
ដោយមើលឃើញពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា ក្រុមអ្នកវិនិយោគរបស់អាមេរិក និងចិនតៃវ៉ាន់ គ្រោងបណ្តាក់ទុនរួមគ្នាបង្កើតរោងចក្រផលិតកង់នៅក្នុងប្រទេសកម្ពុជា ដោយដាក់ម៉ាកសញ្ញាផលិតនៅកម្ពុជា (Made in Cambodia) ដើម្បីនាំចេញទៅលក់នៅលើទីផ្សារក្រៅប្រទេស។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Robert Margevicius បានមានប្រសាសន៍ថា កម្ពុជាបានក្លាយជាប្រទេសដំឡើង និងផលិតកង់សម្រាប់នាំចេញធំបំផុតលំដាប់ទី2 នៅលើពិភពលោក ដែលមានចំណែកទីផ្សារនៅសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា អាស៊ាន និងប្រទេសអាស៊ីផ្សេងទៀត ក៏ប៉ុន្តែកម្ពុជាពុំមានរោងចក្រផលិតគ្រឿងផ្គុំកង់នៅឡើយទេ គឺត្រូវនាំចូលពីប្រទេសផ្សេង។ លោក Robert Margevicius បានស្នើសុំក្រសួងពាណិជ្ជកម្មកម្ពុជាជួយគាំទ្រគម្រោងនេះផង ដើម្បីឱ្យក្រុមហ៊ុនទាំងអស់អាចចូលរួមធ្វើពិពិធកម្មវិស័យការងារ និងអភិវឌ្ឍសេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគាំទ្រទាំងស្រុងចំពោះគម្រោងវិនិយោគនេះ ហើយបានណែនាំដល់មន្ត្រីជំនាញឱ្យធ្វើការសម្របសម្រួល និងជួយដោះស្រាយបញ្ហាផ្សេងៗ ដើម្បីឱ្យគម្រោងនេះដំណើរការទៅមុខដោយជោគជ័យ។ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជូនគណៈប្រតិភូអំពីព័ត៌មានសំខាន់ៗទាក់ទិននឹងឱកាសវិនិយោគនៅកម្ពុជា និងផលិតផលអាទិភាពមួយចំនួនដែលក្រសួងកំពុងជំរុញការនាំចេញ មានដូចជា សម្លៀកបំពាក់ ស្បែកជើង អង្ករ ដំឡូងមី ពោត ម្រេច សូត្រប្រណីត និងផលិតផលឧស្សាហកម្មដូចជា គ្រឿងបន្លាស់រថយន្ត ម៉ូទ័រ និងម្ហូបអាហារកែច្នៃ។


តាមរបាយការណ៍ពីសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅប្រទេសកម្ពុជាបានបង្ហាញឱ្យដឹងថា កាលពីឆ្នាំ 2017 កម្ពុជាបានផលិត និងដំឡើងកង់នាំចេញទៅកាន់ទីផ្សារពិភពលោកចំនួន 1,824,895គ្រឿង (មួយលានប្រាំបីសែនពីរម៉ឺនបួនពាន់ប្រាំបីរយកៅសិបប្រាំ) គិតជាទឹកប្រាក់ស្មើនឹង 391លានដុល្លារអាមេរិក គឺបានកើនឡើង 29% បើធៀបនឹងឆ្នាំ2016 ដែលបច្ចុប្បន្នកម្ពុជាកំពុងផលិតកង់នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង ជិតព្រំប្រទល់ព្រំដែនកម្ពុជា និងវៀតណាម៕
