ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋ21គ្រួសារឱ្យចូលជួប ខណៈការទិញ-លក់កម្មសិទ្ធឯកជននៅសល់តែ12%

ចាប់តាំងពីមានការសម្រេចពីអាជ្ញាធរឱ្យមានដំណើរការការចុះកិច្ចសន្យាទិញ-លក់កម្មសិទ្ធិឯកជននៅក្នុងអគារប៊ុលឌិង-សមក គេសង្កេតឃើញប្រជាពលរដ្ឋបានមកអនុវត្ដតាមនីតិវិធីជាហូរហែនៅទីស្ដីការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តែទោះជាយ៉ាងនេះក៏ដោយ ក៏ថ្មីៗនេះអាជ្ញាធរបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋចំនួន21គ្រួសារឱ្យចូលជួបដោះស្រាយ ខណៈមន្រ្ដីដែលអនុវត្ដការងារពុំអាចធ្វើការទំនាក់ទំនងជាមួយពួកគាត់ (21 គ្រួសារនោះ) បាន។

ទោះបីជាដំណើរការនៃការយល់ព្រមលក់កម្មសិទ្ធឯកជនក្នុងអគារប៊ុលឌិង-សដ៏ចំណាស់នោះបានប្រព្រឹត្ដទៅយ៉ាងល្អក៏ដោយ ក៏ថ្មីៗនេះក្រសួងហាក់ជួបការលំបាកមួយចំនួនដែរ ព្រោះម្ចាស់បន្ទប់ចំនួន21ទៀតដែលនៅសល់ពុំអាចធ្វើការទំនាក់ទំនងបាន។

ក្នុងនោះមានដូចជាឈ្មោះស៊ុន វុទ្ធាវី, គឹម គន់ និងង៉ាន ច័ន្ទ, ព្រហ្ម សង់, ខៀវ ប៊ុនធឿន និងជា ថុន, ហែម មុន្នីរ័ត្ន,ថាច់ សុខ, ប៉ាង សុខា និងឌី វណ្ណា, ជ័យ រ៉េត និងកា គឹមហួរ, ស្ដើង ចំរើន និងមឿន សុផល, ម៉ម វ៉ាន និងហេង ភិរុណ, ចេង វណ្ណៈ និងហង្ស សួសូនីតា, វី វុទ្ធី និងកែវ សុវណ្ណី,ឯក រដ្ឋវី និងឈុន សាគន, ផុន រ៉ន, ញឹក គឹមស៊ុន និងដាញ់ សុខុន, ឌី គឹមស្រៀង និងស៊ឹម ស្រីមុំ, ឯក ពិឌូ។

បើគិតត្រឹមម៉ោង17 និង30នាទីនាថ្ងៃទី20ខែឧសភា ឆ្នាំ2017កន្លងទៅ ប្រជាពលរដ្ឋរស់នៅក្នុង”អគារប៊ុលឌិង-ស” ចំនួន409គ្រួសារសើ្មនឹង83%បានមកកាន់ទីស្ដីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីមកអនុវត្ដនីតិវិធីនៃការទិញ-លក់កម្មសិទ្ធិឯកជនរបស់ខ្លួន បូករួមនឹងប្រជាជនរស់នៅក្នុងអគារចំនួន27បន្ទប់ដែលបានណាត់ដើម្បីមកធ្វើកិច្ចសន្យាយល់ព្រមលក់បន្ថែមទៀតនោះ ដូច្នេះគេសន្និដ្ឋានថា ចំនួនប្រជាជនដែលបានចុះកិច្ចសន្យាយល់ព្រមលក់ សរុបមានចំនួន436 សើ្មនឹង88%ហើយ៕

Advertisement