍ​សំណង់​លំនៅឋាន​ សំណង់​ពាណិជ្ជកម្ម​ សំណង់​សេវាកម្ម​ សំណង់​ឧស្សាហកម្ម​ សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ និង​បរិស្ថាន​ សេដ្ឋកិច្ច​សង្គម​។ ជាពិសេស​ការ​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​ បណ្តាញ​ផ្លូវ​ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ អគ្គិសនី​ ប្រព័ន្ធ​លូ​ និង​ប្រពន្ធ​ការពារ​ទឹកជំនន់​ ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ ការគ្រប់គ្រង​សំណល់រឹង​ និង​រាវ​ លម្ហ​សាធារណៈ​ និង​ផ្ទៃ​បៃតង​បរិស្ថាន​ទីក្រុង​ ដែល​សុទ្ធសឹង​ជា​ដំណោះស្រាយ​ដ៏​មានប្រសិទ្ធភាព​សម្រាប់​គោលដៅ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ មា​នប​រិយា​ប័ន្ន មាន​ភាព​ធន់​ និង​មាន​ភាព​ប្រកួតប្រជែង​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ2030​ ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​ និង​នៅ​ឆ្នាំ2050​ ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​)បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ឱ្យ​ដឹងផង​ដែរ​ថា​៖ “ជា​រួម​ វិស័យ​អចលនទ្រព្យ​ដែល​យើង​មើលឃើញ​នៅដើម​ឆ្នាំ2019​ នេះ​ វា​ដំណើរការ​ជា​ធម្មតា​នៅឡើយ​ទេ​ វា​អត់មាន​អ្វី​ជា​ឧបសគ្គ​ធំ​ទេ​ ព្រោះ​វា​ពុំ​មាន​អ្វី​ជា​អវិជ្ជមាន​ ប៉ះពាល់​ដល់​វិស័យ​នេះ​ទេ​ ហើយ​អ្វី​ដែល​ជា​ដំណើរការ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ​ គេ​អាច​ហៅ​បាន​ថា​មាន​សម្ទុះ​ខ្លាំង​ តែ​ក៏​ពុំ​ទាន់​មាន​អ្វី​លេចធ្លោ​នៅឡើយ​ដែរ​”។

លោក​ប្រធាន​សមាគម​បាន​បញ្ជាក់​ថា​ ពាក់ព័ន្ធ​នឹង​ទុន​វិនិយោគ​នៃ​វិស័យ​អចលនទ្រព្យ​ ជា​រួម​ វា​ចាប់ផ្តើម​គម្រោង​ និង​បាន​ដំណើរការ​ទៅ​ហើយ​ ដូចនេះ​ដើម្បី​ឱ្យ​ដឹងពី​ទំហំ​នៃ​គម្រោង​នេះ​ គឺ​យើង​ត្រូវ​មើល​លើ​ការងារ​របស់​វា​ ឬចុងបញ្ចប់​នៃ​គម្រោង​ និង​ការ​លក់​របស់​គម្រោង​នោះ​។

លោក​ សុ​ខនីម​ បាន​បន្ថែម​ថា​ ប៉ុន្តែ​គម្រោង​ដែល​មាន​ និង​បាន​បង្ហាញ​ពី​ទុន​វិនិយោគ​រួចហើយ​នោះ​ គេ​អាច​ប៉ាន់ស្មាន​បាន​ ប្រសិនបើ​គម្រោង​នោះ​បាន​ធ្វើ​ជាក់ស្តែង​ គឺ​យើង​អាច​ដឹងពី​ទំហំ​កំណើន​បាន​ថា​ ស្ថិត​ក្នុង​ចន្លោះ​ណា​? បើ​ទុន​នោះ​យក​មក​ពី​បរទេស​ គេ​អាច​វាយតម្លៃ​នៃ​ទុន​វិនិយោគ​នោះ​ដោយ​ធៀប​នឹង​ផលទុន​សរុប​របស់​ជាតិ​(ផ.ស.ស​)។ ពោល​គឺ​ ប្រសិនបើ​កើនឡើង​ប្រមាណ​ 800លាន​ គឺ​ថែម​តម្លៃ​នោះ​ចាក់​បញ្ចូល​ទៅ​ក្នុង​ផ.ស.ស​ នៃ​ថវិកាជាតិ​របស់​យើង​។

លោក​ប្រធាន​សមាគម​បាន​បញ្ជាក់​ទៀត​ថា​ ទោះបីជា​មិនទាន់​មានការ​បង្ហាញ​ពិ​វិស័យ​នេះ​ថា​មាន​អ្វី​ឱ្យ​លេចធ្លោ​ និង​គួរ​ឱ្យ​កត់សម្គាល់​ក៏ដោយ​ តែ​សម្រាប់​លោក​វិញ​ លោក​មើលឃើញ​ថា​ វិស័យ​នេះ​កំពុងតែ​ចាប់ផ្តើម​ល្អ​ ដោយ​ការ​លេចចេញ​នូវ​គម្រោ​ងថ្មី​ៗជាបន្តបន្ទាប់​ ឯគម្រោង​ចាស់​ក៏បាន​បញ្ចប់​ទៅ​ដោយ​រលូន​ និង​មាន​ទីផ្សារ​ល្អ​ដែរ​ ហើយ​ទំហំ​ទុន​វិនិយោគ​ចាប់ផ្តើម​ក្នុង​ដើមឆ្នាំ2019នេះ​ ក៏​បង្ហាញ​ពី​កំណើន​ច្រើនជាង​កាលពី​ឆ្នាំ​កន្លងទៅ​ដែរ​៕

Advertisement