លោកឧកញ៉ា ចេង ខេង តស៊ូពីក្រុមហ៊ុនខាត សល់លុយត្រឹមតែ 10ដុល្លារ ក្លាយជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យធំជាងគេនៅកម្ពុជា

សុភាសិត​របស់​ព្រះ​ភិរម្យ​ភាសា​អ៊ូ (ក្រម​ង៉ុយ) បាន​លើក​ឡើង​ថា​ «ចេះ​ស្ទាក់​ស្ទើរ​ល្ងីល្ងើ​ឥត​បទ ចេះ​ប្រាកដ​ប្រាក់​រត់​តាម​ហៅ» តួយ៉ា​ង​ដូច លោក​ឧកញ៉ា ចេង ខេង អគ្គ​នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ ស៊ីភីអិ​ល ខេមបូឌា ប្រភើធី លីមីតធីត ដើមឡើយ​ក្រុម​ហ៊ុន​របស់​លោក​បាន​ក្ស័យ​ធន​អស់​ដើម​អស់​ចុង​គ្មាន​សល់ ហើយ​ដៃគូ​ក៏​រត់​ចោល​​ទៀត ដោយ​នៅ​ពេល​នោះ​​ក្រុម​ហ៊ុន​នៅ​សល់តែ​ 10ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារការ​ខិត​ខំ​ប្រឹង​ប្រែង​លោក​ឧកញ៉ា ​​ក៏​ទទួលបាន​ការទុកចិត្តពី​​ដៃគូ​ថ្មី ដើម្បី​អភិវឌ្ឍន៍​ក្រុមហ៊ុន​ឱ្យ​រីកចម្រើន​ឡើង​វិញ​​។

លោក​ឧកញ៉ា ​មានប្រសាសន៍​ថា នៅក្នុង​ឆ្នាំ​1997 លោក​ឧកញ៉ា​បាន​ជួប​វិនិយោគិន​អាមេរិក​កាំង​ម្នាក់​ឈ្មោះ ចូ លូ​ខី​ន ដែលជា​អ្នកជំនួញ​ដ៏​មានសក្តានុពល​ខាង​វិស័យ​អចលនទ្រព្យ និង​មាន​ក្រុមហ៊ុន​ដែលជា​​សាខា​នៅ​​ប្រទេស​​ថៃ ហុងកុង និង​ហ្វីលីពីន។ លោក ចូ លូ​ខី​ន គឺ​ជា​អ្នក​ចាប់​អារ​ម្ម​ណ៍ដំបូងគេ​បង្អស់​មកលើ​រូបលោក​ក្នុង​ការ​​ចូល​រួម​សហការ​វិនិយោគ​លើ​វិស័យអចលន​ទ្រព្យ​នៅ​កម្ពុជា។ បន្ទាប់​មក​ក៏មាន​ការព្រមព្រៀង​បណ្តាក់​ទុន​វិនិ​យោគ​​រួមគ្នា​លើ​វិស័យ​អចលនទ្រ​ព្យ​នេះដោយ​លោក​ឧកញ៉ា ​ត្រូវបានតែងតាំង​ជា​អគ្គនាយក​ក្រុមហ៊ុន​អ​ចលន​ទ្រព្យ ស៊ី​ភី​អិ​ល ខេមបូឌាប្រភើធី លីមីតធីត ជា​មួយ​នឹង​​ទុនវិនិយោគ​រួមគ្នា​ដំបូង​ក្នុង​ទឹកប្រាក់​ប្រមាណ​​3ម៉ឺន​ដុល្លារ​ ។

