ភ្នំពេញ – រហូតមកដល់ពេលនេះគេសង្កេតឃើញថា គ្រឿងចក្រកំពុងតែបន្ដការគាស់កាយ វាយរំលំអគារប៊ុលឌិងសស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ និងក៏មានអ្នកអភិវឌ្ឍន៍ជាច្រើនកំពុងតែចាប់អារម្មណ៍ទៅលើតំបន់នេះខ្លាំងដែរ។ តើក្រោយពីមានការអភិវឌ្ឍនៅប្លុកប៊ុលឌិងនេះហើយ តើស្ថានភាពអចលនទ្រព្យនឹងវិវឌ្ឍទៅជាយ៉ាងណា?។
លោក វ៉ន ចាន់ថន នាយកប្រតិបត្ដិនៃក្រុមហ៊ុនថោនស៊ីធី រៀលអ៊ីស្ទេត ខូអិលធីឌីបានលើកឡើងថា នៅក្នុងតំបន់ទន្លេបាសាក់គឺជាទីតាំងមួយមានការរីកចម្រើនលើវិស័យអចលនទ្រព្យជាយូរមកហើយ។ បើទោះជាសព្វថ្ងៃនេះនៅក្នុងសង្កាត់ទន្លេបាសាក់មានគម្រោងលំនៅឋានច្រើនហើយក៏ដោយ ក៏ទៅអនាគតអ្នកអភិវឌ្ឍន៍នឹងងាកទៅរកគម្រោងខុនដូវិញជាមិនខាន ដោយសារគម្រោងលំនៅឋាននៅកណ្ដាលក្រុងអាចនឹងមានការកំណត់ ព្រោះបើយើងសិក្សាទៅលើតម្លៃដីនៅក្នុងតំបន់នេះ គឺវាមានតម្លៃថ្លៃ។ ការរស់នៅក្នុងគម្រោងខុនដូ វាបង្ហាញឱ្យឃើញពីការរស់នៅបែបទំនើប ស៊ីវិល័យ និងមានផាសុកភាព ម្យ៉ាងទីតាំងនេះវាស្ថិតនៅចំកណ្ដាលក្រុងនៅជិតសាលារៀនអន្ដរជាតិ មន្ទីរពេទ្យ ផ្សារទំនើបជាដើម ងាយស្រួលដល់អ្នករស់នៅទីនោះក្នុងការស្វែងរកសេវាកម្មនានាដែលនៅជិតខ្លួន។
អគ្គនាយកនៃនាយកប្រតិបត្ដិក្រុមហ៊ុនថោនស៊ីធី រៀលអ៊ីស្ទេត ខូអិលធីឌីបន្ដថា ក្រោយពីអគារប៊ុលឌិងស វាយរំលំ និងអភិវឌ្ឍទៅជាអគារមួយថ្មី យើងជឿថានឹងធ្វើឱ្យសង្កាត់ទន្លេបាសាក់កាន់តែរីកមុខរីកមាត់ខ្លាំងបន្ថែមទៀតតាមរយៈការបង្ហាញឱ្យឃើញនូវសោភ័ណភាពថ្មី និងការរីកចម្រើនលើវិស័យអចលនទ្រព្យ។
លោកបញ្ជាក់ថា៖«កន្លងមកយើងមើលឃើញថា នៅក្នុងប្លុកប៊ុលឌិងសហាក់បង្ហាញពីរូបភាពមិនសូវល្អចេញទៅខាងក្រៅតាមរយៈការរស់នៅគ្មានផាសុកភាព និងបរិស្ថានមិនល្អ ។ ប្រសិនបើវាយអគារចាស់ចោលសង់អគារថ្មី វារឹតតែធ្វើឱ្យមានទិដ្ឋភាពស្រស់ស្អាតទាក់ទាញបន្ថែមទៀត»។
ពាក់ព័ន្ធនឹងស្ថានភាពនៃតម្លៃដី ត្រូវបានលោក វ៉ន ចាន់ថន ប្រាប់ថា បច្ចុប្បន្នដីមានតម្លៃថ្លៃស្រាប់ទៅហើយ ដូច្នេះនៅពេលមានការអភិវឌ្ឍបន្ថែមទៀតវានឹងបន្ដឡើងទៅទៀត ព្រោះតំបន់នេះទាក់ទាញចំណាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគ ពិសេសដីនៅទីនោះកាន់តែចង្អៀតសម្រាប់អ្នកអភិវឌ្ឍន៍ តែលោកជឿថា តម្លៃដីវានឹងមិនឡើងថ្លៃគំហុកទេ វាអាចឡើងទៅតាមក្រាហ្វិក។
ដោយឡែកលោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បញ្ជាក់ថា ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពបែបនេះនឹងធ្វើឱ្យតម្លៃដីនៅទីនោះឡើងថ្លៃជាក់ជាមិនខាន ប៉ុន្ដែវាមិនប្រែប្រួលខ្លាំងពេកទេ។ លោកបន្ដថា៖ «សព្វថ្ងៃតម្លៃអចលនទ្រព្យវាមានការកើនឡើងជាបន្ដបន្ទាប់ ដូច្នេះបើសួរថា តើតម្លៃអចលនទ្រព្យនឹងឡើងដល់កម្រិតណានោះ គឺវាអាស្រ័យទៅលើពេលវេលា»។
អគ្គនាយកក្រុមហ៊ុន Century 21 Mekong បន្ដថា ការអភិវឌ្ឍនៅប្លុកអគារប៊ុលឌិងសនេះ គឺជាដំណឹងល្អ ព្រោះនៅពេលមានការអភិវឌ្ឍឱ្យមានសោភ័ណភាពល្អ វាគឺជាមុខមាត់របស់ប្រទេសជាតិយើងដែលមានអគារខ្ពស់ស្កឹមស្កៃច្រើននៅក្នុងទីក្រុង។ កន្លងមកនៅក្នុងតំបន់នោះមានភាពរញ៉េរញ៉ៃខ្លាំង គុណតម្លៃរបស់វាគឺយើងទទួលបានការអភិវឌ្ឍមួយដ៏ល្អ រីឯប្រជាជនក៏ទទួលបានតម្លៃកម្មសិទ្ធិឯកជនរបស់ពួកគាត់សមរម្យ ដូច្នេះវាជារឿងល្អហើយយើងមើលឃើញថា ឈ្នះ ឈ្នះទាំងអស់គ្នា៕