ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ទាប​ជាង​ចិន​ជិត 4ពាន់លាន​ដុល្លារ​ក្នុង​ឆ្នាំ2017

ភាពខុសគ្នា​រវាង​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន​នៅតែ​ឆ្ងាយ​ពីគ្នា​រហូតដល់​ជិត4ពាន់​លាន​ដុល្លារ​ខណៈ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បេ្ត​ជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ធំ​បន្ថែមទៀត​នៅ​ឆ្នាំ​ថ្មី​នេះ និង​ឆ្នាំ​បន្តបន្ទាប់។

យោងតាម​ទិន្នន័យ​ការនាំចេញ និង​នាំចូល​របស់​អគ្គនាយក​ដ្ឋា​ន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ (កាំកុងត្រូល) នៃ​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថា មាន​ទំនិញ​យ៉ាងហោចណាស់ 13 មុខ​ត្រូវបាន​នាំ​ចេញទៅ​ប្រទេស​ចិន ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ជិត 634លាន​ដុល្លារ ក្នុង​រយៈពេល11ខែ​ក្នុង​ឆ្នាំ2017។ មុខទំនិញ​សំខាន់​ដែល​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន រួមមាន ៖ ផល​នេសាទ ដំឡូង​មី​ស្ងួត ម្សៅដំឡូង​មី គ្រាប់ស្វាយចន្ទី អង្ករ​ប្រេងដូង​មិនទាន់​ចម្រាញ់ ម្សៅ​កា​កាវ កៅស៊ូ​ក្រែប ឈើ​កែច្នៃ ដែល​សរុប​ជា​ទឹកប្រាក់​មាន​ជាង 110 លាន​ដុល្លារ។ ទំនិញ​ខាងលើ​មាន​មូលដ្ឋាន​ដាំ​ដុះ ផលិត​និង​កែច្នៃ​បឋម​នៅ​កម្ពុជា។ ក្នុងចំណោម​ផលិតផល​របស់​កម្ពុជា​ទាំងនោះ អង្ករ​ជា​ទំនិញ​សំខាន់​ជាងគេ​ក្នុងការ​នាំចេញ​ទៅកាន់​ប្រទេស​ចិន ដោយមាន​ចំនួន​ទឹកប្រាក់​ជិត 90លាន​ដុល្លារ​អាមេរិក។

កម្ពុជា​ក៏មាន​នាំចេញ​ផលិតផល​ខ្លះទៀត​ទៅកាន់​ទីផ្សារ​ចិន​ដែរ ដូចជា​ក្រណាត់ ស្បែក ស្បែក​កែច្នៃ សម្លៀកបំពាក់​របស់​វា​យ​ន​ភណ្ឌ និង​ស្បែកជើង និង​ទំនិញផ្សេងៗទៀត ដែលមាន​ទឹកប្រាក់​សរុប ជិត 524លាន​ដុល្លារ​អាមេរិក។  ផលិតផល​ទាំងនេះ ភាគច្រើន​កម្ពុជា​នាំ​វត្ថុធាតុដើម​ចូល ហើយ​កម្ពុជា​គ្រាន់តែ​លក់​កម្លាំង​ពលកម្ម​សម្រាប់​កាត់ដេរ​ប៉ុណ្ណោះ។

របាយការណ៍​របស់​កាំ​កុងត្រូល​ដដែល​បាន​បង្ហាញថា កម្ពុជា​នាំចូល​ទំនិញ​ពី​ចិន​មិន​តិចតួច​នោះទេ ដែលមាន​ទឹកប្រាក់​សរុប​រហូតដល់​ទៅជិត 4.481លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល 11ខែ​ក្នុង​ឆ្នាំ2017។ ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​ចិន​មកវិញ មាន​ទាំង​ទំនិញ​កសិកម្ម និង​ទំនិញ​ធុន​ធ្ងន់ ដែល​រួមមាន៖ សាច់​ស្រស់ ផល​នេសាទ ទឹកដោះ និង​ផលិតផល​ពី​ទឹកដោះ បន្លែស្រស់ ផ្លែឈើ​ស្រស់ ស្រូវ​សាលី និង​ទំនិញ​កសិកម្មផ្សេងៗទៀត។ ក្រៅពី​ទំនិញ​ខាងលើ នៅមាន​ទំនិញ​ជាច្រើន​ទៀត​ដែល​ចិន​នាំចូល​មកកាន់​ទីផ្សារ​ក​ម្ពុ​ជា ដូចជា​ចំណី​សត្វ ថ្នាំជក់ និង បារី ឧស្ម័ន សារធាតុ​គីមី សេរ៉ូម និង​ឱសថ ជី​កសិកម្ម​សម្ភារ​កាត់​ដេរ ស្បែកជើង វត្ថុធាតុដើម​ផលិត​ស្បែកជើង សម្ភារ​សំណង់ រថយន្ត ម៉ូតូ និង ផ្សេងៗទៀត។

ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ក្នុងជំនួប​ជាមួយ ឯកឧត្តម WANG Bingnan អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ខែវិច្ឆិកា​ក្នុង​ឆ្នាំ2017 បាន​រំពឹងថា ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​នឹង​កើនឡើង​លើស 5ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2018 ព្រមទាំង​នឹង​រីក​ធំ​រហូតដល់ 6ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ2020 ខាងមុខ។

ឯកឧត្តម ស៊ា​ង ថៃ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​អះអាងថា ដើម្បី​ពង្រីក​ទីផ្សារ​នាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ដែលមាន​សម្លៀកបំពាក់ និង​ស្បែកជើង ក្រសួងពាណិជ្ជកម្ម​នឹង​ខិតខំ​ចរចា​ដើម្បី​បើក​ច្រក​ពាណិជ្ជកម្ម​ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី (EAEU) ដែលមាន​សមាជិក​ចំនួន 5 ប្រទេស​គឺ រួមមាន​រុស្ស៊ី បេឡា​រុស កា​ហ្សា​ក់​ស្ថាន គី​ហ្ស៊ី​ស្ថាន និង​អា​មេ​នី​បន្ថែមទៀត ព្រោះ​កន្លងមក​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ទីផ្សារ​នៃ​ប្រទេស​ទាំងនោះ​ស្ថិតនៅ​តូច​នៅឡើយ។

សម្រាប់​ទីផ្សារ​ប្រទេស​ចិន ថ្វីដ្បិតតែ​ចិន​អនុញ្ញាតឱ្យ​ផលិតផល​កសិកម្ម​កម្ពុ​ជា​រាប់រយ​មុខ​នាំចូល​ទៅកាន់​ទីផ្សារ​ចិន​ដោយ​ទទួលបាន​ការលើកលែង​ពន្ធ​មែន ប៉ុន្តែ​មាន​ទំនិញ​តែ​មិន​ប៉ុន្មាន​មុខ​ប៉ុណ្ណោះ​ដែល​ចិន​អនុញ្ញាតឱ្យ​នាំចូល៕

Advertisement