Category: ផ្សេងៗ

  • 10 វិធី​ចិញ្ចឹម​មើលថែ​កូន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ពី​អ្នក​ម្តាយ​នៃ​ប្រទេសនីមួយៗទូទាំង​ពិភពលោក

    10 វិធី​ចិញ្ចឹម​មើលថែ​កូន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ពី​អ្នក​ម្តាយ​នៃ​ប្រទេសនីមួយៗទូទាំង​ពិភពលោក

    ឪពុកម្តាយម្នាក់ៗសុទ្ធ​តែមាន​ជំនឿ​ក្នុងការ​ចិញ្ចឹម​មើលថែ​កូន​ខុសប្លែក​ពីគ្នា អាស្រ័យ​លើ​វប្បធម៌​ប្រពៃណី បទពិសោធ​ដែល​ពួកគេ​បាន​ជួបប្រទះ​មក និង​ឪពុកម្តាយ​ជាតិ​សាសន៍​ផ្សេងគ្នា ភាសា​ផ្សេងគ្នា ក៏​រឹត​តែមាន​ភាពខុសប្លែក​ពីគ្នា​ខ្លាំង​ទៅទៀត រហូត​យើង​គិតថា ការចិញ្ចឹម​កូន​របស់​មនុស្ស​ក្នុងប្រទេសផ្សេងៗវា​ហាក់ដូចជា​មើលទៅ​ប្លែក​ចម្លែក​ក្នុង​ខ្សែ​ភ្នែក​របស់​យើង​ខ្លាំងណាស់។ ថ្ងៃនេះ ឡា រ៉ែ​ន នឹង​នាំ​លោកឪពុក​អ្នក​ម្តាយ​ទាំងអស់​មក​មើល​ពី​ភាព​ប្លែក​ចម្លែក​ទាំងនោះ…។

    1 . ឪពុកម្តាយ​ជនជាតិ ម៉ូ​រីតា​នី ស្តោះ​ទឹកមាត់​ដាក់​លើ​មុខ​កូន

    ជន​កុលសម្ព័ន្ធ  Wolof ក្នុងប្រទេស​ម៉ូ​រី​តានី​ជឿថា ទឹកមាត់​របស់​ពួកគេ​អាចធ្វើឱ្យ​ពាក្យសម្តី​នៅ​ដិតដាម​នឹង​ខ្លួន​ក្មេង​បាន ដូច្នេះ​ពួកគេ​នឹង​ស្តោះ​ទឹកមាត់​ដាក់​មុខ​ទារក​ទើបនឹង​កើត ដើម្បីឱ្យ​ពរ​ទាំង​ប៉ុន្មាន​របស់​ពួកគេ​នៅជាប់​ដិតដាម​ជាមួយ​ក្មេង​រហូត​ទៅ ដោយ​ស្ត្រី​ជា​ម្តាយ​នឹង​ស្តោះ​ទឹកមាត់​ចំ​ពីលើ​មុខ និង​ឪពុក​នឹង​ស្តោះ​ទឹកមាត់​នៅលើ​ត្រចៀក រួច​លាប​ទឹកមាត់​រប​ស់​ពួកគេ​ឱ្យ​សព្វ​នៅលើ​ក្បាល​របស់​កូន។

    2 . ជនជាតិ​ន័​រវេ​យ៍ ឱ្យកូនៗគេង​លក់​នៅក្រៅ​ផ្ទះ​កណ្តាល​ធាតុអាកាស​ត្រជាក់​ក្រោម​សូន្យ​អង្សា

    វា​ជា​រឿង​ប្រក្រតី​ដែល​ប្រទេស​ក្នុង​តំបន់​ន័​រ​ឌិ​ក​តែង​ទុកឱ្យកូនតូចៗរបស់​ពួកគេ​ស្ថិតនៅក្នុង​រទេះរុញ​នៅ​ខាងក្រៅ​ភោជនីយដ្ឋាន​ទោះជា​ក្នុងអំឡុង​រដូវរងា​ក៏ដោយ ខណៈដែល​ពួកគេ​អង្គុយ​ញ៉ាំ​អាហារ និង​ភេសជ្ជៈក្តៅៗនៅក្នុង​ហាង។ នោះ​ព្រោះតែ​ពួកគេ​ជឿថាការទុកឱ្យក្មេងៗបាន​ប្រឈម​នឹង​ភាព​រងា​ញ័រញាក់​នឹង​ជួយ​ឱ្យ​រាងកាយ​របស់ក្មេងៗរឹងមាំ គ្មាន​រោគ​ភ័យ​មក​បៀតបៀន។

    3 . ម្តាយ​ជនជាតិ​គែន​យ៉ា​មិន​សម្លឹង​ភ្នែកកូនៗរបស់​ពួកគេ​ទេ

    អ្នក​ម្តាយ​ជនជាតិ Kisii ក្នុងប្រទេស​គែន​យ៉ា​មាន​ជំនឿ​មួយ​ដែល​ហាក់ដូចជា​ប្លែក​ចម្លែក​ណាស់ ព្រោះ​ទោះជា​ពួកគេ​ចង់​មាន​ចំណែក​រួមគ្នា(ប្រឡែង​លេង)ជាមួយ​កូន​ខ្លាំង​ប៉ុនណា​ក៏ដោយ តែ​ក៏​ពួកគេ​មិន​សម្លឹងមើល​ភ្នែកកូនៗដែរ វា​ជា​វិធី​មួយ​ដែល​អ្នក​ម្តាយ​ទាំងនោះ​បង្ហាត់​ក្មេង​មិនឱ្យ​ចេះ​ទាមទារ​ចំណាប់អារម្មណ៍​ពី​ម្តាយ​ខ្លាំង​ជ្រុល​ពេក​ហ្នឹងឯង។

    4 . ឪពុកម្តាយ​ជនជាតិ​វៀតណាម​នឹង​បង្ហាត់​កូន​ឱ្យ​នោម​ដោយ​សំឡេង…

    គ្រប់​ពេលដែលក្មេងៗជាតិ​វៀតណាម​បញ្ចេញ​អាកា​រថា ចង់​នោម ម្តាយ​របស់​ក្មេង​ទាំងនោះ​នឹង​ជួយ​ធ្វើជា​សំឡេង​ឱ្យក្មេងៗឆាប់​នោម​ចេញមក មាន​អារម្មណ៍​ថា ស្រដៀងៗនឹង​ឪពុកម្តាយ​ជាតិខ្មែរ​យើង​ដែរ ដោយ​បញ្ចេញ​សំឡេង “ស៊ូ…” បង្អូសវែងៗ គឺ​ដើម្បីឱ្យក្មេងៗរៀន​យល់ដឹង​តាមរយៈ​សំឡេង​នេះ និង​អាច​ចេះ​ចូល​បន្ទប់ទឹក​ដោយ​ខ្លួនឯងបាន។

    5 . ឪពុកម្តាយ​ជនជាតិ ម៉ា​យ៉ា ផ្ងូត​ទឹក​ទារក​ក្នុង​ទឹក​ត្រជាក់

    ក្មេង​ក្នុង​វ័យ​ហាត់​ដើរ​របស់​ជនជាតិ​ម៉ា​យ៉ា​តែងតែ​បានទទួល​ភាពស្រស់ថ្លា​ដោយ​ការ​ងូតទឹក​ត្រជាក់​ពី​ឪពុកម្តាយ​មុនពេល​គេង។ ពួកគេ​ធ្វើបែបនេះ​គឺ​ដើម្បី​នឹង​ការពារក្មេងៗពី​កម្តៅ​របស់​ពន្លឺ​ថ្ងៃ និង​ធ្វើឱ្យក្មេងៗមាន​សុខភាព​រឹងមាំ​ល្អ។

    6 . ក្មេងៗជនជាតិ​ហ្វាំ​ង​ឡង់ គេង​ក្នុង​ឡាំង​ក្រដាស់រឹងៗ

    ជា​វប្បធម៌​ពី​បុរាណ​ដែល​ធ្វើឱ្យ​អ្នក​ម្តាយ​ជនជាតិ​ហ្វាំ​ង​ឡង់​មួយចំនួន​នៅតែ​ដាក់ឱ្យ​កូន​គេង​លក់​នៅក្នុង​ឡាំង​ក្រដាស់​ដែល​ប្រកបដោយ​ពូកស្តើងៗ និង​ឧបករណ៍ផ្សេងៗ ដែល​ឡាំង​ក្រដាស​មួយ​នេះ​អាច​រាប់បាន​ថា​ជា គ្រែ​ដំបូង​គេ​របស់​ទារក​ទើបនឹង​កើត។