បន្ទាប់​ពី​​បាន​បោះទុន​រួចមក​ នៅ​អំឡុង​ឆ្នាំ1997 វិស័យ​អចលនទ្រព្យ​ពុំមាន​សន្ទុះ​ងើបឡើង​នោះ​ទេ​នៅ​កម្ពុជា ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​​ក្រុមហ៊ុន​របស់​លោក​ដែល​ទើប​បង្កើត​ថ្មី​ជាមួយ​ជនជាតិ​អាមេរិកកាំង​​​ត្រូវ​​ខាតបង់​ជា​រឿយ​​ដល់​ទៅ​រាប់ម៉ឺន​ដុល្លារ ពោល​គឺ​មិនតិចជាង​7​ម៉ឺន​ដុល្លារ​នោះឡើយ​​។ នៅ​ពេល​នោះ​​លោក​ត្រូវ​​បាត់បង់​ទំនុក​ចិត្ត​​ពី​ដៃគូ​វិនិយោគ​ជាច្រើន ហើយក៏​មានការ​ថ្នាំងថ្នាក់ខ្លះៗជាមួយ​ក្រុមគ្រួសារ​ផងដែរ រហូតដល់​ជនជាតិ​អាមេរិក​កាំង​​នោះ​សម្រេច​​ចាក​ចេញពី​ក្រុមហ៊ុន​ដោយ​មិនបាន​ប្រាប់​អ្វី​ដល់​លោក​មួយ​ម៉ាត់​ឡើយ គឺ​​​បាន​ត្រឹម​តែ​ផ្ញើ​​​អុីមែល​ប្រាប់​ឱ្យ​លោក​​ប្រឹងប្រែង​តស៊ូ​បន្តទៀត ​ហើយ​ប្រសិន​បើបាន​ជោគជ័យ​នោះ លោក​នឹង​ក្លាយជា​មនុស្ស​ពូកែ​ស្ទើរ​រក​ដៃគូ​ប្រកួតប្រជែង​មិនបានឡើយ​។ ខ្លឹមសារ​នៃ​សារ​អេ​ឡិ​ច​ត្រូ​និក​នោះ​បាន​​សរសេរថា «ពេលនេះ​ទូក​កំពុង​លិច​លង់​​នៅ​កណ្តាល​មហា​សាគរ​គ្មាន​កោះ​ត្រើយ ប្រសិន​បើ​អ្នក​​អាច​ស្រង់​ទូក​នោះ​វិញ​បាន អ្នកនឹង​ក្លាយទៅជា​មនុស្ស​​ដ៏​ពូកែ​អស្ចារ្យបំផុត​»។

ក្រោយពេល​ទទួលបាន​សា​រអេឡិច​ត្រនិក​នេះ ​ភាព​អស់សង្ឃឹម​កាន់តែខ្លាំង​បាន​ធ្លាក់​មកលើ​​រូប​លោក ដែល​ធ្វើឱ្យ​លោក​រស់​នៅ​​ឯកោ​ ស្ទើរ​គ្មាន​អ្នក​រាប់រក​ប្រៀបដូចជា​ទូក​កំពុងលិច​នៅ​កណ្តាល​សមុទ្រ​។ តែ​ទោះ​បី​ជា​​​មានរឿង​កើត​ឡើង​​ចំពោះ​ខ្លួន​ដូច្នេះ​ក្តី ​លោក​នៅតែ​តាំងចិត្ត​ថា​ ត្រូវតែ​​ដើរទៅ​មុខ​ឱ្យដល់​គោលដៅ និង​ធ្វើ​យ៉ាង​ណា​​​ស្រោច​ស្រង់​ក្រុមហ៊ុន​ឱ្យ​ងើបឈរ​ឡើងវិញ​។ យ៉ាងណា​ក៏​ដោយ​​នៅ​ថ្ងៃមួយ​ខណៈពេលដែល​លោកកំពុង​​ពិបាកចិត្តខ្លាំង ​ស្រាប់​តែមាន​គ្រូទាយ​ជនជាតិ​ឥណ្ឌា​ម្នាក់​បានមក​ដល់​ការិយាល័យ​ធ្វើការ​របស់លោក ហើយ​និយាយ​ថា៖ «​លោក​គឺជា​មនុស្ស​ដែលមាន​សំណាង មាន​លុយ​កាន់​ក្នុង​ដៃ​ច្រើន​សឹង​ចាយ​មិន​អស់ និង​មាន​ឡាន​ទំនើប​ជិះ​នៅត្រឹម​រយៈ​3ទៅ​4ខែ​ខាងមុខ​ទៀត​​»។

ពាក្យសម្តីរបស់​​គ្រូទាយ​នេះ​បានធ្វើឱ្យ​លោក​រឹតតែ​ខកចិត្ត​ខ្លាំង ដោយហេតុថា​ក្រុមហ៊ុន​កំពុង​ក្ស័យធន មិន​​មាន​ទុនបម្រុង​សោះ​សូម្បី​តែមួយ​កាក់​មួយ​សេន ចំណែក​លុយ​សល់​ក្នុង​ក្រុមហ៊ុន​មានតែ 10ដុល្លា​រប៉ុណ្ណោះ រីឯ​​ឡាន​កញ្ចាស់​ដែល​លោក​កំពុង​ប្រើប្រាស់​ពេលនោះ​ស្ទើ​តែ​ប្រើ​លែងកើត​ទៀត តើ​ឱ្យ​លោក​សង្ឃឹម​អ្វី​ទៀត​ទៅលើ​ពាក្យ​គ្រូទាយ​ដែលថា​មាន​លុយ​ចាយ​មិន​អស់នោះ?

