Word Bridge សហការ​ជាមួយ​ភ្នាក់ងារ​អង្គការសហប្រជាជាតិ

ក្រុមហ៊ុន​ក្នុងស្រុក WordBridge Group នឹង​សហការ​ជាមួយ​ភ្នាក់ងារ​ចំនួន2 របស់​អង្គការសហប្រជាជាតិ គឺ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) និង​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​អង្គការសហប្រជាជាតិ (UNIDO) ដើម្បី​បង្កើត​គោលដៅ​ជំរុញ​ឧស្សាហូបនីយកម្ម និង​ដឹកជញ្ជូន​សាធារណៈ​ជំរុញ​ការច្នៃប្រឌិត​លើកកម្ពស់​ថាមពល​កកើត​ឡើងវិញ និង​បង្កើន​លទ្ធភាព​ទទួលបាន​លំនៅឋាន​ក្នុង​គោលបំណង​ជួយ​ពង្រឹង​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ។

ការធ្វើឱ្យ​ស​ម្រ​ច​បាន​ដោយមាន​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា MoUលើ​គម្រោង​អភិវឌ្ឍន៍​ចំនួន3 រួមមាន​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ ការគ្រប់គ្រង​ការដឹកជញ្ជូន​បៃតង និង​ការអភិវឌ្ឍ​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម។

តាមរយៈ MoU នេះ UNDP នឹង​ជួយ​លើ​ការងារ​មួយចំនួន ដូចជា​បច្ចេកទេស​ទាក់​ទង​នឹង​ថាមពល​ពី​ពន្លឺព្រះអាទិត្យ ការរៀបចំ​គ្រប់គ្រង​កាកសំណល់ សេវា​រថយន្ត​សាធារណៈ ការហ្វឹកហ្វឺន​អ្នកបើកបរ ការផ្សព្វផ្សាយ​ពី​សុវត្ថិភាព​តាម​ដងផ្លូវ និង​ការពន្យល់​ពី​របៀប​ទទួល​បាន​ព័ត៌មាន​ពី​ទីផ្សារ​សម្រាប់​លក់​ផលិតផល​ជាដើម។ ក្នុងចំណោម​គម្រោង​ទាំង3 នេះ UNIDO នឹង​ជួយ​តែ​លើ​ផ្នែក​ការអភិវឌ្ឍ​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​ប៉ុណ្ណោះ។ នេះ​បើតាម​លោក យក់ សុធី​រិ​ទ្ធ ប្រធាន​គ្រប់គ្រង​ទូទៅ​ផ្នែក​លំនៅឋាន​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន WorldBridge។

លោក​ឧក​ញ៉ាំ សៀ រិទ្ធី ប្រធាន​ក្រុមហ៊ុន WorldBridge បាន​ថ្លែងថា ការងារ​ជាមួយ​ទីភ្នាក់ងារ​ទាំង2 នឹង​ផ្តោត​ជុំវិញ​គម្រោង WorldBridge ដែលមាន​ស្រាប់​ក្នុង​លំនៅឋាន​មានតម្លៃ​សមរម្យ ប្រព័ន្ធ​ដឹកជញ្ជូន​បៃតង ការគ្រប់គ្រង​យានយន្ត និង​ការបង្កើត​ក្រុម​ចង្វាក់​សហគ្រាស​ធុន​តូច និង​មធ្យម។

លោក​មានប្រសាសន៍ថា ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​កំណើនសេដ្ឋកិច្ច​នាពេល​អនាគត​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវតែ​ធ្វើតាម​របៀប​មួយ​ដែលមាន​និរន្តរភាព និង​មាន​ផលប៉ះពាល់​ដល់​សង្គម។ «ដោយ​ចូលរួម​ជាមួយ​UNDP និង​UNIDO យើង​មាន​អារម្មណ៍​ថា យើង​នឹងមិន​ត្រឹមតែ​អាច​សម្រេចបាន​នូវ​គោលបំណង​ដំបូង​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​នឹង​អាចឈាន​ទៅដល់​លើស និង​នាំមក​នូវ​លទ្ធផល​ប្រកបដោយ​ចីរភាព​នៅក្នុង​គម្រោង​របស់​យើង»។

លោក Nick Beresford នាយក UNDP ប្រចាំ​កម្ពុជា​ឱ្យបាន​ដឹងថា កិច្ចព្រមព្រៀង​នេះ គឺជា​ការឆ្លុះបញ្ចាំង​ពី​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ដើម្បី​ជំរុញ​ការវិនិយោគ​ប្រកបដោយ​ចីរភាព​ដែលមាន​ឥទ្ធិពល​ដល់​សង្គម សេដ្ឋកិច្ច និង​ស្របទៅតាម​គោលបំណង​របស់ UNDP ក្នុងការ​លើកកម្ពស់​កា​រ​អនុវត្ត​អាជីវកម្ម​ដែលមាន​និរន្តរភាព និង​ការវិនិយោគ​នៅក្នុង​តំបន់។

លោក​បាន​មានប្រសាសន៍ថា ៖ «ដោយមាន​ផលប៉ះពាល់​មួយចំនួន​លើ​ភាពជា​ដៃគូ​នេះ​ការចុះហត្ថលេខា​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការសម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅត្រឹម​ឆ្នាំ2030»។

លោក សុខ ណារិន តំណាង​ប្រចាំ​ប្រទេស​នៃ​អង្គការ UNIDO បាន​មានប្រសាសន៍ថា អនុស្សរណៈ​នៃ​ការយោគយល់​បាន​ផ្តល់នូវ​ក្របខ័ណ្ឌ​មួយ​ដែល​អនុញ្ញាតឱ្យ​ទីភ្នាក់ងារ​នេះ​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​លើកកម្ពស់​និរន្ត​ភាព​នៅក្នុង​ឧស្សាហកម្ម​ក្នុងស្រុក។

លោក​ថ្លែងថា ដោយហេតុថា វិស័យ SME នៅ​កម្ពុជា​តែង​ជួបប្រទះ​នឹង​បញ្ហា​មួយចំនួន ដូចជា​កង្វះ​ព័ត៌មាន​ទីផ្សារ ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ធនធានមនុស្ស និង​បញ្ហា​តម្លៃ​ថាមពល​អគ្គិសនី​ខ្ពស់​ជាដើម។ «តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ UNIDO នឹង​អាច​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ SME នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ប្រកបដោយ​ចីរភាព»។

ការសហការ​គ្នា​នឹង​ចាប់ផ្ដើម​នៅ​ខែ​នេះ​ជាមួយនឹង​ការរៀបចំ​ផែនការ​សិក្ខាសាលា​ស្តីពី “ការអភិវឌ្ឍ​ចង្កោម​សហគ្រាស​ខ្នាតតូច និង​មធ្យម” ដែល​គ្រោង​នឹង​រៀបចំ​ធ្វើឡើង​នៅ​ពាក់កណ្តាល​ខែកញ្ញា​នៅ​រាជធានី​ភ្នំពេញ៕

Advertisement