ភ្នំពេញៈ ការពិតបើនិយាយពីរឿងទិញលំនៅដ្ឋាននៅក្នុងអគារប៊ុលឌិងស គឺបានបញ្ចប់ហើយ ប៉ុន្តែបើនិយាយពីទំហំសំណងគឺនៅតែជារឿងក្តៅគគុកមួយ ព្រោះក្រុមហ៊ុន Arakawa Co, Ltd បានចំណាយប្រាក់រហូតដល់ទៅជិត 24លានដុល្លារឯណោះ ដើម្បីទូទាត់ជាមួយអ្នករស់នៅអគារប៊ុលឌិងសនេះ។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី29 កក្កដានេះថា ប្រសិនជាគិតពីទំហំដី និងតម្លៃនៃការចំណាយលើការទិញលំនៅដ្ឋានពីប្រជាពលរដ្ឋក្នុងអគារប៊ុលឌិងសគឺ តម្លៃដីនៅទីនោះមានតម្លៃរហូតដល់3,600ដុល្លារឯណោះក្នុងមួយម៉ែត្រការ៉េ ដែលគ្មានអ្នកវិនិយោគណាហ៊ានទិញវិនិយោគឡើយ។ លោកបន្តថា ប៉ុន្តែប្រធានក្រុមហ៊ុន Arakawa មិនគិតពីប្រាក់ចំណេញទេ គាត់ស្រឡាញ់ឯកឧត្តម ជា សុផារ៉ា ទើបសម្រេចចិត្តវិនិយោគ និងផ្តល់សំណងក្នុងតម្លៃដ៏ខ្ពស់បែបនេះ។
លោកបន្តថា “គាត់ចង់ទុកកេរ្ត៍ឈ្មោះនៅកម្ពុជា ព្រោះគាត់ខ្លាចអគារនេះបាក់នាំឲ្យប្រជាជនរស់នៅក្នុងអគារនេះត្រូវស្លាប់ គឺគាត់អាណិតប្រជាជនខ្មែរ”។
លោក សេង ឡូត បានបន្តថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនកំពុងសិក្សាឡើងវិញពីគម្រោងសាងសង់អគារថ្មីថា តើត្រូវមានសេវាកម្មអ្វីខ្លះ ដើម្បីអាចទាញយកប្រាក់ត្រឡប់មកវិញបាន។ ទំហំដីជាក់ស្តែងនៃអគារប៊ុលឌិងសមានទំហំត្រឹមតែ6,532ម៉ែត្រការ៉េប៉ុណ្ណោះ៕