ការនាំ​ចូល​សត្វ​រស់​ពី​បរទេស​បាន​នាំឱ្យ​ផលិតកម្ម​ក្នុងស្រុក​មានការ​ធ្លាក់ចុះ

è4 †

ការ​នាំចូល​សាច់សត្វ​ពី​ប្រទេសជិតខាង​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​បានធ្វើឱ្យ​កម្ពុជា​ត្រូវ​ចំណាយ​ប្រាក់​ជាច្រើន​លាន​ដុល្លារ​ក្នុង1ឆ្នាំៗ ខណៈ​ការ​នាំចូល​នេះ​ក៏បាន​បង្កើតឱ្យមាន​ការ​ត្អូញត្អែរ​យ៉ាងច្រើន​ផងដែរ​ពី​សំណាក់​អ្នក​ចិញ្ចឹមសត្វ​ក្នុងស្រុក។

ឯកឧត្តម សេន សុវណ្ណ

តួលេខ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា កាលពី​ឆ្នាំ2016 កន្លងមក​កម្ពុ​ជាមាន​សត្វ​ក្របី​ចំនួន520ពាន់​ក្បាល ដោយ​ធ្លាក់ចុះ​ចំនួន6% បើ​ធៀប​នឹង​ឆ្នាំ2015 សត្វ​គោ​មាន​ចំនួន 2.9លាន​ក្បាល ខណៈ​ការចិញ្ចឹម​ជ្រូក​មាន​ជាង2លាន​ក្បាល។ ចំនួន​ខាងលើ​មិនអាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ដែលមាន​កំណើន​យ៉ាងច្រើន​បានទេ។ ឆ្លើយតប​នឹង​កង្វល់​នេះ​អ្នកយកព័ត៌មាន​នៃ​កាសែត ឡា​រ៉ែ​ន ពាណិជ្ជ បាន​ជួប​សម្ភាសន៍​ជាមួយ ឯកឧត្តម សេន សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយក-ដ្ឋា​ន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដើម្បី​សាកសួរ​ពី​ស្ថានភាព​ទូទៅ​នៃ​ការចិញ្ចឹម​សត្វ និង​វិធាន​របស់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ផលិតកម្ម​សត្វ​នៅ​កម្ពុជា។

តើ​ស្ថានភាព​នៃ​ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា​នាពេលនេះ​មាន​និន្នាការ​បែបណា? ការចិញ្ចឹម​សត្វ​នាពេលនេះ គឺ​ផ្អែកទៅលើ​តម្រូវការ​ទីផ្សារ​ជា​ចម្បង ដោយ​បច្ចុប្បន្ន​តម្រូវការ គឺ​ផ្តោតទៅលើ​គុណ​ភាពជា​ចម្បង។ ស្ថានភាព​នៃ​ការ​ចិញ្ចឹមសត្វ​នៅក្នុង​ស្រុក​បាន​ប្រែប្រួល​ខ្លាំង ដោយសារ​ការចិញ្ចឹម​ខ្នាតតូច​មានការ​ធ្លាក់ចុះ ហើយ​ការចិញ្ចឹម​សត្វពាហនៈ​ស​ម្រា​ប់​ប្រើប្រាស់​ជា​កម្លាំង​អូសទាញ​របស់​ប្រជាកសិករ​ក៏បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ផងដែរ។ គិត​ត្រឹម​ដំណាច់ឆ្នាំ2016 កម្លាំង​អូសទាញ​ដែល​ប្រើប្រាស់​សត្វពាហនៈ​នៅ​កម្ពុជា​នៅសល់​ត្រឹមតែ8.8%ប៉ុណ្ណោះ។ ចំណែក​ការចិញ្ចឹម​ជ្រូកខ្នាតតូចៗ (លក្ខណៈ​គ្រួសារ) ក៏បាន​ធ្លាក់ចុះ​យ៉ាងច្រើន​ផងដែរ ដោយសារតែ​មិនអាច​ប្រកួតប្រជែង​ជាមួយ​ការចិញ្ចឹម​ខ្នាត​ធំ ដែលមាន​បច្ចេកទេស​ទំ​នើបៗ និង​ធានាបាន​នូវ​អនាម័យ ព្រមទាំង​គុណភាព។ នៅពេលនេះ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក៏បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​រយៈពេល​វែង​ដោយ​ផ្តោតលើ​ការកែលម្អ​ពូជ របៀប​ចិញ្ចឹម និង​ការផ្តល់​សេវាកម្ម​សុខភាព​សត្វ។ អ្នក​ចិញ្ចឹម​ក្នុងស្រុក​តែង​ត្អូញត្អែរ​ពី​ការអនុញ្ញាតឱ្យ​នាំចូល​សាច់សត្វ​យ៉ាងច្រើន​មកកាន់​ទីផ្សារ​កម្ពុជា។

