ឆ្នាំ2030 តម្រូវការ​លំនៅឋាន​នៅ​ទូទាំង ប្រទេស​នឹងមាន​ចំនួន​ប្រមាណ 1លាន​ខ្នង

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ព្យាករ​ថា សម្រាប់​រយៈពេល 15ឆ្នាំ ពោលគឺ​ចាប់ពី​ឆ្នាំ2015 រហូត​ឆ្នាំ2030 តម្រូវការ​លំនៅឋាន​នៅ​ទូទាំងប្រទេស​នឹងមាន​ចំនួន​ប្រមាណ 1លាន​ខ្នង​បន្ថែមទៀត ទើប​អាចបំពេញ​តាម​សេចក្ដីត្រូវការ​បានជា​មួយ​នឹង​កំណើន​ប្រជាពលរដ្ឋ​ដែល​នឹង​កើន​ឡើងដល់ 18លាន​នាក់។ នេះ​បើតាម​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលបានបញ្ជាក់ នៅក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​លក់​សម្ភារ​សំណង់ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​ក្នុង​លំនៅឋាន Global House។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា៖ “តម្រូវការ​លំនៅឋាន​ដ៏​ច្រើន​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​សម្រាប់​នៅ​តំបន់​រាជធានី-ក្រុង និង​ទីប្រជុំជន​មាន​តម្រូវការប្រមាណ​ជា 80ម៉ឺន​លំនៅឋាន ហើយ​បើ​គិត​ជា​មធ្យម គឺមាន​តម្រូវ​ការប្រមាណ 5ម៉ឺន​លំនៅឋាន​ក្នុង​មួយឆ្នាំ”។ ឯកឧត្ដម​បន្តថា បច្ចុប្បន្ននេះ​កម្ពុ​ជាមាន​ទីក្រុង​រណប និង​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី​ចំនួន230ទីតាំង និង​មាន​សំណង់​អគារ​ខ្ពស់​ចាប់ពី 5ជាន់​ឡើងទៅ​ចំនួន 1,100អគារ។

ឯកឧត្តម ឡៅ ទិព្វ​សីហា អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹងថា ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​តម្រូវការ​ចាំបាច់​ផ្នែក​លំនៅឋាន ដូចនេះ​ក្នុងមួយឆ្នាំៗ គឺ​វិស័យ​ឯកជន​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​បាននិងកំពុង​ខិតខំ​ធ្វើការ​វិនិយោគ​លើ​វិស័យ​លំនៅឋាន​នេះ ដើម្បី​ផ្គត់ផ្គង់​លើ​ការ​ស្នាក់នៅកន្លែងធ្វើការ និង​ការពង្រីក​ទីក្រុង​ផងដែរ។

ឯកឧត្តម​បាន​បន្តថាដោយសារតែ​វិស័យ​សំណង់​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​ក្រុមហ៊ុន​សាងសង់ ក៏ដូចជា​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​ដែរនោះ រហូតមកដល់​ពេលនេះ​យើង​នៅមាន​ក្រុមហ៊ុន​ដែល​នៅមាន​សុពលភាព​ចំនួន 1,048ក្រុមហ៊ុន។ ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ គឺជា​ក្រុមហ៊ុន​មួយ​ដែល​ទទួលខុស​ត្រូវការ​ងារ​រៀបចំ​ប្លង់​សាងសង់​មាន​ចំនួន 42ក្រុមហ៊ុន ឯ​ក្រុមហ៊ុន​ទទួលបន្ទុក​លើ​ការងារ​សាងសង់​តែម្តង​មាន​ចំនួន 1,006ក្រុមហ៊ុន។

