កម្ពុជា​មិនទាន់​ប្រមូល​ពន្ធ​បាន​គ្រប់​តាម​ផែនការ​កំណត់​នៅឡើយ

ភ្នំពេញ៖ ត្រឹម​រយៈពេល8 ខែ​ដើមឆ្នាំ2017 អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រមូល​ពន្ធ​បាន​ប្រមាណ​ជា 5,657 ពាន់​លាន​រៀល​ស្មើនឹង​ប្រមាណ​ជា 1,414.43លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​មិនទាន់​គ្រប់​តាម​ផែនការ​កំណត់​នៅឡើយ​ទេ។

ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​នាយកដ្ឋាន​ពន្ធដារ​បាន​ឱ្យដឹង​ក្នុង​ពិធី​ជួប​សម្តែង​ការគួរសម​របស់​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​ថា ត្រឹម​រយៈពេល8ខែ ដើមឆ្នាំ2017នេះ ការប្រមូល​ពន្ធ​ទើបតែ​សម្រេចបាន​ប្រមាណ​ជា 82.43% នៃ​ផែនការ​កំណត់ដោយ​ច្បាប់​ប៉ុណ្ណោះ បានន័យថា មិនទាន់​គ្រប់100%នៅឡើយ​ទេ។

ឯកឧត្តម​មានប្រសាសន៍​ថា ការអនុវត្ត​កំណែទម្រង់​នេះ ចៀស​មិន​ផុតពី​ផលប៉ះពាល់​នោះទេ គ្រាន់តែ​តិច ឬ​ច្រើន​ប៉ុណ្ណោះ  ជាពិសេស​ការផ្លាស់ប្តូរ​ផ្នត់គំនិត និង​វប្បធម៌​ការងារ​របស់ «មន្ត្រី​ពន្ធដារ​ជា​អ្នកត្រួតត្រា​អ្នក​ជាប់ពន្ធ​ទៅជា​អ្នកផ្តល់​សេវា និង​ការ​ប្រឈម ដែល​សត្រូវ​នៃ​ការកែទម្រង់​គឺជា​អ្នក​មិន​ចង់​កែទម្រង់» ក្នុង​ភាពជា​អ្នកដឹកនាំ​ស្ថាប័ន​ដើម្បី​ឈានទៅ​ទទួលបាន​ជោគជ័យ​លើ​ការងារ កំណែទម្រង់​ត្រូវការ​ឆន្ទៈ​ខ្ពស់ ការតាំង​ចិត្ត​ពុះពារ​មិន​រាថយ ចំណេះដឹង ភាពជឿជាក់ ការបំពេញ​ការងារ​ប្រកប​ប្រតិសកម្ម និង​ផ្នត់គំនិត​នៃ​ការផ្តួចផ្តើម។

ឆ្លៀត​ក្នុងពេលនោះ​ឯកឧត្តម​បាន​ផ្ញើ​សារ​តាមរយៈ​ក្រុមយុវជន​អាស៊ីអាគ្នេយ៍​ឱ្យជួយ​ផ្សព្វផ្សាយ​ចែករំលែក​បន្ត​ចំណេះដឹង និង​បទពិសោធ​ការងារ ពាក់ព័ន្ធ​នឹង​វិស័យ​ពន្ធដារ ក្នុងន័យ​ពង្រឹង និង​បញ្ជ្រាប​វប្បធម៌ នៃ​ពន្ធដារ និង​ក្នុងន័យ​ពង្រឹង និង​បញ្ជ្រាប​វប្បធម៌​នៃ​ការបង់ពន្ធ​នៅ​កម្ពុជា​ឱ្យបាន​កាន់តែ​ជ្រួតជ្រាប​ដល់​មជ្ឈដ្ឋាន​អ្នក​ជាប់ពន្ធ​នានា ក៍​ដូចជា​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ដែរ។

គួរ​រំឭក​ដែរ​ថា ក្នុង​រយៈពេល5ឆ្នាំ​ចុង​ក្រោយនេះ ចាប់តាំងពី​ឆ្នាំ2012មក គឺ​តែងតែ​សម្រេចបាន​លើស​ផែនការ ហើយ​ការប្រមូល​ចំណូល​ពន្ធ​បាន​កើន​ឡើងជា​មធ្យម​ប្រមាណ 20% ក្នុង​មួយឆ្នាំ ដែល​ជាក់ស្តែង​បាន​កើន​ឡើងជា​មធ្យម​ប្រមាណ​ពី736លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ2012 រហូត​ទទួលបាន​ប្រមាណ​ជាង 1.4 ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2016៕

Advertisement