Skip to content

ស្ថាបត្យករ និង​និស្សិត​ដែល​សិក្សា​លើ​ជំនាញ​នេះ​មិនគួរ​មើលរំលង «វេទិកា​ស្ថាបត្យកម្ម» ឡើយ

ភ្នំពេញ – ទោះជា​បច្ចុប្បន្ន​វិស័យ​សំណង់​នៅ​កម្ពុជា​កំពុងតែ​រីកចម្រើន និង​បោះជំហាន​ទៅមុខ​យ៉ាង​លឿន​ក៏ដោយ ក៏​នៅមាន​អ្នកជំនាញ​មួយចំនួន​លើកឡើង​ដែរ​ថា វិស័យ​មួយ​នេះ​នៅមាន​ចំណុច​ខ្វះខាត​ខ្លះ និង​ទាមទារ​ឱ្យមាន​ការសិក្សា​ស្វែងយល់​ដើម្បី​បង្កើន​ពុទ្ធិ និង​ពង្រឹងសមត្ថភាព​បន្ថែមទៀត។

ថ្លែង​នៅក្នុង​កម្មវិធី​សន្និសីទ​ស្ដីពី​ការតាំងពិព័រណ៍​វិស័យ​សំណង់ Cambuild2017 ឯកឧត្ដម​ភឿង សោ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​លើកឡើងថា បច្ចុប្បន្ន​វិស័យ​សំណង់​មានការ​រីកដុះដាល​គ្រប់កន្លែង​ដែល​នាំមក​នូវ​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ។ ឯកឧត្ដម​បញ្ជាក់ថា៖«ដូច្នេះ​យើង​ចង់​ពង្រឹងសមត្ថភាព​ទៅដល់​ស្ថាបត្យករ វិស្វករ​ដែល​ធ្វើ​ការបម្រើ​ខាង​វិស័យនេះ​ឱ្យ​យល់ដឹង​អំពី​វឌ្ឍនភាព​ខាង​វិស័យនេះ។ ក្នុងន័យនេះ​មិនមែន​មានន័យថា កម្ពុជា​ដើរ​មិនទាន់​ប្រទេស​គេ​នោះទេ យើង​ដើរ​ទាន់​គេ​ដែរ ប៉ុន្ដែ​យើង​ចង់​រក្សា​ឱ្យបាន​នូវ​ការអភិរក្ស និង​អភិវឌ្ឍន៍​តម្លៃ​ស្ថាបត្យកម្ម​ខ្មែរ និង​រក្សា​ឱ្យបាន​ផលប្រយោជន៍​គ្រប់​ជ្រុងជ្រោយ​ដើម្បីឱ្យ​យើង​អភិវឌ្ឍ​ទៅ​ឆ្ពោះទៅរក​ការរីកចម្រើន»។

គួរ​បញ្ជាក់ថា សំណង់​ជា​វិស័យ​អាទិភាព​ទី3ក្នុងការ​ជំរុញ​សេដ្ឋកិច្ចជាតិ​ឱ្យ​រក្សា​កំណើន​បាន7%និង​តាមរយៈ​វិស័យ​មួយ​នេះ​យើង​អាច​ផ្ដល់​ការងារ​ដល់​ប្រជាជន​ទូទាំងប្រទេស​ក្នុង​រង្វង់20ម៉ឺន​នាក់។

ឯកឧត្ដម​ភឿង សោ​ភ័​ណ្ឌ បន្ដថា មូលហេតុ​នេះហើយ​ដែលនាំឱ្យ​យើង​ត្រូវតែ​បង្កើត «វេទិកា​ស្ថាបត្យកម្ម» នេះ​ឡើង​ដើម្បី​ពង្រឹងសមត្ថភាព​ស្ថាបត្យករ វិស្វករ និង​អ្នករក​ស៊ីក្នុង​វិស័យ​សំណង់ អ​ចនទ្រ​ព្យ លំនៅឋាន ឱ្យ​រក្សាបាន​នូវ​អ្វី​ដែលជា​អត្ដ​សញ្ញាណ​ជាតិ​ផង ទំនើបកម្ម​ផង​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត។ ឯកឧត្ដម​បន្ដថា ប្រសិនបើ​ប្រទេស​កម្ពុជា​អាច​រក្សាបាន​ស្ថាបត្យកម្ម​ខ្មែរ​បែប​ទំនើប ប្រទេស​កម្ពុជា​នឹង​ទទួលបាន​លំហូរ​ភ្ញៀវទេសចរ​កាន់តែច្រើន​ដែរ ព្រោះ​យើង​អាច​ដឹងបាន​តាមរយៈ​ចំណង់​ចំណូល​ចិ​ត្ដរបស់​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​នៅ​កម្ពុជា គឺ​ចង់ឃើញ​ប្រាសាទបុរាណ​ដែលជា​ស្នាដៃ​ស្ថាបត្យករ​ខ្មែរ​ពី​បុរាណ​ហ្នឹងឯង។

«វេទិកា​ស្ថាបត្យកម្ម»នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ដំបូង​នៃ​កម្មវិធី​ពិព័រណ៍​វិស័យ​សំណង់Cambuild2017 ដែល​នឹង​ប្រ​ព្រឹ​ត្ដទៅ​នៅ​ថ្ងៃទី7-9 ខែកញ្ញា ឆ្នាំ2017នៅ​សាល​កោះ​ពេជ្រ។ ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន​ជាង300ក្រុមហ៊ុន​ចូលរួម​ដោយ​នាំមក​នូវ​ផលិតផល​ដែលជា​បច្ចេកវិទ្យាថ្មីៗចុងក្រោយបង្អស់​មក​តាំង​បង្ហាញ​ដោយ​ផលិតផល​ទាំងនោះ​មាន​មកពី​ប្រទេស​ចិន ចិនតៃវ៉ាន់ សិង្ហ​បុរី ម៉ាឡេស៊ី វៀតណាម អ៊ីតាលី ជាដើម។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រាប់ទៀតថា នៅក្នុង​វេទិកា​ស្ថាបត្យកម្ម​នេះ​នឹងមាន​ស្ថាបត្យករកំពូលៗមកពី​ប្រទេស​សិង្ហ​បុរី ថៃ ភូមា ឡាវ និង​កម្ពុជា មក​ចូលរួម​បង្ហាញ​នូវ​បទពិសោធល្អៗរបស់​ពួកគាត់​មក​ចែកជូន​ដល់​ស្ថាបត្យករ​កម្ពុជា ក៏ដូចជា​និស្សិត​ដែល​សិក្សា​លើ​ជំនាញ​នេះ​ឱ្យ​យល់​កាន់តែច្បាស់​ពី​ការអភិវឌ្ឍ និង​គំនិត​ច្នៃប្រឌិត​នានា។

ជាមួយគ្នានេះ​ឯកឧត្ដម​ភឿង សោ​ភ័​ណ្ឌ ក៏បាន​ក្រើនរំឭក​ដល់​សិស្ស​និស្សិត​ទាំងអស់​គួរតែ​មក​ចូលរួម​ក្នុង​វេទិកាសាធារណៈ​មួយ​នេះ​ដោយ​ពុំ​ត្រូវ​មើលរំលង​ឡើយ ព្រោះ​វេទិកា​នេះ​នឹង​ផ្ដល់​ពុទ្ធិ និង​បទ​សោធថ្មីៗជាច្រើន។ ម្យ៉ាង​វេទិកា​ស្ថាបត្យកម្ម​នេះ​ជា​កម្មវិធី​ដែល​បានរៀបចំ​ជា​លើកដំបូង​ទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *