ម្ចាស់​ហាង ស៊ីក្លូ​កាហ្វេ៖ ចង់ឱ្យ​អាជីវកម្ម​ឈរជើងបាន ​ត្រូវ​ឈរលើ​គោលការណ៍ធំ3

ភ្នំពេញ៖ បច្ចុប្បន្ន​ការបើក​អាជីវកម្ម​ឆុង​កាហ្វេ​លក់​កំពុងតែ​មានការ​ពេញនិយម​ជាខ្លាំង ខណៈ​កំណើន​នៃ​អ្នក​និយម​ផឹក​កាហ្វេ​ក៏​កំពុងមាន​ការកើនឡើង​ដែរ។ ក្នុងនោះ​ហាង​អាជីវកម្ម “ស៊ីក្លូ​កាហ្វេ” ជា​ប្រ៊េ​ន​ដ៍(ពាណិជ្ជ​នាម)ដែល​បង្កើតឡើង​ដោយ​កូន​ខ្មែរ​ក៏​កំពុងតែ​បោះជំហាន​ទៅមុខ​យ៉ាង​លឿន​ដែរ ដោយ​គេ​អាច​មើលឃើញ​បាន​តាមរយៈ​ការគាំទ្រ​ពី​អតិថិជន​ក្នុងស្រុក​ជាច្រើន។ តើ​មាន​ចំណុច​ពិសេស​អ្វីខ្លះ​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់​ហាង “ស៊ីក្លូ​កាហ្វេ” នេះ?

លោក ឃួន យូ​អ៊ី ម្ចាស់​អាជីវកម្ម “ស៊ីក្លូ​កាហ្វេ” បាន​លើកឡើងថា បច្ចុប្បន្ន​អាជីវកម្ម​របស់​ហាង​ស៊ីក្លូ​កាហ្វេ ពិតជា​ទទួល​បានការ​គាំទ្រ​ពី​មហាជន​ច្រើន​ប្រាកដ​មែន​ដែល​ក្នុងនោះ​អតិថិជន​ក្នុងស្រុក​មាន​ក្នុង​រង្វង់​ប្រមាណ​ជា 80%។ ទាំងអស់នេះ​កើតឡើង​ដោយសារតែ​យើង​ឈរលើ​គោលការណ៍2 គឺ​គុណភាព និង​សេវាកម្ម។ លោក​បន្ដថា ដើម្បីឱ្យ​អាជីវកម្ម​នេះ​មានដំណើរ​ការល្អ មិនមែនជា​រឿង​ងាយស្រួល​ទេ វា​ទាមទារ​ឱ្យ​ម្ចាស់​អាជីវកម្ម​ដូចជា​រូបលោក​ត្រូវ​រៀបចំ​ផែនការ​ឱ្យ​ច្បាស់លាស់​ទើប​អាច​ឈានទៅ​សម្រេច​គោលដៅ​បាន។

ម្ចាស់​អាជីវកម្ម​វ័យក្មេង​រូបនេះ​បាន​បញ្ជាក់ថា មុនពេល​លោក​ចាប់ផ្ដើម​ដំណើរការ​អាជីវកម្ម​ស៊ីក្លូ​កាហ្វេ​នេះ លោក​បានរៀបចំ​ផែនការ​ដោយ​ឈរលើ​គោលការណ៍ធំ3 គឺ​ការបង្កើត​ផលិតផល សេវាកម្ម និង​ការគ្រប់គ្រង។

-ការបង្កើត​ផលិតផល គឺ​ត្រូវ​សួរ​ខ្លួនឯង​ថា ផលិតផល​ដែល​ចង់​បើក​គឺជា​អ្វី? ត្រូវ​រកឱ្យឃើញ​ផលិតផល​ដែល​ថ្មី ប្លែក ព្រោះ​ការបើក​អាជីវកម្មនីមួយៗបើ​ធ្វើតាម​គ្នា ឬ​មាន​ផលិតផល​ដូច​គេ វា​ពិតជា​គ្មាន​ន័យ​នោះទេ។
-សេវាកម្ម ត្រូវ​រៀបចំ​ធ្វើ និង​ផ្ដល់​សេវាកម្ម​បែបណា​ជូន​អតិថិជន សម្រាប់​ស៊ីក្លូ​កាហ្វេ គឺ​ទទួល​អតិថិជន​តាំងពីដើម​រហូត​ដល់ទី​បញ្ចប់។ ក្នុងនោះ​យើង​ត្រូវ​គិត​ចាប់តាំងពី​អតិថិជន​ចត​យានយន្ដ រហូតដល់​អតិថិជន​ចេញទៅ​វិញ គឺ​យើង​ត្រូវតែ​រួសរាយ​រាក់ទាក់។
-ការគ្រប់គ្រង ត្រូវ​ចែកជា3 ការគ្រប់គ្រង​លើ​អតិថិជន ការគ្រប់គ្រង​លើ​ហិរញ្ញវត្ថុ និង​គ្រប់គ្រង​លើ​បុគ្គលិក។

