ភ្នំពេញ – ទោះបីជាស្ថានភាពជាក់ស្ដែងនៃសកម្មភាពទិញ-លក់ក្នុងវិស័យអចលនទ្រព្យនៅដើមឆ្នាំ2017 នេះត្រូវបានសាធារណជនមើលឃើញថា ហាក់មានភាពយឺតយ៉ាវក៏ដោយ ក៏ម្ចាស់គម្រោងជាច្រើននៅតែបន្ដការអភិវឌ្ឍគម្រោងរបស់ខ្លួនទៅតាមផែនការដដែល។
យោងតាមរបាយការណ៍ការបូកសរុបទិន្នន័យរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបង្ហាញឱ្យឃើញថា ទិន្នន័យសំណង់ទូទាំងប្រទេសនៅ 6 ខែដើមឆ្នាំ2017 នេះ ទាំងសមត្ថកិច្ចថ្នាក់ក្រោមជាតិ និងថ្នាក់រាជធានី ខេត្តបានផ្ដល់លិខិតអនុញ្ញាតសាងសង់ចំនួន1,523 គម្រោងមានផ្ទៃក្រឡាសំណង់សរុប 7,284,675 ម៉ែត្រការ៉េ ដែលមានទឹកប្រាក់ប៉ាន់ស្មានក្នុងរង្វង់ 4,943,523,517 ដុល្លារសហរដ្ឋអាមេរិក ធៀបក្នុងរយៈពេលដូចគ្នាទៅនឹងឆ្នាំ2016 ចំនួន 1,183 គម្រោង មានផ្ទៃក្រឡាសំណង់សរុប ចំនួនតែ 10,512,261ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានប្រមាណជា 3.879.058.482 ដុល្លារសហរដ្ឋអាមេរិក មានការកើនឡើងទុនវិនិយោគប្រមាណ 27,44%។
ជាមួយគ្នានេះដែរក្នុងរយៈពេល 6ខែ ឆ្នាំ2017 មានទីក្រុងរណប បុរីលំនៅឋានមានលក្ខណៈជាបុរីសរុបចំនួន 14ទីតាំងត្រូវបានអភិវឌ្ឍបន្ថែម មានអគារខ្ពស់ចាប់ពី5ជាន់ឡើងទៅមានចំនួនសរុប43អគារ។ គិតពីឆ្នាំ 2000 ដល់ 6ខែដើមឆ្នាំ2017 ការបោះទុនវិនិយោគមកពីបរទេសមានចំនួន18ប្រទេស ដែលមានចំនួន 309គម្រោង ។
ដោយឡែកក្រសួងក៏បានធ្វើការចុះបញ្ជីឱ្យក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ក្នុងរយៈពេល 6ខែ ដើមឆ្នាំ2017នេះ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់ នៅមានសុពលភាពចំនួន1,006ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន40ក្រុមហ៊ុន និង ក្រុមហ៊ុនសាងសង់មានចំនួន 966 ក្រុមហ៊ុន។
ក្នុងនោះមានក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ជនបរទេសនៅមានសុពលភាពចំនួន408ក្រុមហ៊ុន។ រូបវ័ន្តបុគ្គលសិក្សាគម្រោងប្លង់នៅមានសុពលភាពចំនួន 113 រូប ក្នុងនោះស្ថាបត្យករ 80រូប និងវិស្វករចំនួន33រូប និងបានចុះបញ្ជីស្ថាបត្យករនៅគណៈស្ថាបត្យករកម្ពុជាបានចំនួន38រូប៕