ភ្នំពេញៈ ការលក់ខុនដូកំពុងមានការកើនឡើង ក្នុងឆមាសទី1ឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយចំនួនខុនដូបានកើនពី121ដល់125គម្រោងនៅដំណាច់ឆមាសទី1ឆ្នាំនេះ។
យោងតាមការសិក្សារបស់ក្រុម ហ៊ុនប៊ុណ្ណា រៀលធីគ្រុប ដែលទើបបង្ហាញរបាយការណ៍បឋមកាលពីថ្ងៃអង្គារនេះបានរកឃើញថា ចំនួនខុនដូបានកើនពី121 និងមានផ្ទះសរុបចំនួន43,604យូនីត ដល់125គម្រោង និងមានផ្ទះចំនួន47,704យូនីតក្នុងឆមាសទី1ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការសិក្សាដដែលបានរកឃើញផងដែរថា ការលក់ខុនដូបានកើនឡើងដែលកាលពីឆមាសទី1ឆ្នាំមុន ចំនួនខុនដូបានលក់ចេញមានចំនួន60ភាគរយ និងឆ្នាំនេះបានកើនឡើង1ភាគរយ គឺកើនដល់61ភាគរយ នៃចំនួនខុនដូសរុបដែលបានផ្គត់ផ្គង់ចូលទីផ្សារ។
ការសិក្សានេះបានរកឃើញថា គម្រោងដែលបញ្ចប់ការសាងសង់ឆ្នាំនេះមានប្រមាណ17ភាគរយ កើនឡើង1ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយខុនដូដែលបញ្ចប់ការសាងសង់ភាគច្រើននៅឆ្នាំ២2019 និងឆ្នាំ2020ខាងមុខនេះ។
លោក ប៉ែន សុខគា នាយកផ្នែកវាយតម្លៃ នៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានថ្លែងថា “ប្រសិនជាការបោះឆ្នោតជាតិនាពេលខាងមុខមិនមានបញ្ហា ចំនួនខុនដូដែលបានដាក់ចូលទីផ្សារនឹងមិនមានបញ្ហាអ្វីឡើយ”។ លោកបន្តថា “ទោះជាប្រជាជនខ្មែរមិនទាន់រស់នៅខុនដូច្រើនក្តី ប៉ុន្តែរយៈពេល10ឆ្នាំក្រោយ ពួកគេនឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេមករស់នៅតាមខុនដូ”៕