លោក​ឃួន យូ​អ៊ី បន្ដថា បើ​យើង​ខ្លាំង​លើ​ចំណុចធំៗបី​នេះហើយ អាជីវកម្ម​មិន​ងាយ​នឹង​ជួប​ហានិភ័យ​ទេ ប៉ុន្ដែ​ក៏ត្រូវ​មាន​ធាតុ​ផ្សំ​មួយ​សំខាន់​បន្ថែមទៀត​ដែរ គឺ​អ្នក​ចង់​បើក​អាជីវកម្ម​នោះ​ត្រូវឱ្យ​ចេះ​ជំនាញ​នោះ និង​ធ្វើ​ការងារ​ឱ្យគេ​ជាមុនសិន​ដើម្បី​ទទួលបាន​បទពិសោធន៍។ ពិសេស​ម្ចាស់​អាជីវកម្ម​ត្រូវមាន​មហិច្ឆតា ទើប​មានការ​អភិវឌ្ឍ​លើ​អាជីវកម្ម​ខ្លួន​បានល្អ។ ដូច​រូបលោក​ផ្ទាល់​បើទោះជា​អាជីវកម្ម​មួយ​នេះ​នៅ​មិនទាន់​ទទួលបាន​ភាពល្បីល្បាញ​ទូលំទូលាយ​រហូត​ដល់ក​ម្រិ​ត​អន្ដរជាតិ​ក៏ដោយ ប៉ុន្ដែ​ពេល​បើក​អាជីវកម្ម​លោក​មាន​មហិច្ឆតា​ជាស្រេច​ទៅហើយ គឺ​ចង់​ប្រកួតប្រជែង​ជាមួយ​កាហ្វេ​ប្រ៊េ​ន​ដ៍​មកពី​បទេស។ មូលហេតុ​គឺ​លោក​ចង់បង្ហាញ​ឱ្យឃើញថា យុវជន​កម្ពុជា​ក៏មាន​សមត្ថភាព​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​ដូច​បណ្ដា​ប្រទេស​នានា​ដែរ។

ម្ចាស់​អា​ជីក​ម្ម​រូបនេះ​សង្កត់ធ្ងន់ថា៖«ពាក់ព័ន្ធ​នឹង​ការ​ទៅ​បម្រើ​ការងារ​ឱ្យគេ គឺជា​ចំណុច​ចាំបាច់​បំផុត ដែល​អ្នកមាន​គំនិត​ចង់​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​ត្រូវធ្វើ ព្រោះ​នៅពេល​យើង​ធ្វើ​ការងារ​ឱ្យគេ​យើង​អាចមាន​ឱកាស​សិក្សា​ឃើញ​ពី​ចំណុចខ្លាំង និង​ចំណុច​ខ្វះខាត​របស់គេ។ ពេលនោះ​យើង​នឹង​ដឹងថា មូលហេតុ​អ្វី​បាន​អាជីវកម្ម​គេ​អាចឈរជើង​បាន និង​ទទួលបាន​ជោគជ័យ ព្រមទាំង​ដឹង​ពី​មូល​ហេតុដែល​បណ្ដាលឱ្យ​អាជីវកម្ម​ដួលរលំ​ទៀតផង។ ពិសេស​យើង​នឹង​ទទួលបាន​បទពិសោធ​ពេល​ជួប​បញ្ហា ឬ​បរាជ័យ​លើ​អាជីវកម្ម​ថា តើ​គេ​មាន​ដំណោះស្រាយ​ដូចម្ដេច?។ ជាក់ស្ដែង​ដូចជា​ខ្ញុំ​ផ្ទាល់​មុនពេល​បើក​អាជីវកម្ម​ស៊ីក្លូ​កាហ្វេ​នេះ ខ្ញុំ​ក៏​ធ្លាប់បាន​ទៅ​បម្រើ​ការងារ​នៅក្នុង​ហាង​កាហ្វេ​របស់គេ​ដែរ»។

ជាមួយគ្នានេះដែរ​លោក ឃួន យូ​អ៊ី បាន​សំណូមពរ​ឱ្យ​យុវជន​ទាំងអស់​ចូលរួម​គាំទ្រ​នូវ​ស្នាដៃ និង​អាជីវកម្ម​របស់​កូន​ខ្មែរ មិន​ថា តែ​អាជីវកម្ម​កាហ្វេ​របស់លោក ឬ​អាជីវកម្ម​អ្វី​ផ្សេង​របស់​នរណាម្នាក់​ទេ ព្រោះ​ជំហាន​ដំបូង​នៃ​ការបើក​អាជីវកម្ម គឺ​ម្ចាស់​អាជីវកម្ម​ត្រូវការ​កម្លាំង​ចិ​ត្ដ និង​ការគាំទ្រ​ជាខ្លាំង​ពី​អតិថិជន បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ពី​ក្រុមគ្រួសារ​ហើយ​នោះ៕

Advertisement