ភ្នំពេញ – ដើម្បីរៀបចំឱ្យមានដំណើរការនៃការគ្រប់គ្រងល្អទៅលើសកម្មភាពការងារលើវិស័យស្ថាបត្យកម្ម គ្រាដែលមានស្ថាបត្យករបរទេសកំពុងតែមកបម្រើការងារនៅកម្ពុជាដែរនោះ បច្ចុប្បន្នក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងតែត្រៀមរៀបចំឱ្យមានការចុះបញ្ជីជាលក្ខណៈផ្លូវច្បាប់សម្រាប់ស្ថាបត្យករដែលជាជនបរទេស។
ឯកឧត្ដម ភឿង សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ដោយសារតែមានភាពរីកចម្រើនលើវិស័យស្ថាបត្យកម្ម ទើបបច្ចុប្បន្នកម្ពុជាក៏មានស្ថាបត្យករបរទេសមករកស៊ីធ្វើការងារនៅទីនេះដែរ និងដើម្បីរៀបចំឱ្យមានការគ្រប់គ្រងល្អទៅលើប្រព័ន្ធការងាររបស់ស្ថាបត្យករទាំងនោះ គណៈស្ថាបត្យករកម្ពុជាកំពុងតែត្រៀមរៀបចំឱ្យស្ថាបត្យករបរទេសដែលមកប្រកបការងារនៅក្នុងប្រទេសកម្ពុជាត្រូវបានចុះបញ្ជីជាលក្ខណៈផ្លូវច្បាប់នៅក្នុងគណៈស្ថាបត្យករកម្ពុជាដែលវាស្របទៅនឹងទិសដៅដែលអាស៊ានចង់បាន។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបន្ដថា៖ «អ្វីដែលអាស៊ានចង់បាន គឺចង់ឱ្យមានការគ្រប់គ្រង និងចរាចរណ៍ស្ថាបត្យករទាំងអស់នៅក្នុងប្រទេសទាំង10 អាស៊ានដែលមានប្រទេសកម្ពុជាយើងមួយដែរ ព្រោះនៅពេលគណៈស្ថាបត្យកររបស់ប្រទេសយើងបានធ្វើសមាហរណកម្មជាមួយគ្នានឹងអាស៊ានរួចហើយយើងក៏អាចទៅធ្វើការងារនៅប្រទេសទាំង10 នោះបានដែរ»។
ទោះយ៉ាងណាឯកឧត្ដមបញ្ជាក់ថា កុំឱ្យស្ថាបត្យករក្នុងស្រុកមានការបារម្ភ គេអាចគ្រប់គ្រងយើងបាន យើងក៏មានសិទ្ធិគ្រប់គ្រងគេបានដែរ ព្រោះការងារទាំងនេះវាអាស្រ័យទៅលើសមត្ថភាពតែប៉ុណ្ណោះ។ ឯកឧត្ដមបញ្ជាក់ថា៖ «សមត្ថភាពស្ថាបត្យករជារឿងចាំបាច់ណាស់ ព្រោះការងាររបស់ស្ថាបត្យករខុសពីការងារវិស្វករ។ វិស្វករជាអ្នកជំនាញគណនាដង្គុំគ្រឿងសំណង់ជាដើម ប៉ុន្ដែការងារស្ថាបត្យករត្រូវការគំនិត និងទស្សនៈ ជារឿងសំខាន់នៅពេលបង្កើតអ្វីមួយ»៕