តម្លៃស្វាយធ្លាក់យ៉ាងគំហុកធ្វើឱ្យកសិករដេកថ្ងូរដូចព្រាប

កសិករដាំស្វាយនៅខេត្តព្រៃវែង បាននាំគ្នារអ៊ូរទាំ ខណៈដល់រដូវប្រមូលផលឆ្នាំនេះ បែរជាផ្លែស្វាយធ្លាក់ថ្លៃចុះយ៉ាងគំហុក មិនធ្លាប់មាន មកនៅត្រឹម 200រៀលក្នុង មួយគីឡូក្រាម ខណៈកាលពីឆ្នាំទៅ ផ្លែស្វាយមានតម្លៃដល់ 2000រៀលក្នុងមួយគីឡូក្រាម។

លោក យុង ឃួន កសិករដាំស្វាយនៅភូមិពាក់ស្បៃ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង បានឲ្យដឹងថា មិនត្រឹមតែមិនបានផលចំណេញសម្រាប់ឆ្នាំនេះប៉ុណ្ណោះទេ តែគ្រួសារគាត់ខាតបង់លុយអស់ប្រមាណជា 2000ដុល្លារទៀត ក្នុងការចំណាយថ្លៃថែទាំ បាញ់ថ្នាំ ដាក់ជី និងចំណាយលើកម្លាំងពលកម្មផ្សេងៗ ដែលដាំនៅលើផ្ទៃដីទំហំត្រឹមតែកន្លះហិកតាប៉ុណ្ណោះ។

លោកបន្តទៀតថា ការធ្លាក់ថ្លៃនេះបណ្តាលមកពីឈ្មួញនៅប្រទេសវៀតណាម និងប្រទេសថៃ មិនសូវមានតម្រូវការទិញដូចឆ្នាំមុនៗ ដែលធ្វើឲ្យកសិករនានាមិនថាតែគ្រួសារគាត់នោះទេដែលត្រូវខាតបង់ច្រើន អ្នកខ្លះចំណាយទុនដាំស្វាយលើផ្ទៃដី 10ហិកតា ទៅ 30ហិកតា គឺខាតលុយរាប់ម៉ឺនដុល្លារ ប្រឈមនឹងការធ្វើចំណាកស្រុក និងការជំពាក់បំណុលធនាគារដោះស្រាយមិនរួចទៀតផង។ មិនតែប៉ុណ្ណោះអ្នកដែលម៉ៅចម្ការពីគេយកចំណេញតគ្នា គឺរឹតតែខាតបង់ធ្ងន់ទៅទៀត ដោយសារត្រូវចំណាយទុនទ្វេដងដែលពួកគាត់សុទ្ធសឹងតែចងការប្រាក់ពីធនាគារយកមកចំណាយក្នុងអាជីវកម្មរបស់ខ្លួន។

លោក ផុន ប៉ូច កសិករដាំស្វាយម្នាក់ទៀតបានត្អូញត្អែរដែរថា ឆ្នាំនេះកសិករដាំស្វាយខាតច្រើនព្រោះធ្លាក់ថ្លៃជាងឆ្នាំមុនខ្លាំង ហើយថាប្រសិនបើតម្លៃផ្លែស្វាយនៅថេរត្រឹម 700រៀលទៅ 1000រៀលក្នុងមួយគីឡូក្រាមនោះ ក៏អាចអាចទទួលបានប្រាក់ចំណេញខ្លះដែរ តែឆ្នាំនេះតម្លៃផ្លែស្វាយធ្លាក់ចុះពី 2000រៀល ដល់200រៀលក្នុងមួយគីឡូក្រាម ធ្វើឱ្យគ្រួសារគាត់ត្រូវខាតបង់ថវិកាធ្ងន់ធ្ងរ។ លោកបញ្ជាក់ថា «ដើមស្វាយ បើយើងគ្រាន់តែដាក់ដាំពីតូចមកដល់ធំបានទទួលផលគឺរយៈពេលចាប់ពី 3ឆ្នាំទៅ 5ឆ្នាំ តាមសណ្ឋានដីមានជីវជាតិល្អ ឬមិនសូវល្អ ដោយគ្រាន់តែដាក់ដាំចោល និងធ្វើរបងកុំឲ្យសត្វគោក្របីចូលស៊ីជាការស្រេច។ តែយើងត្រូវចំណាយថែទាំ ពេលស្វាយដល់អាយុដោយត្រូវដាក់ជី បាញ់ថ្នាំជំរុញឱ្យឆាប់ផ្លែ បាញ់ថ្នាំការពារសត្វល្អិត និងចំណាយលើពលកម្មសរុបក្នុងដីមួយហិកតាចំណាយអស់ចាប់ពី 1500ដុល្លារ ទៅ2000ដុល្លារ» ។

លោកថា ដើមស្វាយផ្តល់ផលក្នុងមួយហិកតាជាមធ្យមបានចន្លោះចាប់ពី 10តោន ទៅ15តោន តែស្វាយផ្លែខុសរដូវក្នុងអំឡុងខែកុម្ភៈ ឬមីនាលក់បានថ្លៃគួរសម តែបើផ្លែក្នុងខែមេសា និងឧសភាវិញ គឺតម្លៃស្វាយនឹងចុះថោក និងប្រឈមនឹងការគ្មានឈ្មួញមកទិញទៀតផង។

លោក ប៊ុន ម៉ាញ មានទីលំនៅឃុំកំពង់ពពិល ស្រុកពារាំងដែលជាឈ្មួញទិញស្វាយបានឲ្យដឹងថា ខ្លួនបានទិញស្វាយជាប្រចាំជួនកាលយកទៅលក់នៅភ្នំពេញ ជួនកាលយកទៅលក់នៅវៀតណាមពោលគឺលក់ចល័ត តែពេលនេះមិនចង់ទិញស្វាយពីកសិករទេ ព្រោះយកទៅលក់បានថោក ហើយថៅកែវៀតណាមគេទិញតិចណាស់។ ដោយកាលពីមុនគេទិញពីឈ្មួញកណ្តាល ក្នុងមួយថ្ងៃចាប់ពី 30តោន ទៅ 40តោន តែឥឡូវមួយថ្ងៃគេទិញតែ 5តោន ទៅ10តោនប៉ុណ្ណោះ និងរើសយកតែផ្លែល្អៗទៀតផង។

ជុំវិញការលើកឡើងខាងលើលោក នង សំហឿង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែងបានផ្តល់សម្ភាសន៍ដល់អ្នកកាសែតយើងថា ផ្លែស្វាយធ្លាក់ថ្លៃ ដោយសារមកពីវៀតណាមមិនទទួលទិញហើយបើទិញក៏តិចតួចដែរ។ ចំណែកទីផ្សារប្រទេសថៃក៏ដូចវៀតណាមដែរ ជួនទិញជួនអត់ ហើយផ្លែស្វាយពេលវាជន់ម្ដងៗគឺធ្លាក់ថ្លៃបែបនេះហើយ។ លោកបញ្ជាក់ថាទាំងវៀតណាម និងថៃគឺទិញយកទៅប្រទេសចិនដូចគ្នា តែមិនយូទេស្វាយនឹងឡើងថ្លៃវិញហើយ ហេតុនេះសូមបងប្អូនកសិករយើងកុំបាក់ទឹកចិត្តក្នុងការដាំដុះ ឬប្រកបអាជីវកម្មរបស់ខ្លួនអី៕

Advertisement