អាគារខុនដូ អ័រគីដេ ឌឹរ៉ូយ៉ាល់ខុនដូមីនីមផ្ដល់សិទ្ធិសាងសង់ឱ្យក្រុមហ៊ុន CHINA CONSTRUCTION (S.E.A)

ដើម្បីបង្ហាញទៅកាន់សាធារណជនឱ្យបានឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនអ័រគីដេវីឡាក្នុងការជ្រើសរើសយកក្រុមហ៊ុនសាងសង់សំណង់អគារខុនដូរបស់ខ្លួន ប្រកបដោយស្តង់ដារអន្តរជាតិ និងមានភាពទទួលខុសត្រូវគួរឱ្យជឿទុកចិត្តខ្ពស់ មកធ្វើជាដៃគូសហការក្នុងការសាងសង់ ក្រុមហ៊ុនបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុនចិនមួយ។

កាលព្រឹកថ្ងៃទី5 ខែមិថុនា ឆ្នាំ2017ម្សិលមិញ លោកស្រី ខៀវ សរស៊ីលៀប អគ្គនាយិកាប្រតិបត្តិទូទៅ តំណាងឱ្យក្រុមហ៊ុន អ័រគីដេវីឡា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាការសាងសង់អគារខុនដូរបស់ខ្លួន គឺគម្រោង អ័រគីដេ ឌឹរ៉ូយ៉ាល់ខុនដូមីនីម (Orkide The Royal Condominium ) រវាងក្រុមហ៊ុន អ័រគីដេវីឡា ជាមួយលោក Zhang Zongshuo ជានាយកគ្រប់គ្រង(chairman) នៃក្រុមហ៊ុនសាងសង់ CHINA CONSTRUCTION (S.E.A) ដោយទីតាំងគម្រោងស្ថិតនៅតាមបណ្តោយផ្លូវ 2004 ក្បែរសាលាអន្តរជាតិណតប្រ៊ីដ។

លោកស្រី ខៀវ សរស៊ីលៀប អគ្គនាយិកាប្រតិបត្តិទូទៅ តំណាងឱ្យក្រុមហ៊ុន អ័រគីដេវីឡា បានលើកឡើងថា ពិធីនេះជាសក្ខីភាពបង្ហាញឱ្យឃើញការយកចិត្ដទុកដាក់ទៅលើគុណភាពនៃសំណង់ និងការសម្រេចចិត្ដដ៏ត្រឹមត្រូវរបស់យើងក្នុងជ្រើសរើសក្រុមហ៊ុនសំណង់យកមកសាងសង់ក្នុងគម្រោង អ័រគីដេ ឌឹរ៉ូយ៉ាល់ខុនដូមីនីម។

ជាមួយគ្នានេះលោកស្រីបញ្ជាក់ថា៖” CHINA CONSTRUCTION (S.E.A) ជាក្រុមហ៊ុនដែលពួកយើងបានស្គាល់យ៉ាងច្បាស់ថា ជាក្រុមហ៊ុនដែលសាងសង់សំណង់កម្រិតស្ដង់ដារអន្ដរជាតិ។ ដូច្នេះខ្ញុំក៏សូមសំណូមពរដល់សហការីរបស់យើងធ្វើការសហការជាមួយក្រុមហ៊ុននេះធ្វើយ៉ាងណាឱ្យទទួលបានការងារដំណើរការទៅមុខរលូន និងទទួលបានជោគជ័យទាំងអស់គ្នាតាំងពីថ្ងៃចាប់ផ្ដើមរហូតដល់ថ្ងៃបញ្ចប់”។

សូមបញ្ជាក់ថា អគារខុនដូ ORKIDE THE ROYAL CONDOMINIUM បានសម្ភោធបើកលក់ជាផ្លូវការកាលពីថ្ងៃទី05 ខែតុលា ឆ្នាំ2016 មកម្ល៉េះ ដោយបច្ចុប្បន្នបានកំពុងបើកលក់អគារទី3 របស់ខ្លួន ខណៈអគារទី1 និងទី2 បានលក់អស់ហើយក្នុងចំណោមអគារចំនួន 6 ដែលមានអាងហែលទឹកទំហំធំ សួនលម្ហែកាយ ផ្សារទំនើបខ្នាតអន្តរជាតិ ចំនួន 2ជាន់ ព្រមទាំងទីកន្លែងកម្សាន្តជាង100កន្លែង ជាច្រើនទៀត៕

 
Advertisement