ទន្ទឹមនេះ ក្រសួង​ក៏បាន​រៀបចំ​ឱ្យមាន​ការចុះបញ្ជី​ជា​លក្ខណៈ​រូបវន្តបុគ្គល​សិក្សា​គម្រោង​ប្លង់ ដែលមាន​សុពលភាព​ចំនួន140នាក់​បន្ថែមទៀត​ដែរ ក្នុងនោះ​ស្ថាបត្យករ​ចំនួន 98នាក់ និង​វិស្វករ​ចំនួន42នាក់ ដែលមាន​សិទ្ធិ​ស៊ី​ញ៉េ​លើ​ប្លង់។ បុគ្គល​ដែលមាន​សិទ្ធិ​ស្នើសុំ​ការសាងសង់​ទាល់​តែមាន​រូបវន្តបុគ្គល ឬ​អាជ្ញាប័ណ្ណ​ទើប​អាច​ចុះហត្ថលេខា​បាន ដើម្បី​ឱ្យមាន​ការទទួល​-ខុសត្រូវ​លើ​ការងារ​សិក្សា​គម្រោង​ប្លង់​ពិតប្រាកដ ត្រូវ​ធានា​គុណភាព សោភណភាព​ឱ្យ​អ្នកទិញ​មានការ​ជឿជាក់​ទៅលើ​គម្រោងនីមួយ។

លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគមអ្នក​សាងសង់​លំនៅឋាន បាន​យល់ស្រប​នឹង​ការលើកឡើង​ខាងលើ ដោយ​លោក​បាន​មានប្រសាសន៍ថា ទីផ្សារ​លំនៅឋាន​នៅតែមាន​ភាពល្អប្រសើរ ដោយសារ​ការរីកចម្រើន​ខាង​សេដ្ឋកិច្ច និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ។

លោក​ឧកញ៉ា​មានប្រសាសន៍ថា៖ “ហេតុនេះហើយ ទើប​អ្នក​អភិ​វ​ឌ្ឈ​ន៍​ដែលជា​សមាជិកសមាគម បាន​ពង្រីក​ការវិនិយោគ​របស់​ពួកគេ​ដល់​បណ្តា​ខេត្ត បន្ថែម​លើ​គម្រោង​អភិវឌ្ឍន៍​នៅ​រាជធានី​ភ្នំពេញ។ ការរីកចម្រើន​ក្នុង​វិស័យនេះ​នឹង​បន្ត​រីកចម្រើន​រយៈពេល​វែង​បន្តទៀត​ដរាបណា​ប្រទេស​នេះ​នៅតែមាន​សន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ដ៏​ល្អប្រសើរ​បែបនេះ”។

សូមបញ្ជាក់ថា វិស័យ​សំណង់​នៅតែ​ជា​វិស័យ​សំខាន់​មួយ​ក្នុង​ការជំរុញ​សេដ្ឋកិច្ចជាតិ ហើយ​ការវិនិយោគ​លើ​វិស័យ​ឯកជន​នៅ​កម្ពុជា គឺមាន​ច្រើន​វិស័យ ប៉ុន្តែ​វិស័យ​ដែល​យើង​មើលឃើញ និង​កត់សម្គាល់​ខ្លាំងជាងគេ គឺ​វិស័យ​កាត់ដេរ ឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និង​វិស័យ​សំណង់ និង​អចលនទ្រព្យ។ ភាគច្រើន​នៃ​កំណើន​វិស័យ​សំណង់ គឺ​ដោយសារ​មាន​សំណង់​អគារធំៗ ខ្ពស់ៗ ជាពិសេស​អគារ​ពាណិជ្ជកម្ម សណ្ឋាគារ រមណីយដ្ឋាន ផ្សារ​ទំនើបធំៗ អគារខ្ពស់ៗចាប់ពី5ជាន់ឡើង ទីក្រុង​រណប បុរី​លំនៅឋាន រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង រោង​ម៉ាស៊ីនកិនស្រូវ និង​តំបន់​សេដ្ឋកិច្ច​ពិសេស។ល។

ប្រជាជន​សរុប​របស់​កម្ពុជា​ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង​ពី 15 ទៅ19លាន​នាក់ នៅ​ចន្លោះ​ពេលនេះ និង​ឆ្នាំ2030 ក្នុងនោះ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ក្នុង​តំបន់​ទីប្រជុំជន​ផ្សេងទៀត​នឹងមាន​ការកើនឡើង​ប្រមាណ​ពី4 ទៅ7លាន​នាក់៕

Advertisement