តើ​ឯកឧត្តម​អាច​បកស្រាយ​ដូចម្តេច? នេះ​ជា​បញ្ហា​ប្រឈម​ពិតប្រាកដ​ដែល​ប្រជាពលរដ្ឋ​តែង​ត្អូញត្អែរ​តាមរយៈ​វេទិកាសាធារណៈ​នានា។ យើង​ត្រូវ​ដឹងថា ការផ្គត់ផ្គង់​សាច់​នៅក្នុង​ស្រុក​នា​សព្វថ្ងៃនេះ គឺ​មិនអាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុងស្រុក​បានឡើយ ហេតុនេះ​ទើប​ហើយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដាក់ចេញ​នូវ​វិធានការ​នាំចូល​សាច់​ពី​ក្រៅប្រទេស​ដើម្បី​រក្សា​លំនឹង​ទីផ្សារ។ ក្រសួង​បាន​អនុញ្ញាតឱ្យ​នាំចូល​ជ្រូក​ដែលមាន​គុណភាព សុវត្ថិភាព និង​មានការ​ត្រួតពិនិត្យ​ច្បាស់លាស់ ដែល​ចំនួន​សរុប​ប្រហែល40ម៉ឺន​ក្បាល​ក្នុង​មួយឆ្នាំ​ដើម្បី​ទប់​កុំឱ្យ​ថ្លៃ​សាច់​ហក់​ឡើង​ខ្ពស់​ពេក។ បញ្ហា​ដែល​កើតឡើង​នោះ​គឺ​ការរត់ពន្ធ។ បើ​យើង​ក្រឡេក​ទៅ​មើល​តារាង​ពន្ធគយ សត្វ​ជ្រូក​មួយ​ក្បាល​ដែល​នាំ​ចូលមក​កម្ពុជា​គឺ​ត្រូវ​ជាប់ពន្ធ​រហូតដល់ 750រៀល​ក្នុង​មួយ​គីឡូក្រាម។ បើសិន​ការនាំ​ចូល​មាន​បង់ពន្ធ​ត្រឹមត្រូវ​តាម​តារាង​ដែល​បានកំណត់ ការ​នាំចូល​ស្របច្បាប់​ក៏​មិន​ងាយ​ប្រកួតប្រជែង​ជាមួយ​ការចិញ្ចឹម​ក្នុងស្រុក​បានដែរ។ យើង​ពិតជា​ត្រូវការ​ខ្លាំងណាស់​ចំពោះ​ការនាំ​ចូល​ស្របច្បាប់ ដើម្បី​អាច​រក្សាបាន​នូវ​គុណភាព និង​រក្សាបាន​នូវ​ការផ្គត់ផ្គង់​មួយ​ដែល​បំពេញតម្រូវការ​ទីផ្សារ។

ការរត់ពន្ធ​សត្វ គឺជា​ចំណុច​គ្រោះថ្នាក់​បំផុត។ គ្រោះថ្នាក់​ចម្បង​មាន​ចំនួន2 គឺ​ទី1 សត្វ​នាំ​ចូលមក​លួចលាក់​មាន​ប្រភព​មិន​ច្បាស់លាស់ មាន​ជំងឺឆ្លង និង​មាន​គុណភាព​អន់ ដែល​ប្រទេស​នាំចូល​នោះ​មិនឱ្យ​ចែកចាយ​នៅក្នុង​ប្រទេស​របស់គេ ហើយ​គេ​ត្រូវ​រុញ​ចេញទៅ​ក្រៅប្រទេស ព្រមទាំង​អាច​លក់​បង្ខូច​ថ្លៃ​ទៀតផង។ ទី2 ការប៉ះពាល់​ធំ​បំផុត គឺ​ដោយសារ​ប្រភព​មិន​ច្បាស់លាស់​នោះ​វា​បាន​បង្ក​កង្វល់​សុខភាព​សាធារណៈ​ធ្ងន់ធ្ងរ។ ការចិញ្ចឹម​ជ្រូក​នៅតាម​ប្រទេសជិតខាង បើតាម​ខ្ញុំ​ដឹងថា មានការ​ប្រើប្រាស់​សារធាតុ​ហាមឃាត់​មួយចំនួន​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ទៅ​ថ្ងៃ​អនាគត។

