កម្ពុជា​ទទួលបាន​ជំនួយ 90លាន​ដុល្លារ​បន្ថែមទៀត​ពី​ធនាគារពិភពលោក​ដើម្បី​វិស័យ​ឧស្សាហកម្ម

យោងតាម​ការប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក​បានបង្ហាញ​ថា ធនាគារពិភពលោក​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​ប្រមាណ 90លាន​ដុល្លារ​អាមេរិក ដើម្បី​អភិវឌ្ឍ​គុណភាព​ឧ​ត្ត​មសិ​ក្សា និង​ការស្រាវជ្រាវ។

គម្រោង​នេះ​ផ្តោត​សំខាន់​លើ​ការបណ្តុះបណ្តាល​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) និង​ពង្រឹង​បន្ថែម​នូវ​គុណភាព​អប់រំ ក្នុង​គោលដៅ​បង្កើន​ឱកាស​ទទួលបាន​ការសិក្សា​របស់​សិស្ស-និស្សិត​កម្ពុជា​នៅ​កម្រិត​ឧ​ត្ត​មសិ​ក្សា និង​ជួយ​បង្កើន​អភិបាលកិច្ច​ក្នុង​វិស័យ​អប់រំ។

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើងថា ការផ្តល់​នូវ​ហិរញ្ញប្បទាន​លើ​វិស័យ​ឧ​ត្ត​មសិ​ក្សា និង​ការស្រាវជ្រាវ​នេះ​ជា​គម្រោង​ដែល​ស្របគ្នា​ជាមួយនឹង​បណ្តា​អាទិភាព​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍ​ន័​ឧស្សាហកម្ម 2015-2025 របស់​កម្ពុជា ហើយ​គម្រោង​នេះ​នឹង​ជួយ​យើង​ឱ្យ​ឈានទៅ​បង្កើត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ការអភិវឌ្ឍ​ឧ​ត្ត​មសិ​ក្សា ដើម្បី​ជួយ​និស្សិត​កម្ពុជា​ដែល​បានបញ្ចប់​ការសិក្សា​មាន​សមត្ថភាព​អាចឆ្លើយតប​ទៅនឹង​ទីផ្សារការងារ​ដែល​កំពុង​មាន​តម្រូវការ​ខ្លាំង។

លោកស្រី Inguna Dobraja នាយិកា​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា ការកសាង​សមត្ថភាព​ស្រាវជ្រាវ​ឱ្យមាន​គុណភាព​ខ្ពស់ និង​ការត្រៀម​ឱ្យ​និស្សិត​មាន​ជំនាញ​ខ្ពស់ ជា​ចំណុច​ចម្បង​មួយ​សម្រាប់​កម្ពុជា និង​ធនាគារពិភពលោក។ ការចាប់ផ្តើម​សកម្មភាព​ពី​ពេលនេះ​ទៅ នឹង​អាចជួយ​កម្ពុជា​ឱ្យ​ឈានទៅរក​ការអភិវឌ្ឍ​វិស័យ​ធនធានមនុស្ស​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា។

គម្រោង​នេះ​មាន​រយៈពេល 6ឆ្នាំ ដែលមាន​សមត្ថភាព​បង្កើន​គុណភាព​អប់រំ លើ​ជំនាញ STEM និង​វិស័យ​សិ​កម្ម ក្នុង​គោលដៅ​អប់រំ​និស្សិត​កម្ពុជា​ឱ្យមាន​ចំណេះដឹង​សម្រាប់​ផ្ទេរ​បន្ត​ទៅកាន់​មនុស្ស​ជាច្រើន​ទៀត ហើយ​រុញច្រាន​ប្រទេស​ចេញពី​សេដ្ឋកិច្ច​ដោយ​ផ្អែកលើ​ការ​ប្រពលវប្បកម្ម ឱ្យ​ក្លាយជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​មួយ​ផ្អែកលើ​ចំណេះ​ជំនាញ​វិញ។

សម្រាប់​សកម្មភាព​វិញ ហិរញ្ញប្បទាន​នេះ​ក៏​ជួយ​ទ្រទ្រង់​ដល់​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​តាមរយៈ​សកម្មភាពធំៗចំនួន5 គឺ​ផ្តល់​មូល​និ​ធី​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ក្នុង​មុខវិជ្ជា​អាទិភាព បង្កើន​ចំនួន​បន្ទប់​សិក្សា និង​មន្ទី​ពិសោធន៍ សង់​កន្លែង​ស្នាក់នៅ​សម្រាប់​និស្សិត​ក្រីក្រ ពង្រីក​ប្រព័ន្ធ​ធានា​គុណភាព និង​ប្រព័ន្ធ​ព័ត៌មាន និង​សហការ​ជាមួយ​ដៃគូ​អន្តរជាតិ​ក្នុងការ​កែលម្អ​កម្មវិធី និង​វិធីសាស្ត្រ​បង្រៀន​ផងដែរ៕

Advertisement