ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភាគច្រើនបានមកពីកម្ចីបរទេស

នៅក្នុងឆ្នាំ2016 រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងខ្ចីឥណទានជាមួយបរទេស សរុបប្រមាណជា 802.05 លានដុល្លារអាមេរិក ឬប្រមាណ 595.52 លានអេសដេអ៊ែ ស្មើនឹង 85.០7% នៃពិដានដែលច្បាប់អនុញ្ញាត (700លានអេសដេអ៊ែរ) ក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានចំនួនប្រមាណ 60,74% ត្រូវនឹងប្រមាណ 487.20 លានដុល្លារអាមេរិក និងក្របខ័ណ្ឌពហុភាគីមានចំនួនប្រមាណ 39.26% ត្រូវនឹងប្រមាណជា 314.84លានដុល្លារអាមេរិក។

របាយការណ៍សង្ខេបស្តីពីបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យដឹងថា គោលបំណងនៃការខ្ចីឥណទានសម្បទានទាំងនេះ គឺសុទ្ធតែសម្រាប់ហិរញ្ញប្បទានលើគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យអាទិភាពរបស់រដ្ឋាភិបាល សំដៅរួមចំណែក ទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម ដែលក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធ គ្របដណ្តប់ប្រមាណជា 72.42% និងវិស័យអាទិភាពផ្សេងៗទៀតប្រមាណ 27,58%។ ជារួមឥណទានទាំងនេះសុទ្ធសឹងជាឥណទានដែលមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យម 48.32%។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាជាមួយភាគីចិន លើពិធីសារស្តីពីការលុបបំណុល ដែលមានទឹកប្រាក់ចំនួន 627.62 លានយន់ ឬប្រមាណជា 90.64 លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ1993 រហូតដល់ដំណាច់ឆ្នាំ2016 រដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយបរទេស ដែលជាដៃគូអភិវឌ្ឍន៍នានា សរុបចំនួនប្រមាណ 8,309.81លានដុល្លារអាមេរិក ក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធគ្របដណ្ដប់ប្រមាណ 86.60% និងវិស័យអាទិភាពផ្សេងៗទៀតប្រមាណ 13.40%៕

Advertisement