    7 . ក្មេង​ជប៉ុន​ញ៉ាំ​គ្រប់យ៉ាង តែ​មិន​ធាត់

    ឪពុកម្តាយ​ជនជាតិ​ជប៉ុន ឬ​នៅក្នុង​កន្លែង​លក់​អាហារ​របស់​សាលារៀន​នឹង​ផ្តល់​ភាព​សំខាន់​ទៅលើ​ភោជនាហារ​របស់​ក្មេង​ក្នុងមួយពេលៗ ដោយ​ការឱ្យ​ញ៉ាំ​បន្លែ​ផ្លែឈើ​ជា​ចម្បង រួមទាំង​អាហារ​ដែលមាន​សារធាតុ​អាហារ​ខ្ពស់​ទៀតផង។ ទាំងអស់​ហ្នឹងហើយ ជាហេតុ​ផល​មួយ​ដែល​យើង​ច្រើនតែ​មិនសូវ​បានឃើញ​ក្មេង​ជប៉ុន​ធាត់​ខ្លាំង​ដូច​ក្មេង​ក្នុងប្រទេស​ដទៃទៀត​នោះ។

    8 . ក្មេងៗជនជាតិ​ដា​ណឺ​ម៉ាក​នឹង​ព្យួរ​ច​ន្ត​ង់​ដោះ​ជ័រ​ទុក​នៅលើ​ដើមឈើ

    ក្នុងប្រទេស​ដា​ណឺ​ម៉ាក ពេលដែលក្មេងៗអាយុ​បាន​ប្រមាណ​ជា 3 ខួប ពួកគេ​នឹងត្រូវ​បញ្ឈប់​ទង្វើ​ការ​បៀម​ច​ន្ត​ង់​ដោះ​ជ័រ ដោយ​ឪពុកម្តាយ​នឹង​ឱ្យក្មេងៗយក​ច​ន្ត​ង់​ដោះ​ជ័រ​ទៅ​ព្យួរទុក​នៅលើ​មែកឈើ​នៃ​ដើមឈើ​ពិសេស​សម្រាប់​ក្មេង​តូច ដើម្បី​ជាការ​លាគ្នា​ជាមួយ​របស់​លេង​របស់​ពួកគេ​ហ្នឹងឯង។

    9 . ក្មេង​តូច​ជនជាតិ​អាល់​បា​នី ជ្រើសរើស​អនាគត​របស់​ពួកគេ​តាំងពី​នៅ​តេះតះ

    គឺជា​ផ្នែក​មួយ​នៃ​វប្បធម៌​ក្នុងប្រទេស​អាល់​បា​នី ដែល​អ្នក​ម្តាយ​នឹង​នាំយក​របស់​លេង​ប្រភេទផ្សេងៗជាច្រើន​មក​ដា​ក់នៅ​ពីមុខ​ក្មេង​តូច​ពេលដែល​ធ្មេញ​មួយ​គ្រាប់​ដំបូង​របស់គេ​ដុះ​ឡើងមក ដោយ​របស់​លេង​ដំបូង​គេ​ដែល​ក្មេង​តូច​ផ្តល់នូវ​ចំណាប់អារម្មណ៍ នឹង​ប្រៀបដូចជា​ការ​ទស្សន៍ទាយ​ពី​អាជីព​នាពេល​អនាគត​របស់​ពួកគេ​ដូច្នោះ​ដែរ ដូចជា បើ​ក្មេង​ជ្រើសរើស​យកលុយ នោះ​អាច​មានន័យ​ពី​ការ​ធំ​ឡើង គេ​ក្លាយ​នឹង​ជា​ប្រធាន​ធនាគារ  ជ្រើស​រើសយក​កាំបិត​ជ័រ​ក្មេង​លេង​អាច​មានន័យថា ធំ​ឡើង​នឹង​ក្លាយជា​គ្រូពេទ្យ​វះកាត់ ជាដើម។ល។

    10 . ក្មេង​ថៃ និង​ក្មេង​ខ្មែរ​យើង នៅពេល​ធ្មេញទឹកដោះ​របូត​ជ្រុះ ត្រូវ​យកទៅ​កប់​ដី ឬ​បោះ​ទៅលើ​ដំបូលផ្ទះ

