ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា គម្រោងសាងសង់ស្ពានរបស់រដ្ឋាភិបាលទៅកាន់តំបន់អរិយក្សត្រ និងតំបន់ស្វាយជ្រុំអាចមានការប្រែប្រួល។
លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី11 ខែសីហាម្សិលមិញនេះថា ការសាងសង់ស្ពានភ្ជាប់រវាងផ្លូវជាតិលេខ1ពីតំបន់ក្តីតាកុយទៅកាន់តំបន់អរិយក្សត្រ និងពីតំបន់ជ្រោយចង្វារទៅតំបន់ស្វាយជ្រុំនឹងមានការប្រែប្រួល ប៉ុន្តែលោកមិនបានបញ្ជាក់ពីព័ត៌មានលម្អិតនោះទេ។
លោកបន្តថា “ខ្ញុំមិនទាន់បានទទួលព័ត៌មានលម្អិតទាក់ទងនឹងគម្រោងនេះទេ ព្រោះរហូតមកទល់ពេលនេះមិនទាន់មានព័ត៌មានវិវឌ្ឍន៍ថ្មីនៅឡើយ។
លោក នូ វឌ្ឍនៈ អគ្គនាយកបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ក្រុមហ៊ុនចិនកំពុងសិក្សាពីទីតាំងសម្រាប់សាងសង់ស្ពាននេះ ប៉ុន្តែការកំណត់សាងសង់ជាផ្លូវការនៅពេលណានោះនៅមិនទាន់កំណត់ជាក់លាក់នៅឡើយទេ ប៉ុន្តែវាជាគម្រោងនាពេលអនាគត ដែលត្រូវតែសាងសង់។ លោកបន្តថា គម្រោងនេះមិនទាន់ស្ថិតនៅក្នុងផែនការជាក់លាក់ ឬដាក់ចូលផែនការមេរបស់ក្រសួងថា នឹងសាងសង់នៅពេលណានោះទេ ព្រោះយើងរង់ចាំជំនួយរបស់ប្រទេសចិន។
ក្នុងឱកាសអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់មហាវិថីសម្តេចតេជោហ៊ុន សែន ដែលគេហៅរត់មាត់ថា ផ្លូវ60ម៉ែត្រនោះ សម្តេចតេជោហ៊ុន សែនបានថ្លែងថា ដើម្បីឲ្យការសាងសង់នឹងភ្ជាប់ផ្លូវខ្សែក្រវាត់ក្រុងពេញលេញ កម្ពុជាចាំបាច់ត្រូវសាងសង់ស្ពានភ្ជាប់រវាងតំបន់ក្តីតាកុយទៅកាន់តំបន់អរិយក្សត្រ និងពីផ្លូវកែវ ចិន្តា នាតំបន់ជ្រោយចង្វារ ភ្ជាប់ទៅកាន់តំបន់ស្វាយជ្រុំ ស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល។
ការប្រកាសពីការសាងសង់ស្ពាននេះបានធ្វើឲ្យតម្លៃដីនៅតំបន់ទាំងនោះកញ្ជ្រោលឡើងយ៉ាងខ្លាំង ហើយក៏មានអ្នកវិនិយោគក្នុងស្រុកមួយចំនួនបានសាងសង់បុរីខ្លះៗរួចហើយដែរនៅតំបន់នោះ៕