ភ្នំពេញៈ ខុនដូតម្លៃទាបមួយដែលគ្រោងវិនិយោគទឹកប្រាក់ជាង 10លានដុល្លារអាមេរិកគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងសប្តាហ៍នេះហើយ។
លោក ទុយ ប៊ុន ភាគហ៊ុនិកក្រុមហ៊ុនលំនៅដ្ឋាន L កម្ពុជាភ្នំពេញ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី7 ខែសីហានេះថា ការសាងសង់គ្រឹះរបស់ខុនដូកម្ពស់ 24ជាន់នេះនឹងចាប់ផ្តើមនៅថ្ងៃទី13 ខែសីហាខាងមុខនេះ និងគ្រោងបញ្ចប់ការសាងសង់ក្នុងរយៈពេល 3ឆ្នាំ។ ខុនដូនេះមានទីតាំងនៅតាមបណ្តោយផ្លូវចូលវត្តដំបូកខ្ពស់ ក្នុងសង្កាត់បឹងទំពុន រាជធានីភ្នំពេញ។ លោកបន្តថា ខុនដូនេះជាប្រភេទខុនដូមានតម្លៃទាបដែលមានមួយបន្ទប់គេង និងពីរបន្ទប់គេង និងលក់ក្នុងតម្លៃ800ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកបន្តថា “ខ្ញុំមិនព្រួយបារម្ភពីការលក់ទេ ព្រោះយើងមានអតិថិជនក្នុងដៃស្រាប់ ហើយបើលក់មិនដាច់ក៏ក្រុមហ៊ុនអាចប្រើប្រាស់ជាអគារសម្រាប់ជួលផងដែរ”។ ខុនដូនេះមានចំណតយានយន្តចំនួន6ជាន់ និងមានក្លឹបហាត់ប្រាណ Sky Bar ភោជនីយដ្ឋាន និងក្លិបហាត់ប្រាណនៅជាន់ទី24។ នេះជាគម្រោងទី6របស់ក្រុមហ៊ុនលំនៅដ្ឋានអឹល កម្ពុជាភ្នំពេញ។
ការទិញលក់ខុនដូនៅកម្ពុជាកំពុងចាប់ផ្តើមមានការកើនឡើង ពិសេសខុនដូសម្រាប់ប្រជាជនមានជីវភាពមធ្យម។ តាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថា ការលក់ខុនដូបានកើនពី60ភាគរយកាលពីឆ្នាំមុន ដល់61ភាគរយនៅក្នុងឆមាសទី1ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈចំនួនខុនដូផ្គត់ផ្គង់ចូលទីផ្សារបានកើនឡើងជាង477,000យូនីត៕