ភ្នំពេញៈ ព្រលានយន្តហោះអន្តរជាតិថ្មីដែលគ្រោងបោះទុនប្រមាណ900លានដុល្លារអាមេរិកនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយនេះហើយ ព្រោះកិច្ចព្រមព្រៀង និងនីតិវិធីច្បាប់នានារវាងរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគបានបញ្ចប់រួចរាល់ហើយ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី14 សីហានេះថា ព្រលានយន្តហោះដែលមានទីតាំងស្ថិតក្នុងស្រុកសូត្រនិគម ខេត្តសៀមរាបដែលស្ថិតនៅលើផ្ទៃដី ប្រមាណ750ហិកតានឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយនេះហើយ ព្រោះអ្វីៗស្ថិតក្នុងតំណាក់កាលចរចារវាងរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគព្រលានយន្តហោះកម្ពុជាSCAប៉ុណ្ណោះ។ លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគព្រលាននេះ គឺក្រុមហ៊ុនYUNAN Development Group បានចាប់ផ្តើមឈូសពង្រាបដី និងដោះមីនបណ្តើរៗហើយ។
លោកបន្តថា ព្រលានយន្តហោះនេះនឹងសាងសង់ជា2តំណាក់កាលដោយតំណាក់កាលទី1គ្រោងចំណាយថវិកា500លានដុល្លារដែលអាចចុះចតយន្តហោះខ្នាតមធ្យមសម្រាប់យន្តហោះខ្នាត4E និងតំណាក់កាលទី2 ទើបអាចចុះចតយន្តហោះខ្នាតយក្សបាន ហើយតំណាក់កាលចុងក្រោយនេះគ្រោងចំណាយថវិកាជាង300លានដុល្លារបន្ថែមទៀត។ លោកបន្តថា ការសាងសង់ព្រលានយន្តហោះនេះអាចចំណាយពេលពី3ទៅ5ឆ្នាំដើម្បីបញ្ចប់ទាំងតំណាក់កាលទី1និងតំណាក់កាលទី2៕