ដោយសារ​បញ្ហា​កង្វល់​មាន​ច្រើន តើ​ឯកឧត្តម​មាន​យុទ្ធសាស្ត្រ​អ្វី​ដើម្បី​អប់រំ​អ្នកប្រើប្រាស់​ក្នុងស្រុក​ឱ្យ​គាំទ្រ​ផលិតផល​ក្នុងស្រុក? យើង​មាន​កម្មវិធី​រួចហើយ គឺ​កម្មវិធី​គ្រប់គ្រង​អនាម័យ​សត្វ និង​សាច់សត្វ តាមរយៈ​ការគ្រប់គ្រង​សត្វឃាត​ដ្ឋា​ន និង​ការត្រួតពិនិត្យ​គុណភាព​សាច់​នៅមុន​ពេល​កាប់ ក្រោយពេល​កាប់ និង​ពេល​ចែកចាយ​នៅ​ទីផ្សារ។ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ មើលឃើញថា មានការ​ចាំបាច់​ត្រូវ​ពង្រឹង​សមត្ថកិច្ច​នេះ​ឱ្យមាន​បច្ចេកទេស​រឹងមាំ និង​គួរឱ្យ​ជឿទុកចិត្ត​បាន ហើយ​ធានាបាន​នូវ​សត្វ​ដែល​បាន​អូស​ត្រា​ពិនិត្យ​រួច​នោះ​ជា​សាច់​ដែល​ធានាបាន​នូវ​គុណភាព​សម្រាប់​ការបរិភោគ។ យើង​ប្រាកដជា​មានការ​ប្រឈម​ច្រើន ហើយ​ត្រូវការ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ការផ្សព្វផ្សាយ​ទៅដល់​អ្នកប្រើប្រាស់។

ការ​ពិឃាតសត្វ​ឈឺ គឺមាន​តម្លៃថោក តែ​វា​មាន​ហានិភ័យ​ខ្ពស់ ដោយសារ​ការ​ពិឃាត​នោះ​គឺ​ការ​ពិឃាត​លួចលាក់។ សាច់​ដែល​មានការ​ពិឃាត​នៅ​សត្តឃាតដ្ឋាន​ស្របច្បាប់ យើង​ធានាបាន​នូវ​គុណភាព។

តាម​ការមើលឃើញ​រប​ស់​ឯកឧត្តម តើ​ទីផ្សារ​កម្ពុ​ជាមាន​សក្តានុពល​ធំ​ដែរ ឬទេ​សម្រាប់​របរ​ចិញ្ចឹមសត្វ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ? បើ​យើង​ក្រឡេកមើល​តម្រូវការ​រ​បស់​ទីផ្សារ​បច្ចុប្បន្ន និង​ស្ថិតិ​នាំចូល យើង​ឃើញថា​ទីផ្សារ​កម្ពុជា​កំពុងមាន​និន្នាការ​កើនឡើង​នូវ​តម្រូវការ​សាច់​ដែលមាន​គុណភាព។ និន្នាការ​នៃ​កំណើន​ប្រាក់ចំណូល​ដែលមាន​ចន្លោះ​ពី25%ទៅ50% គឺ​ត្រូវ​ចំណាយ​ទៅលើ​អាហារ ហើយ​នៅក្នុង25%នៃ​ការចំណាយ​ទៅលើ​អាហារ គឺ​ចំណាយ​ទៅលើ​សាច់។ ដូច្នេះ​យើង​អាច​និយាយ​ដោយ​ខ្លី​ថា និន្នាការ​នៃ​តម្រូវការ​សាច់​ដែលមាន​គុណភាព​គឺ​កំពុង​កើនឡើង​ច្រើន។ បានសេចក្តីថា កម្ពុ​ជាមាន​ទីផ្សារ​នៅក្នុង​ស្រុក​រួចទៅហើយ ឥឡូវនេះ​វា​ស្ថិតនៅក្នុង​ស្ថានភាព​ថា តើ​ប្រជាពលរដ្ឋ​យើង​អាច​ដណ្តើមយក​ចំណែក​ទីផ្សារ​ក្នុងស្រុក​បានដែរ ឬទេ? ទាំងនេះ​យើង​មិនទាន់​និយាយ​ទៅដល់​ភ្ញៀវទេសចរ​បរទេស​ដែល​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​ឡើយ។ ដូច្នេះ​នេះ​ជា​ឱកាស និង​សក្តានុពល​សម្រាប់​ពង្រីក​វិស័យ​ចិញ្ចឹមសត្វ​ផងដែរ។ ភាព​ចន្លោះប្រហោង​គឺ​នៅត្រង់ថា​តើ​យើង​ត្រូវ​រៀបចំ​គោលនយោបាយ​ទៅ​ជួយ​ប្រជាកសិករ​ខ្នាតតូច សហគមន៍​កសិកម្ម ឬក៏​ការបើក​ដៃគូ​វិនិយោគ​របស់​ឯកជន។ ទាំងនេះ​ស្ថិតនៅក្នុង​ការឆ្លុះបញ្ចាំង​ដើម្បី​រៀបចំ​គោលនយោបាយ​កសាង​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ដែល​ផ្សារភ្ជាប់​នឹង​សហគមន៍​កសិកម្ម។

