តម្លៃដីធ្លីនៅខេត្តសៀមរាបចាប់ផ្តើមកម្រើកម្តងទៀត

តម្លៃដីធ្លីនៅសៀមរាបកំពុងកើនឡើង ដោយសារមានការលេចឮព័ត៌មានពីការសាងសង់ព្រលានយន្តហោះថ្មី និងដីមួយផ្នែកត្រូវបានកាត់ចេញពីការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន Hutton CPL បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី7 មិថុនានេះថា ក្នុងចំណោមខេត្តមានសក្តានុពលសេដ្ឋកិច្ច ទាំងអស់ ខេត្តសៀមរាបតម្លៃដីមានការកើនឡើង ដោយសារមានការវិនិយោគកាន់តែច្រើននៅក្នុងខេត្តសម្បូរប្រាង្គប្រាសាទមួយនេះ និងដំណឹងស្តីពីការសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តនេះផង បានធ្វើឲ្យអ្នកវិនិយោគមួយចំនួនប្រមូលទិញដីច្រើននៅតាមតំបន់គោលដៅមួយចំនួន ព្រមទាំងមានសកម្មភាពទិញដីពុះជាឡូត៍លក់កំពុងតែមមាញឹកផងដែរ។

លោកបន្តថា “តម្លៃដីនៅខេត្តសៀមរាបអាចឡើងថ្លៃតទៅទៀត ដោយសារមានសកម្មភាពវិនិយោគថ្មីៗច្រើន ប៉ុន្តែបើនិយាយពីកំណើននៃការឡើងថ្លៃប៉ុន្មានភាគរយនោះ ខ្ញុំមិនទាន់អាចវាយតម្លៃបានទេ”។ តម្លៃដីនៅតំបន់ត្រូវប៉ាន់នៅខេត្តសៀមរាប គេអាចរកបានក្នុងតម្លៃចន្លោះពី 2,000 ទៅ 2,500ដុល្លារក្នុងមួយម៉ែត្រការ៉េ និងនៅតាមផ្លូវតូចៗក្នុងក្រុងមានតម្លៃ 100ទៅ 200ដុល្លារក្នុងមួយម៉ែត្រការ៉េ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ាចេង ខេង។

អគ្គនាយកក្រុមហ៊ុន Key Real Estate លោក សន សៀប បានថ្លែងឲ្យដឹងផងដែរថា តម្លៃដីធ្លីខេត្តសៀមរាបមានការកើនឡើង ពិសេសគម្រោងសាងសង់អគារខ្ពស់ៗនៅក្នុងទីរួមខេត្ត និងតំបន់អង្គរឃ្យុងយូ ជាតំបន់ដែលកាត់ចេញពីការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា។ តំបន់នេះនឹងក្លាយជាតំបន់អភិវឌ្ឍន៍លឿននាពេលអនាគត ដោយសារចំនួនប្រជាពលរដ្ឋ និងការមកដល់របស់ភ្ញៀវទេសចរបន្តកើនឡើង។

លោកបន្តថា “តំបន់កាត់ចេញពីការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា នឹងក្លាយជាតំបន់លំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្មរស់រវើកនាពេលអនាគតឆាប់ៗនេះ ព្រោះតាមព័ត៌មានបានបង្ហាញថា ផ្លូវចាកចេញពីព្រលានយន្តហោះថ្មីមកកាន់ទីរួមខេត្តសៀមរាបនឹងឆ្លងកាត់តាមតំបន់នេះ”៕

Advertisement