យ៉ាង​ណា​ក៏ដោយ​ពាក្យ​ថា ​អាគម​ផ្សំ​អាយុ គឺ​ពិតជា​ដូច​គ្រូទាយ​ឥណ្ឌា​ទស្ស​ទាយ​ជើង​លេខ​មើលឃើញ​ជោគវាសនា​របស់លោក​មែ​ន គឺ​ស្រាប់តែ 3ខែ​កន្លងផុតទៅ​លោក​បាន​ជួបជា​មួយ​វិនិយោគិន​បរទេស​មួយទៀត ដែល​​មាន​​ទំនុកចិត្ត​លើ​រូបលោក ហើយ​បាន​បោះទុន​វិនិយោគ​មក​លើ​ក្រុមហ៊ុន ស៊ី​ភី​អិ​ល ខេមបូឌា ​ប្រភើធី លីមីតធីត ចំនួន ​5ម៉ឺន​ដុល្លារ សម្រាប់​ជា​ទឹកមន្ត​ប្រោស​ឱ្យ​លោក​មាន​ក្តីសង្ឃឹម​ឡើងវិញ​ជាថ្មី និង​អាច​បន្ត​អាជីព​លើ​ការដឹកនាំ​ការងារ​ខាង​ផ្នែក​អចលន​​ទ្រព្យ​នៅ​កម្ពុជា​បន្តទៀត ហើយ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ រហូត​បាន​ក្លាយជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​​អចលន​​ទ្រព្យ​ដ៏​មាន​សក្តានុពល​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន​ជាង​ 90​ដែល​កំពុង​វិនិយោគលើ​​វិស័យនេះនៅ​កម្ពុជា​។

និយាយ​ពី​ការងារ​នាពេល​បច្ចុប្បន្ន​វិញ លោកឧកញ៉ា ​គឺ​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីភីអិ​ល ខេ​ម​បូ​ឌា ប្រ​ភើ​ធី លីមីត​ធី​ត ដែលជា​ភ្នាក់ងារ​ផ្តល់​សេវាកម្ម​ទិញ​លក់ និង​វាយតម្លៃ​​ផ្នែក​អចលន​ទ្រព្យ​ដូចជា ​ទិញ​លក់​អគារ ដីធ្លី ផ្ទះល្វែង ខុន​ដូ លំដាប់ ​VIP ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដោយមកទល់ពេលនេះ​មាន​ក្រុមហ៊ុន និង​​​ភ្នាក់ងារ​ឯកជន​មិនតិចជាង ​5,000​ឡើយ​ ដែល​ទទួលយក​សេវា​កម្ម​ពី​ក្រុមហ៊ុន​ខាងលើ ប្រកបដោយ​ទំនុក​ចិត្ត ​និង​មាន​ភាពកក់ក្តៅ​បំផុត។ ​សេវា​កម្មនេះ​បានផ្តល់​ការងារ​ដល់​ប្រជាជន​ខ្មែរ​ប្រមាណ​ជិត​ 100នាក់ ហើយ​គ្រោង​នឹង​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ឱ្យបាន​រហូតដល់ 5,000នាក់​នៅត្រឹម​ដំណាច់ឆ្នាំ​2020 ខាងមុខ។ បុគ្គលិក​​​ធ្វើ​ការ​ផ្នែក​នេះ​មិនចាំបាច់​មាន​សញ្ញា​ប​ត្រ​ផ្នែក​អចលនទ្រព្យ​នោះទេ សំខាន់​ឱ្យតែ​មា​នស​ញ្ញា-ប​ត្រ​ប្រហាក់​ប្រហែល មានការ​អត់ធ្មត់​ខ្ពស់ ស្មោះត្រង់ ​និង​ចង់បាន​ការរីកចម្រើន​ទាំង​ខ្លួនឯង និងក្រុមហ៊ុន​ប្រកបដោយ​ភាព​ស្មោះ​​ស្មគ្រ​នោះ គឺ​គ្រប់គ្រាន់​តាម​តម្រូវការ​ខាង​ផ្នែក​សេវាកម្ម​អចលន​ទ្រព្យ​​នេះហើយ៕

Advertisement