ទិញដីឡូត៍ពុះលក់៖ ឱកាស និងបញ្ហាប្រឈម

សកម្មភាពពុះដីឡូត៍លក់កំពុងកើនឡើងយ៉ាងផុលផុសក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឲ្យអ្នកនៅក្នុងវិស័យនេះបានធ្វើការព្រមានផង និងលើកឡើងពីឱកាសក្នុងការទទួលបានប្រាក់ចំណេញក្នុងវិស័យនេះផងដែរ។

តើការទិញដីឡូត៍បង់រំលស់មានភាពល្អប្រសើរ និងប្រឈមហានិភ័យអ្វីខ្លះ លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Mekong បានពន្យល់ពីបញ្ហានេះ។

តើចរន្តនៃការពុះដីឡូត៍លក់ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?
ការពុះដីឡូត៍លក់មានចំណុចវិជ្ជមានច្រើនដូចជា ធ្វើឲ្យមានសកម្មភាពអភិវឌ្ឍន៍ថ្មីៗនៅតំបន់ជាយក្រុង ឬតំបន់ដទៃទៀត និងជំរុញឲ្យមនុស្សទៅរស់នៅច្រើន ព្រមទាំងធ្វើឲ្យអ្នកក្រីក្រអាចមានលទ្ធភាពទិញបាន ដែលជួយឲ្យមានការអភិវឌ្ឍនៅមូលដ្ឋានណាមួយបានឆាប់រហ័ស។

តើអ្នកទិញដីឡូត៍ប្រឈមបញ្ហាអ្វីខ្លះ?
អ្នកទិញដីឡូត៍អាចប្រឈមមុខនឹងបញ្ហាមួយចំនួន ដូចជា ដីឡូត៍នោះមានទំហំតូចៗ មានម្ចាស់ខុសៗគ្នាដែលធ្វើឲ្យសំណង់សាងសង់មិនសូវមានរបៀបរៀបរយនោះទេ។ ចំណែកប្រព័ន្ធលូ ទឹកស្អាត និងបណ្តាញអគ្គិសនីក៏គ្មានស្តង់ដារដែរ ប្រសិនជាអ្នកវិនិយោគពុះដីឡូត៍លក់ មិនបានធ្វើការវិនិយោគលើវិស័យនេះ។

តើអ្នកទិញដីឡូត៍គួរប្រុងប្រយ័ត្នយ៉ាងដូចម្តេច?
អ្នកទិញដីឡូត៍ គួរសាកសួរអ្នកវិនិយោគពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ទាក់ទងនឹងប្រព័ន្ធទឹក ភ្លើង និងផ្លូវច្បាប់ ដូចជា តើអ្នកវិនិយោគពុះដីឡូត៍លក់នោះមានប្លង់រឹងឬអត់? ប្រសិនជាមាន ត្រូវទាមទារការកាត់ប្លង់រឹង។ បើម្ចាស់ដីឡូត៍មានប្លង់ទន់ ឬប្លង់ត្រឹមខណ្ឌ ត្រូវបញ្ជាក់ពីខណ្ឌ និងទាមទារការកាត់ប្លង់ត្រឹមខណ្ឌឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសហានិភ័យនៅពេលអនាគត។

តើអ្នកពុះដីឡូត៍លក់គួរធ្វើដូចម្តេច ដើម្បីបញ្ចៀសហានិភ័យទៅអនាគត?
អ្នកពុះដីឡូត៍លក់ គួរមានការប្រុងប្រយ័ត្នទាក់ទងនឹងបញ្ហាផ្លូវច្បាប់ ដើម្បីកុំឲ្យមានការតវ៉ាពីអ្នកទិញដីនាពេលអនាគត។ អ្នកវិនិយោគពុះដីឡូត៍លក់ អាចកសាងហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អប្រសើរ ដើម្បីឱ្យគម្រោងរបស់ខ្លួនមាននិរន្តរភាព ដោយការបំពាក់ប្រព័ន្ធទឹក ភ្លើង លូត្រឹមត្រូវ តែវានឹងធ្វើឲ្យមានការចំណាយខ្ពស់ ដែលនឹងធ្វើឲ្យតម្លៃដីឡើងថ្លៃខ្ពស់ និងពិបាកលក់ផងដែរ។ នេះជាបញ្ហាប្រឈមរបស់អ្នកវិនិយោគលើដីពុះឡូត៍លក់។

តើការវិនិយោគលើដីឡូត៍ទទួលបានប្រាក់ចំណេញខ្ពស់ឬទេ?
ការទិញដីឡូត៍ទុកលក់យកចំណេញ ពិតជាអាចចំណេញបាន ប៉ុន្តែកម្រិតនៃប្រាក់ចំណេញអាស្រ័យលើធនធានរបស់ពួកគេដែលបានវិនិយោគលើដីឡូត៍នោះ ប៉ុន្តែជាទូទៅការវិនិយោគលើដីឡូត៍ទុកលក់យកចំណេញ មិនសូវមានភាពចំណេញខ្ពស់ប៉ុន្មានទេ មិនដូចជាការទិញដីធំៗឡើយ។ វាចំណេញតាមទំហំទឹកប្រាក់ដែលអតិថិជនបានវិនិយោគជាក់ស្តែង និងស្ថិតលើថា តើតំបន់នោះមានការអភិវឌ្ឍឆាប់រហ័សកម្រិតណា៕

Advertisement