    ជឿថា​មនុស្ស​ជាច្រើន​ប្រហែលជា​ធ្លាប់​ឆ្លងកាត់​បទពិសោធ​បែបនេះ​រួចមកហើយ ដោយ​ជំនឿ​របស់​មនុស្ស​ចាស់​ដែល​ជឿ​ត​គ្នា​មក​តាំងពី​បុរាណ​គឺ នៅពេល​ក្មេង​មាន​ធ្មេញទឹកដោះ​របូត​ជ្រុះ ហាម​បោះចោល​ផ្តេសផ្តាស។ បើ​ធ្មេញ​ក្រោម​របូត ឱ្យ​បោះ​ឡើងទៅ​លើដំបូល​ផ្ទះ បើ​ធ្មេញ​លើ​ជ្រុះ ឱ្យ​បោះ​ចូលទៅ​ក្រោមផ្ទះ ទាំងអស់នេះ​គឺ​ដើម្បីឱ្យ​ធ្មេញ​ពិតប្រាកដ​ដែល​ដុះ​ចេញមក​ថ្មី​នឹងមិន​ចំ​ពើ​ស ឬ​វៀចឬ​ឱ្យ​ឆាប់​ដុះ​លឿន​ឡើង​ហ្នឹងឯង៕

  • ពី​បាត​ដៃទទេ​ក្លាយជា​សេដ្ឋី​ដោយសារ 5 ដំបូន្មាន​របស់​ជនជាតិ​ចិន…​

    ពី​បាត​ដៃទទេ​ក្លាយជា​សេដ្ឋី​ដោយសារ 5 ដំបូន្មាន​របស់​ជនជាតិ​ចិន…​

    5ដំបូន្មាន​ដែល​ជនជាតិ​ចិន​ប្រដៅ​កូនចៅតៗគ្នា​មក…ពី​មានតែ​កន្ទេល​មួយ​ខ្នើយ​មួយ​ក្លាយជា​សេដ្ឋី «កតញ្ញូ ស៊ូទ្រាំ ស្មោះត្រង់ សន្សំ និង​ឧស្សាហ៍» ទើប​ធ្វើឱ្យ​កសាង​ធុរកិច្ច​ឡើង​បាន​ពី​បាតដៃ​ទទេ​ដែល​មានតែ​កន្ទេល​មួយ​ខ្នើយ​មួយ និង​ថែមទាំង​មានការ​ប្រៀនប្រដៅ​ប្រាប់​ពី​ចំណុច​ហាម​មិនគួរ​និយាយ 5 ម៉ាត់​ដូចខាងក្រោម​ទៀតផង។

    1/ “ពិបាក”
    ពេល​និយាយ​ពាក្យ​ថា ពិបាក វា​នឹង​ក្លាយជា​ការរារាំង​សមត្ថភាព​របស់​ខ្លួនឯង​ភ្លាម​តែម្តង។

    2/ “ធ្វើ​មិនកើត”
    ពេល​និយាយ​ពាក្យ​នេះ វា​នឹង​ក្លាយជា​ការបណ្តេញ​ខ្លួនឯង​ចេញពី​អ្វីដែល​កំពុង​ធ្វើ ឬ​រារាំង​ការរៀន​យល់ដឹង។

    3/ “អស់សង្ឃឹម”
    ព្រោះតែ​ពាក្យ​មួយ​ម៉ាត់​នេះ​ផុស​ឡើង​នៅក្នុង​ចិត្ត ថាមពល​ទាំងមូល ទូទាំង​រាងកាយ និង​ផ្លូវ​ចិត្តនឹង​ធ្លាក់ចុះ​បាត់អស់។

    4/ “ខ្ជិល”
    មិនគួរ​សូម្បីតែ​និយាយ​លេង ព្រោះ​នឹងធ្វើ​ឱ្យ​កើត​ភាពមិន​ទទួលខុសត្រូវ។

    5/ “ហត់នឿយ”
    ពេល​និយាយ​ពាក្យ​នេះ​ចេញមក រាងកាយ​នឹង​ឆ្លើយតប​ដោយ​ការ​ទន់ជ្រាយ​ភ្លាម​តែម្តង។

    ទាំងអស់នេះ​គឺជា​គោល​ចិត្ត​វិទ្យា​ដែល​ត្រឹមត្រូវ​ខ្លាំង​បំផុត​សម្រាប់​មនុស្ស​យើង​គ្រប់គ្នា និង​ត្រូវ​ជាមួយ​គោល​ធម៌​ព្រះពុទ្ធសាសនា​ដែល​បាន​ពោលថា «ចិត្ត​គឺ​ចៅហ្វាយ…រាងកាយ​គឺ​កូនឈ្នួល» ទៀតផង៕