ហេតុអ្វី​ការធ្វើការងារ​ជាមួយ​សហគមន៍​កសិក​ម្ម​មាន​ភាពចាំបាច់? តើ​វា​អាច​ធានា​និរន្តរភាព​ក្នុង​ផលិតកម្ម​សាច់​យ៉ាងដូចម្តេចខ្លះ? ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជំរុញ​ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា ព្រោះ​វា​ជា​មធ្យោបាយ​ផ្សារភ្ជាប់​ខ្សែសង្វាក់​ផលិតកម្ម និង​ខ្សែសង្វាក់​តម្លៃ។ ឥឡូវនេះ​យើង​ចាប់ផ្តើម​សម្លឹងមើល និង​រៀបចំ​តាម​ស្រុកនីមួយៗតាមរយៈ​ការបង្កើត​ទីផ្សារ​សត្វ ដោយ​មិន​អនុញ្ញាត​ឱ្យមាន​អាជីវកម្ម​ដែល​ធ្លាប់តែ​ដើរ​ទិញ​សត្វ​ឈឺ​ចម្លង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​ទេ គឺ​ឱ្យ​ប្រជាពលរដ្ឋ​យក​សត្វ​មក​លក់​នៅ​កន្លែង​មួយ ដែលមាន​ការផ្សព្វផ្សាយ និង​ត្រួតពិនិត្យ​សុខភាព​ច្បាស់លាស់​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​សម្រាប់​អ្នក​បរិ​ភោ​ព។ ចំពោះ​ផ្នែក​ផលិតកម្ម យើង​នឹង​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​ពូជ ការអភិវឌ្ឍ​ចំណី​សត្វ និង​ការថែទាំ​បែប​ថ្មី ដែល​ធានាបាន​ទាំង​អនាម័យ ការពារ​ជំងឺឆ្លង និង​ការលូតលាស់​របស់​សត្វ ហើយ​យើង​នឹង​ជំរុញ​ឱ្យ​កសិករ​ខ្នាតតូច​ប្រើប្រាស់​បច្ចេកទេស​ទាំងអស់​នោះ។ ចំពោះ​ឥណទាន យើង​នឹង​ខិតខំ​ធ្វើ​ការងារ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ដើម្បី​ផ្តល់​ផលប្រយោជន៍​ឱ្យ​គា្ន​ទៅវិញទៅមក។ ជា​ចុងក្រោយ​យើង​លើកទឹកចិត្ត​ឱ្យមាន​ការកែច្នៃ​ផលិតផល​សាច់​ទាំងនោះ។

អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ កំពុង​ត្រៀមខ្លួន​ចរចា “Breeding Protocol”ជាមួយ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​មួយចំនួនទៀត ដើម្បី​នាំ​ពូជ​គោ​យកមក​បង្កាត់​នៅ​កម្ពុជា ហើយ​បង្កើតជា​ឧស្សាហកម្ម​នៅ​កម្ពុជា។ ពេលនោះ​កសិករ​ខ្នាតតូច​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​គោលនយោបាយ​នេះ ដោយ​កសិករ​ខ្នាតតូច​អាច​ចូលរួម​តាមរយៈ​ការទិញ​គោ​យកទៅ​ចិញ្ចឹម។ គោ​នោះ​នឹង​បង្កើតកូន​មួយ​ក្នុង​រយៈពេល15ខែ និង​អាច​លក់បាន​តម្លៃ 700ទៅ800ដុល្លារ ដោយ​ប្រើប្រាស់​តែ​ស្មៅ និង​ចំណី​កែច្នៃ​មួយចំនួន​ប៉ុណ្ណោះ។ យើង​ដឹងថា ការចិញ្ចឹម​គោ​ពិត​ជាមាន​សក្តានុពល​ប​ង្កើ​ត​ប្រាក់ចំណេញ ព្រោះ​គោ​ស៊ី​ស្មៅ​ដែល​មិន​ប្រជែង​ជាមួយ​ចំណី​របស់​មនុស្ស។

