ធនាគារជាតិៈ អត្រាកំណើន​នាំឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​ភាព​រឹងមាំ

ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ដំឡើង​ការ​ព្យាករ​ពី​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​សម្រាប់​ឆ្នាំ2018 នេះ​ដល់7% ធៀប​នឹង​ការ​ព្យាករ​កាលពី​ខែមករា​ត្រឹមតែ 6,9%។ ក្នុង​របាយការណ៍​ប្រចាំឆមាស​ទី1 ធនាគារជាតិ​បានឱ្យដឹងថា ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​នេះ​ត្រូវបាន​គាំទ្រ​ដោយ​វិស័យ​ទេសចរណ៍ 12,5% កំណើន​នាំចេញ 11,6% និង​កំណើន​ក្នុង​វិស័យ​សំណង់ 11,5%  នៅ​ឆមាស​ទី1ឆ្នាំនេះ។ នេះ​បើ​យោងតាម​របាយការណ៍​ធ​នាគារ​ជាតិ​នៃ​កម្ពុជា។

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា៖ «សេដ្ឋកិច្ចកម្ពុជា​បាន​បន្ត​រីកចម្រើន​ប្រកបដោយ​ភាពជឿជាក់ ជាពិសេស​ក្នុង​វិស័យ​នាំចេញ និង​ទេសចរណ៍​ជាមួយនឹង​កំណើន​រឹងមាំ​នៃ​វិស័យ​សំណង់ និង​ការបន្ត​ងើបឡើង​នៃ​វិស័យ​កសិកម្ម​ជាស​ញ្ញា​វិជ្ជមាន​មួយ ដែល​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ក្នុង​ឆ្នាំ2018 អាច​រក្សាបាន​ល្បឿន​ខ្ពស់ និង​រឹងមាំ»។ ឯកឧត្តម ថ្លែងថា​តួលេខ​នេះ​មាន​ភាព​វិជ្ជមាន និង​បង្ហាញថា ប្រទេស​កម្ពុ​ជាមាន​កំណើន​យ៉ាងច្រើន​ក្នុង​ឆមាស​ទី1 ឆ្នាំ2018។

របាយការណ៍​ប្រចាំឆមាស​ទី1 នេះ​បាន​ឱ្យដឹងទៀតថា ទុនបម្រុង​រូបិយប័ណ្ណ​អន្តរជាតិ​បាន​កើនឡើង​ដល់ 9.1ពាន់​លាន​ដុល្លារ ដែល​អាច​ធានា​ដល់​ការ​នាំចូល​ទំនិញ និង​សេវា​ប្រមាណ 6ខែ​ដែលជា​កម្រិត​ខ្ពស់​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែលជា​ទូទៅ​មាន​កម្រិត​តែ 3ខែ​ហើយ​រំពឹងថា នឹង​កើន​ឡើងដល់​ប្រមាណ 10ពាន់​លាន​ដុល្លារ​នៅ​ដំណាច់ឆ្នាំ2018 ដែល​អាច​ធានាបាន​នូវ​ការ​នាំចូល​ទំនិញ និង​សេវាកម្ម​សម្រាប់​រយៈពេល 6ខែ​ខាងមុខ និង​ពង្រឹង​ទំនុកចិត្ត​វិនិយោគិន​លើ​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ចកម្ពុជា។

ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​បន្ត​មាន​ស្ថិរភាព​ដែល​រួមចំណែក​ចម្បង​ដោយ​ការបន្ត​រក្សាបាន​នូវ​ស្ថិរភាព​ថ្លៃ និង​តម្លៃ​ប្រាក់រៀល រំពឹងថា​ស្ថិតក្នុង​អត្រា​ដែល​អាច​គ្រប់គ្រង​បាន 3%សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ ខណៈដែល​អតិផរណា​នៅ​ឆមាស​ទី1នឹង​បាន​ថយ​ចុះមក​ត្រឹម 2,6%។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារជាតិ។

របាយការណ៍​នេះ​ឱ្យដឹងថា៖ «ក្នុងករណី​ដែល​មូលធននឹង​ហូរ​ត្រឡប់​ទៅ​អាមេរិក​វិញ នោះ​ប្រាក់​ដុល្លារ​អាច​នឹង​ឡើងថ្លៃ​ដែល​បញ្ហា​នេះ​នឹងដាក់​សម្ពាធ​លើ​ភាព​ប្រកួតប្រជែង​ការនាំចេញ​របស់​កម្ពុជា ដោយសារ​កម្ពុជា​មា​នក​ម្រិ​ត​ដុល្លា​រូបនីយកម្ម​ខ្ពស់»។

កំណើន​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​កាត់ដេរ​ដែលមាន​កម្រិត​ខ្ពស់ជាង​ប្រទេស​មួយចំនួន​ក្នុង​តំបន់ និង​និន្នាការ​អនុវត្ត​គោលនយោបាយ​គាំពារ​និយម និង​លទ្ធភាព​ឈានដល់​សង្គ្រាម​ពាណិជ្ជកម្ម​ក៏​អាច​បង្ក​ផលប៉ះពាល់​ដល់​ការនាំចេញ​របស់​កម្ពុជា​ផងដែរ។ ទោះជា​យ៉ាងណា​សេដ្ឋកិច្ចកម្ពុជា​អាច​ប្រឈម​ហានិភ័យ​មួយចំនួន​ផងដែរ​ពី​បរិយាកាស​ហិរញ្ញវត្ថុ និង​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក។

យោងតាម​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អត្រាកំណើន​របស់​កម្ពុ​ជា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន7% សម្រាប់​ឆ្នាំ2018 និង​ឆ្នាំ2019។ អត្រា​អតិផរណា​នឹងត្រូវ​បាន​គេ​រក្សា​នៅត្រឹម 3.2% នៅក្នុង​ឆ្នាំ 2018 និង3.5% នៅ​ឆ្នាំ2019។ អត្រាកំណើន​GDP ក្នុង​មនុស្សម្នាក់ៗត្រូវបាន​ព្យាករ​ថា នឹងមាន 6.6 ភាគរយ​នៅក្នុង​ឆ្នាំ2018 ប៉ុន្តែ​ធ្លាក់ចុះ​បន្តិច​ទៅ 2.6ភាគរយ​នៅ​ឆ្នាំ2019៕

Advertisement