  • វិធីសាស្ត្រ​ចងចាំ​អត្ថន័យ​ដើម្បី​ការពារ​កិច្ចការ​ស្រាវជ្រាវ​ឱ្យបាន​ល្អ

    វិធីសាស្ត្រ​ចងចាំ​អត្ថន័យ​ដើម្បី​ការពារ​កិច្ចការ​ស្រាវជ្រាវ​ឱ្យបាន​ល្អ

    ការធ្វើ​បទ​បង្ហាញ​លើ​កិច្ចការ​ស្រាវជ្រាវ (assignment or project) ឬ​ការពារ​សារ​ណា​ជា​ចំណុចរសើប​មួយ​ដែល​សិស្ស និស្សិត និង​អ្នកធ្វើការ​គ្រប់គ្នា​ចាប់អារម្មណ៍ ព្រោះថា​វា​ជា​ដំណាក់កាល​បញ្ចប់​នៃ​កិច្ចការ​សំខាន់​របស់​ពួកគេ។ នៅពេល​ការពារ​កិច្ចការ​ស្រាវជ្រាវម្តងៗ បេក្ខជន​ស្ទើរ​គ្រប់រូប​តែងតែ​ជួបប្រទះ​បញ្ហា​ភ័យខ្លាច ព្រោះ​ពួកគេ​មិនអាច​ចងចាំ​នូវ​ខ្លឹមសារ​នៃ​អត្ថបទ​ស្រាវជ្រាវ​បានល្អ។

    ខាងក្រោម​នេះ​ជា​គន្លឹះ​មួយចំនួន​ដើម្បី​ធ្វើឱ្យ​អ្នកមាន​ការចងចាំ​បាន​ល្អ​លើ​ខ្លឹមសារ​នៃ​កិច្ចការ​ស្រាវជ្រាវ ដែល​អាចធ្វើឱ្យ​អ្នក​អាចធ្វើ​បទ​បង្ហាញ​ប្រកបដោយ​ភាពក្លាហាន និង​មាន​ទំនុកចិត្ត​ខ្ពស់។

    1. អាន​ឱ្យបាន​ច្រើនសា

    ជាទូទៅ​អ្នក​ប្រាកដជា​អស់សំណើច​នៅពេលដែល​ឃើញ​ពាក្យ​ថា​អាន​ឱ្យ​ច្រើនសា អាចធ្វើឱ្យ​អ្នក​ចងចាំ​បានល្អ ព្រោះ​វា​ជា​រឿង​ដែល​គ្រប់គ្នា​សុទ្ធតែ​ដឹង។ តាមពិត​ការអាន​ឱ្យបាន​ច្រើនសា​ជា​រឿង​មួយ​ល្អ​បំផុត ដែល​គ្រប់គ្នា​សុទ្ធតែ​ដឹង តែ​មិន​ព្រមធ្វើ ម្យ៉ាងវិញទៀត អ្នកសិក្សា​ភាគច្រើន​ក៏​នៅ​មិនទាន់​យល់​ពី​វិធី​អាន​មុននឹង​ការពារ​កិច្ចការ​ស្រាវជ្រាវ​នោះដែរ។

    វិធីសាស្ត្រ​ល្អ​បំផុត​សម្រាប់​អ្នក​គឺ អាន​ជា​ដំណាក់កាល គឺ​អានត្រួសៗ អាន​លម្អិត និង​អាន​ដើម្បី​ចោទ​ជា​សំណួរ។ ជា​ដំណាក់កាល​ដំបូង អ្នក​អាច​អានត្រួសៗ ដោយ​មើល​លើ​ចំណងជើង និង​អត្ថន័យសំខាន់ៗដើម្បី​រំឭក​ឡើងវិញ​នូវ​អ្វីដែល​អ្នក​បាន​ស្រាវជ្រាវ។ បន្ទាប់មក​អ្នក​អាច​សាកល្បង​អាន​សាជាថ្មី​តាំងពីដើម​រហូតដល់​ចប់ ព្រោះ​កិច្ចការ​ស្រាវជ្រាវ​ជាទូទៅ​មិន​វែង​លើស 30 ទំព័រ​នោះទេ ហេតុនេះ​ការអាន​ទាំងស្រុង​អាចធ្វើឱ្យ​អ្នក​ចងចាំបាន​ល្អ និង​អាចធ្វើឱ្យ​អ្នកមាន​ទំនុកចិត្ត​ថែម​ទៀតផង។ ចុងក្រោយ អ្នក​ត្រូវ​អាន​លើ​ចំណុចសំខាន់ៗដែល​អ្នក​គិតថា​មិនទាន់​ច្បាស់ ហើយ​សាកល្បង​បង្កើតជា​សំណួរ​ដើម្បី​ឆ្លើយ​ដោយ​ខ្លួនឯង។ ក្រោយពេល​បញ្ចប់​ដំណាក់កាល​នេះហើយ អ្នក​នឹងមាន​អារម្មណ៍​ថា​កក់ក្តៅ ហើយ​មិនសូវ​ខ្លាច​ការធ្វើ​បទ​បង្ហាញ​នោះទេ។