នេះ​ជា​អ្វីដែល​អ្នកតាក់តែង​គោលនយោបាយ​មើលឃើញ តើ​វា​អាចទៅរួច​ទេ​សម្រាប់​ការអនុវត្ត ហើយ​វា​អាច​នឹង​លេច​រូបរាង​ឡើង​ពេលណា​ដែរ? ខ្ញុំ​មានការ​តាំងចិត្ត! កិច្ចការ​ទាំងអស់នេះ​យើង​ពិតជា​ត្រូវការ​ពេលវេលា។ សម្រាប់​យើង គឺ​បានចាប់ផ្តើម​ធ្វើជាបណ្តើរៗហើយ។ បើ​ពិនិត្យមើល​ពី​កត្តា​ភូមិសាស្ត្រ កសិដ្ឋាន ទំនៀមទម្លាប់ និង​ស្ថានភាព​សេដ្ឋកិច្ច​របស់​យើង​គឺអាច​ទៅរួច ដោយ​វា​អាច​ទៅមុខ​លឿន​ទៀតផង តែ​កត្តា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​គឺ​បញ្ហា​ដើមទុន និង​ការផ្តល់សេវា​គាំទ្រ​ដល់​សុខភាព​សត្វ។ រឿង​សេវា​សុខភាព​សត្វ​នេះ អគ្គនាយកដ្ឋាន​ទើបបាន​ប្រជុំ ដែល​ដាក់ចេញ​នូវ​កិច្ច​ការសំខាន់​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​សុខភាព​សត្វ​ពិភពលោក និង អង្គការសំខាន់ៗផ្សេងទៀត ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បរទេស ដូចជា​ជប៉ុន ដើម្បី​ឱ្យគេ​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ងាយស្រួល​បញ្ជ្រាប​បទដ្ឋាន​បច្ចេកទេស​នានា​ដែល​តម្រូវ​ដោយ​អន្តរជាតិ។

ចំពោះមុខ​នេះ បើ​យើង​ចង់​ស្តារ​មុខរបរ​នៃ​ការចិញ្ចឹម​សត្វ ជាពិសេស​ការចិញ្ចឹម​ជ្រូក​ដែល​អ្នក​ចិញ្ចឹម​ក្នុងស្រុក​ប្រឈម​ខ្លាំង​ដោយសារ​ថ្លៃដើម​ផលិត​កាន់តែ​ខ្ពស់ ព្រោះ​កត្តា​មួយចំនួន​ដូចជា​កត្តា​ដឹកជញ្ជូន កត្តា​ភ្លើង និង​កត្តា​ចំណី​មូលដ្ឋាន។ ចំណី​ជ្រូក​ពឹង​ផ្អែកលើ​ការ​នាំចូល​រហូតដល់60% ដែលមាន​តម្លៃ​រហូតដល់135 លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។ ដោយសារ​ការពឹងផ្អែក​នេះហើយ ទើប​ធ្វើឱ្យ​ផលិតកម្ម​ក្នុងស្រុក​មានតម្លៃ​ខ្ពស់ តែ​យើង​មិនត្រូវ​ទុទ្ទិដ្ឋិនិយម​ពេក​នោះទេ។ សម្រាប់​ខ្ញុំ គឺ​នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​រឿង​ចិញ្ចឹមសត្វ ថ្វីត្បិតតែ​ការចិញ្ចឹម​មាន​ថ្លៃដើម​ខ្ពស់​បន្តិច​មែន តែ​ដំណើរការ​ចិញ្ចឹមសត្វ​នៅតែមាន។ រឿង​ដែលមាន​គ្រោះថ្នាក់​ខ្លាំង​បំផុត គឺ​ការ​បើកដៃ​ឱ្យ​នាំចូល​ជ្រូក​រស់​ដែលមាន​ជំងឺ​មកកាន់​ទីផ្សារ​កម្ពុជា​ដោយ​លក់​បង្ខូច​ថ្លៃ (លក់​ថោក​ជាង​តម្លៃ​ចំណាយ​ផលិត​ក្នុងស្រុក)។ នេះ​ជា​រឿង​ដែល​ត្រូវតែ​ចូលរួម​ជួយ​គ្នា​ដើម្បី​ធ្វើការ​ទប់ស្កាត់ ដោយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ មិនអាច​ធ្វើ​តែឯង​បានទេ៕

Advertisement