    2. បង្កើត​ការ​កត់ចំណាំ​ជា​ប្រព័ន្ធ (mind maps)

    ការបង្កើត mind maps ជា​ចំណុច​ពេញនិយម​បំផុត​សម្រាប់​អ្នក​ដែល​ត្រូវធ្វើ​បទ​បង្ហាញ​ជាទូទៅ ព្រោះ​វា​គំនូស​ដែល​អាច​កត់ចំណាំ​គ្រោងសំខាន់ៗនៃ​សាច់រឿង​បាន​ច្រើន​លើ​ក្រដាស​ដ៏​តូច។ នៅពេលដែល​អ្នក​បាន​អាន​ឯកសារ​ស្រាវជ្រាវ​រួចហើយ អ្នក​អាច​នឹង​មិនទាន់​ទុកចិត្ត​ទាំងស្រុង​នៅឡើយ​ចំពោះ​សមត្ថភាព​នៃ​ការចងចាំ​របស់​ខួរក្បាល​លើ​ចំណុច​លម្អិតតូចៗដែល​នឹងត្រូវ​លើក​យកមក​បង្ហាញជូន​គណកម្មការ ឬ​សាស្ត្រាចារ្យ ហេតុនេះ​អ្នក​អាច​កត់

    ចំណុចធំៗដែល​ពាក់ព័ន្ធ​នឹង​ជំពូកនីមួយៗនៅក្នុង​ក្រដាស​តូច​មួយ​ជា​លក្ខណៈ mind maps បន្ទាប់មក​ពង្រីក​វា​ទៅកាន់​ចំណុច​ដែល​កាន់តែ​តូច​ល្អិត។

    ក្រោយពេល​មាន Mind Maps ហើយ​អ្នក​អាច​កាន់​កូន​ក្រដាស​តូច​មួយ​ធ្វើ​បទ​បង្ហាញ​ដោយ​ទំនុកចិត្ត ព្រោះ​អ្នក​មិនចាំបាច់​ត្រូវ​ពិបាក​រក​នឹក​លើ​ចំណុច​ទាំង​អស់នៃ​មេរៀន​នោះទេ អ្នក​គ្រាន់តែ​ក្រឡេក​ភ្នែក​មើលទៅ​ចំណុចសំខាន់ៗ អ្នក​អាច​និយាយ​ដោយ​ក្តី​ក្លាហាន​នូវ​ចំណុច​លម្អិត​ដែល​អ្នក​ចង់​ពន្យល់​ដល់​អ្នក​ស្តាប់​ជាការ​ស្រេច។ នៅពេលនោះ​អ្នកនឹង​អាចធ្វើ​បទ​បង្ហាញ​ដោយ​ភាពរស់រវើក មិនមែន​រដាក់រដុប​ដូច​ការ​ទន្ទេញ​នោះទេ។

    3. ស្តាប់​មិត្ត​រួម​ក្រុម​និយាយ និង​បែក​ចែក​តួនាទី​ឱ្យបាន​ច្បាស់​មុន​ធ្វើ​បទ​បង្ហាញ

    ចំណុច​ចន្លោះប្រហោង​ភាគច្រើន​របស់​អ្នកការពារ​ឯកសារ​ស្រាវជ្រាវ គឺ​មិន​សហការ​ក្រុម​បានល្អ ព្រោះ​សមាជិកម្នាក់ៗយកចិត្តទុកដាក់​តែ​លើ​ចំណុច​ដែល​ខ្លួន​ត្រូវ​បង្ហាញ​តែប៉ុណ្ណោះ។ បញ្ហា​នេះ បានធ្វើឱ្យ​ក្រុម​មួយ​នោះ​មិនអាច​ធ្វើ​បទ​បង្ហាញ​បាន​ដោយ​រលូន​នោះទេ ព្រោះ​សមាជិកម្នាក់ៗមិន​យល់​ន័យ​រួម ហើយ​ងាយ​នឹង​ទាល់គំនិត​នៅពេល​ដែលមាន​សំណួរ​ស៊ីជម្រៅ​ចោទសួរ​ឡើង។

    ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សមាជិកម្នាក់ៗគួរ​ព្យាយាម​ស្វែងយល់​ពី​គ្រប់ផ្នែក​ទាំងអស់ តាមរយៈ​ការអាន និង​ការ​ស្តាប់​សមាជិក​ក្រុម​ដទៃទៀត​ធ្វើ​បទ​បង្ហាញ។ មនុស្ស​មួយចំនួន​ចូលចិត្ត​ស្តាប់​ជាង​ចូលចិត្ត​អាន ហេតុនេះ​ការ​ស្តាប់​សមាជិក​ក្រុម​ផ្សេងទៀត​បង្ហាញ និង​ពន្យល់​ពី​ផ្នែក​របស់​ពួកគេ អ្នក​អាច​នឹង​យល់​ន័យ​កាន់តែ​ប្រសើរ ហើយ​ងាយ​ទាញ​ផ្នែក​របស់​អ្នក​ទៅ​ភ្ជាប់​នឹង​ផ្នែកសំខាន់ៗដទៃទៀត​ក្នុង​ឯកសារ​ស្រាវជ្រាវ​ទាំងមូល៕

  • តោះ! នាំគ្នា​បង្កើត​ទម្លាប់​ឱ្យ​កូន​ស្រឡាញ់​ការអាន…​

    តោះ! នាំគ្នា​បង្កើត​ទម្លាប់​ឱ្យ​កូន​ស្រឡាញ់​ការអាន…​

    ការបង្ហាត់​កូន​ឱ្យមាន​និស្ស័យ​ស្រឡាញ់​ការអាន​សៀវភៅ លោកឪពុក​អ្នក​ម្តាយ​មួយចំនួន​ប្រហែលជា​អាច​នឹង​គិតថា ជា​រឿង​ដែល​ពិបាក​នឹងធ្វើ​បាន​ណាស់ រឹតតែ​សម័យនេះ​មាន​វត្ថុ​ជន្ល​ចិត្ត បង្អួត​ភ្នែកផ្សេងៗសម្រាប់​កូនតូច​ច្រើន​មែនទែន ដូចជា ទូរទស្សន៍ ហ្គេម​កុំព្យូទ័រ អៃ​ភែ​ដ ឬ​ការចេញ​ទៅលេង​ក្រៅ​ផ្ទះ​ទៀតផង​នោះ ទើប​ការអាន​សៀវភៅ​ក្លាយជា​រឿង​មួយ​ដែល​មិនសូវ​គួរឱ្យ​ចាប់អារម្មណ៍​ប៉ុន្មាន​ឡើយ​សម្រាប់​ក្មេង។ អ្វីដែល​រៀបរាប់​មក​ខាងលើ មិនមែនជា​រឿង​មិនល្អ​នោះទេ អាច​រាប់បាន​ថា​ជា​រឿង​ល្អ​ម្នាក់​មួយបែប តែ​យ៉ាងណាក៏ដោយ​លោកឪពុក​អ្នក​ម្តាយ​គួរតែ​បង្ហាត់​កូនតូច​ឱ្យ​ស្រឡាញ់​ចូលចិត្ត​ការអាន​សៀវភៅ ព្រោះ​ការអាន​សៀវភៅ​នឹងធ្វើ​ឱ្យ​កូន​មាន​សមាធិ​ខ្ពស់ ព្រោះ​នៅពេល​កូន​អាន​ហើយ កូន​នឹងត្រូវ​នាំយកមក​ហាត់​រិះគិត​ទៀតផង​ថា អ្វីដែល​អាន​ហើយ​នោះ​មានន័យ​យ៉ាងណា សៀវភៅ​ដែល​កំពុង​អាន​ត្រូវការ​ប្រាប់​យើង​ពីអ្វី?

    វិធី​បង្ហាត់​ឱ្យ​កូន​ចូលចិត្ត​អាន​សៀវភៅ​មាន​ច្រើន​វិធី ឡា​រ៉ែ​ន នឹង​លើក​ឧទាហរណ៍​មក​ជម្រាបជូន​ដូចតទៅ៖

    1,អាន​សៀវភៅ​ឱ្យ​កូន​ឃើញ​ញឹកញាប់ កូន​នឹង​ធ្វើតាម និង​ចង់​ធ្វើការ​ងារ​នោះ​រួមគ្នា​ជាមួយ​ឪពុកម្តាយ។

    2,សាកល្បង​សង្កេត​មើលថា តើ​កូន​ចូលចិត្ត​សៀវភៅ​បែបណា ចូរ​រក​សៀវភៅ​បែប​ដែល​កូនចាប់​អារម្មណ៍​មកឱ្យ​អាន។

    3,ឱ្យ​កូន​អាន​សៀវភៅ​ឱ្យបាន​ច្រើន​ប្រភេទ ដូចជា សៀវភៅ​រឿងនិទាន កីឡា តន្ត្រី និង​ទស្សនា​វ​ដ្តី ឬ​សារព័ត៌មាន​ជាដើម។

    4,ឱ្យ​កូន​អាន​សៀវភៅ​ឱ្យស្តាប់ ហើយ​សឹម​បង្រៀន​ពី​វិធី​គិតថា តើ​សៀវភៅ​ដែល​អាន​នោះ ផ្តល់​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​អ្វី?

    5,នាំ​កូន​ទៅ​បណ្ណាគារ ឬ​កន្លែង​លក់​សៀវភៅ ឱ្យ​កូន​បានជ្រើសរើស​សៀវភៅ​ដែល​ចូលចិត្ត​ដោយ​ខ្លួនឯង។

    6,ប្រើ​វិធី​ជន្ល​បញ្ឆោត បង្កើត​លក្ខខណ្ឌ​ជាមួយ​កូន ដូចជា បើ​កូន​ចង់​មើល​ភាពយន្ត​តុក្កតា1ម៉ោង ប៉ា(ឬ​ម៉ាក់)ឱ្យមើល តែ​ត្រូវ​ប្តូរ​គ្នា​ដោយ​កូន​ត្រូវ​អង្គុយ​អាន​សៀវភៅ​រយៈពេល1ម៉ោង​វិញ​ដូចគ្នា​ដែរ។

    7,ឱ្យ​រង្វាន់ អាចជា​វត្ថុ​អ្វីមួយ​ដែល​កូន​ចង់បាន និង​ដាក់​លក្ខខណ្ឌ​ជាមួយ​កូន​ថា ត្រូវតែ​អាន​សៀវភៅ​ឱ្យបាន​ប៉ុន្មាន​ក្បាល​ជាដើម។

    8,កុំ​បង្ខំ​ឱ្យ​កូន​អាន​សៀវភៅ ព្រោះ​នឹងធ្វើ​ឱ្យ​កូន​តតាំង និង​ក្លាយជា​រឿង​ដែល​គេ​មិន​ចង់​ធ្វើ​តែម្តង។

    9,រក​ពពួក​សៀវភៅ​រឿងនិទាន​ដែលមាន​រូបភាពស្អាតៗឱ្យ​កូន​បាន​មើល​តាំងពី​នៅតូចៗដើម្បីឱ្យ​កូន​ស៊ាំ​ធ្លាប់ និង​ចូលចិត្ត​អាន​សៀវភៅ​ដោយ​ឯកឯង។

    ឧទាហរណ៍​ដែល​រៀបរាប់​មក​ខាងលើ​អាច​នៅ​មិនទាន់​អស់​ទេ​ចំពោះ​វិធី​បង្ហាត់​កូន​ឱ្យ​ក្លាយជា​អ្នកអាន ព្រោះ​នៅមាន​ច្រើន​ទៀត​ក្នុងការ​បង្ហាត់​ឱ្យ​កូន​ចង់​អាន​សៀវភៅ​ដោយ​ខ្លួនឯង​នោះ។ ឪពុកម្តាយ​ត្រូវ​ចេះ​តាម​សង្កេតមើល​កូន​ខ្លួនឯង​ផង​ថា តើ​គេ​ចូលចិត្ត​អ្វី និង​មិន​ចូលចិត្ត​អ្វី​ដោយ​សាកល្បង​រិះរក​វិធី​ណា​ដែល​ចូលគ្នា​ជាមួយ​កូន ហើយ​បើ​បាន​អាន​សៀវភៅ​រួមជាមួយ​គ្នា ទាំង​ប៉ា ទាំង​ម៉ាក់​ផង​នោះ ពិតជា​កិច្ចការងារ​ដែល​សប្បាយ​រីករាយ និង​មាន​សេចក្តីសុខ​ខ្លាំងណាស់​សម្រាប់​កូន៕